• Tue. Mar 15th, 2022

ជាង 90 ម៉ឺន​ដុល្លារ​ឧកញ៉ា ឡេង ណាវ៉ាត្រា ជួយ​​​ធ្វើ​ផ្លូវ ជូន​​ដល់​ខេត្ត​កំពង់ស្ពឺ

356 Shares

ឧកញ៉ា​វ័យ​ក្មេង និង​ជា​ចាងហ្វាង​ផលិតកម្ម Galaxy Navatra ឡេង ណាវ៉ាត្រា ម្សិលមិញ​នេះ​បាន​សម្រេច​ប្រគល់​ជូន​រង្វាន់​មួយ​ដល់​ខេត្ត​កំពង់ស្ពឺ ក្រោយ​ពេល​ដែល​លោក​ទទួល​ថា លោក​មាន​បាន​មក​ដល់​ឥឡូវ​នេះ គឺ​ដោយ​សារ​ខេត្ត​ក្បែរ​រាជធានី​មួយ​នេះ។

ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​សម្រេច​ជូន​អំណោយ​ដោយ​កសាង​ផ្លូវ​បេតុង​មួយ​ខ្សែ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ស្ពឺ ដែល​ផ្លូវ​មាន​ប្រវែង ៣៣០០ ម៉ែត្រ ទទឹង ៨ម៉ែត្រ។ ផ្លូវ​មួយ​ខ្សែ​នេះ ស្ថិត​នៅ​ភូមិ​ក្រាំង​ទ្រា ឃុំ​ព្រះនិព្វាន ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ ដោយ​ចំណាយ​ទឹក​ប្រាក់​សរុប​ជាង 90 ម៉ឺន​ដុល្លារ​ក្នុង​ការ​សាងសង់។ ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បាន​បើក​សម្ពោធ​នា​ថ្ងៃ​ម្សិលមិញ ក្រោម​អធិបតីភាព​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ខេត្ត​កំពង់ស្ពឺ ឯកឧត្ដម វី សំណាង។

លោក យឹម តាស្រង់ ជា​នាយក​គ្រប់​គ្រង​ផលិតកម្ម Galaxy Navatra និង​ជា​មនុស្ស​ជំនិត​របស់​ឧកញ៉ា​វ័យ​ក្មេង បាន​បញ្ជាក់​ថា នេះ​ជា​អំណោយ​លើក​ទី​២​សម្រាប់​១ខែ​ចុង​ក្រោយ ដែល​ឧកញ៉ា​បាន​បរិច្ចាគ​ជួយ​សង្គម ដោយ​ខែ​មុន ក៏​ទើប​បាន​ជួយ​កសាង​ផ្លូវ​មួយ​ខ្សែ​ដែរ​នៅ​ច្រក​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មាន​ជ័យ ដោយ​ចំណាយ​ទឹក​ប្រាក់​ដល់​ទៅ​ជាង ៣លាន​ដុល្លារ​អាមេរិក​ឯណោះ។

ដោយ​ឡែក សម្រាប់​ខេត្ត​កំពង់​ស្ពឺ នេះ​គឺ​ជា​គម្រោង​ដំបូង​ដល់​ផ្ដល់​ជូន​ដោយ​ក្រុមហ៊ុន​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា ហើយ​ថា នេះ​ជា​សកម្មភាព​ចូល​រួម​សង្គម​ជា​រឿយ​ៗ​របស់​ក្រុមហ៊ុន Galaxy។ ប៉ុន្តែ​និយាយ​ដោយ​ឡែក​សម្រាប់​តែ​ខេត្ត​កំពង់ស្ពឺ គឺ​ជា​ការ​ដឹង​គុណ​មួយ​របស់​ឧកញ៉ា ដែល​បាន​រកស៊ី​មាន​បាន​រហូត​ទទួល​ងារ​ជា​ឧកញ៉ា កើត​ពី​ដី​ខេត្ត​មួយ​នេះ។

