• Mon. Mar 14th, 2022

ចៅហ្វាយ​ខេត្ត កំពង់ស្ពឺបង្ហាញ​ពីគម្រោង​សាងសង់ផ្លូវឡើងទៅ​រម្មណីយដ្ឋាន​ «ភ្នំខ្នងផ្សារ»

673 Shares

ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ របស់​អង្គភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិ​បាល​ លោក វ៉ី សំណាង បានអះអាងថា ខេត្តកំពង់ស្ពឺកំពុងសិក្សាដើម្បីធ្វើផ្លូវមួយសមរម្យ សម្រាប់​បង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ។

រម្មណីយដ្ឋាន «ភ្នំខ្នងផ្សារ» បាននិងកំពុងក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរ ពិសេសអ្នកដែលចូលចិត្តការដើរព្រៃ ដើម្បីទស្សនាទេសចរណ៍ដ៏ស្រស់ត្រកាល នៃសម្រស់ធម្មជាតិ។ ភ្នំខ្នងផ្សារ ជាតំបន់ «ឋានសួគ៌ធម្មជាតិមួយ» កប់ក្នុងព្រៃភ្នំដ៏ធំមួយ ដែលស្ថិតនៅក្នុងភូមិតាំងបំពុង តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ទម្រាំបានទៅដល់កន្លែងដែលភ្ញៀវទេសចរប្រាថ្នា គឺនៅលើភ្នំខ្នងផ្សារនោះ ពួកគាត់ត្រូវឆ្លងកាត់ឧបសគ្គជាច្រើន និងប្រើប្រាស់ពេលប្រហែល៤ ទៅ៥ម៉ោង។ ស្ថានភាពផ្លូវលំបាក បានក្លាយជាឧបសគ្គមួយសម្រាប់ភ្ញៀវទេសចរទាំងអស់នោះ ដោយតម្រូវឲ្យពួកគាត់ដើរដោយថ្មើរជើង។ បើទោះបីលំបាកបន្ដិចមែន ប៉ុន្ដែពួកគាត់នៅតែជម្នះឡើងទៅ ដើម្បីបានស្រូបយកខ្យល់បរិសុទ្ធនៅលើភ្នំ។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានទទួលស្គាល់នូវ​អ្វីដែលជាការលំបាក​របស់ភ្ញៀវទេសចរ ដែលចង់ទៅស្រស់ស្រូបយកទស្សនីយភាពធម្មជាតិ ដ៏ខៀវស្រងាត់ នៃ រម្មណីយ​ដ្ឋាន «ភ្នំខ្នងផ្សារ» នេះ។ លោក បានអះអាងថា ខេត្តកំពុងសិក្សាដើម្បីធ្វើផ្លូវមួយសមរម្យ សម្រាប់បង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ។

លោក វ៉ី សំណាង បានថ្លែងយ៉ាងដូច្នេះថា «សម្រាប់អាជ្ញាធរ គឺមានគំនិតក្នុងការជួយជ្