គេ​នៅ​ចាំ​បាន​ថា ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​ដើម​ឡើយ គឺ​ជា​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​នោះ បាន​ប្រមែ​ប្រមូល​ប្រាក់​សន្សំ បូក​រួម​ទាំង​ប្រាក់​ខ្ចី​ក្រុម​គ្រួសារ​ខ្លះ​ផង បាន​ទៅ​ទិញ​ដី​មួយ​កន្លែង​នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កំពង់​ស្ពឺ​តម្លៃ​ជាង ២ម៉ឺន​ដុល្លារ​អាមេរិក។ ពលករ ណាវ៉ាត្រា បាន​ទិញ​ដី​នោះ ខណៈ​ខ្លួន​នៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​នៅ​ឡើយ ហើយ​ក្រោយ​មក​ដី​នោះ ផ្ដើម​ត្រូវ​ប៉ាន់ ដោយ​លោក​បាន​លក់​ចេញ​វិញ​មាន​តម្លៃ​ជាង ១០ម៉ឺន​ដុល្លារ​អាមេរិក។បាន​លុយ​ចំណេញ​ពី​ការ​វិនិយោគ​ដី​ទី​១​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កំពង់ស្ពឺ លោក ណាវ៉ាត្រា បាន​យក​ទៅ​វិនិយោគ​បន្ត​លើ​ដី​កន្លែង​ផ្សេង​ទៀត​ក្នុង​ទឹក​ដី​ខេត្ត​កំពង់​ស្ពឺ​ដដែល និង​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​កណ្ដាល។ បន្ត​មក តំបន់​ទាំង​នោះ កាន់​តែ​មាន​សក្ដានុពល ហើយ​ដី​វិនិយោគ​នានា​របស់​ពលករ ណាវ៉ាត្រា រឹត​តែ​ត្រូវ​ប៉ាន់​បន្តបន្ទាប់ ធ្វើ​ឲ្យ​លោក កាន់​តែ​ផ្លាស់​ប្ដូរ​ជីវភាព​បន្តិច​ម្ដងៗ រហូត​ដល់​អាច​កសាង​ក្រុមហ៊ុន​ធំ​មួយ​ដាក់​ឈ្មោះ​លោក​ផ្ទាល់ គឺ​ក្រុមហ៊ុន Galaxy Navatra ដែល​គ្រប​ដណ្ដប់​ភាគ​ច្រើន​លើ​ជំនួញ​អចលនទ្រព្យ និង​សិល្បៈ។

ក្រៅ​ពី​នេះ ក្រុមហ៊ុន Galaxy Navatra ក៏​ទើប​វិនិយោគ​ផ្សារ​កសិផល​ធម្មជាតិ ណាវ៉ាត្រា ដើម្បី​ជួយ​រក​ទីផ្សារ​ឲ្យ​កសិករ​ខ្មែរ​កាល​ពី​ដើម​ឆ្នាំ​នេះ​ដែរ។ ក្រោយ​មាន​បាន លោក ឡេង ណាវ៉ាត្រា ក៏​បាន​ចូល​រួម​ជួយ​សង្គម​តាម​រយៈ​សកម្មភាព​សប្បុរសធម៌​ជា​ច្រើន ដូច​ជា​ជួយ​ផ្លូវ​ដល់​សហគមន៍ ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​ជា​ដើម ហើយ​សកម្មភាព​នេះ ក្រោយ​មក​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០១៩ លោក​ក៏​បាន​ព្រះ​មហាក្សត្រ​ព្រះរាជទាន​ងារ​ជា​ឧកញ៉ា តាម​ព្រះរាជក្រឹត្យ​មួយ​កាល​ពី​ថ្ងៃ​កាល​ពី​ថ្ងៃ​ទី០៦ ខែ កក្កដា ឆ្នាំ ២០១៨។

“ដោយ​សារ​តែ​បែប​នោះ ហើយ​ទើប ឧកញ៉ា គាត់​សម្រេច​ជួយ​កសាង​ផ្លូវ​បេតុង​មួយ​ខ្សែ​នៅ​ក្នុង​ភូមិ​ឃុំ​ហ្នឹង ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ និង​ជា​តប​ស្នង ដឹង​គុណ​ដែល​គាត់​រក​ស៊ី​មាន​បាន​កើត​ចេញ​ពី​ដី​នៅ​ហ្នឹង​(កំពង់​ស្ពឺ)ដែរ!”។ លោក យឹម តាស្រង់ ថ្លែង៕

ប្រភព៖Sabay

356 Shares
Copy link
Powered by Social Snap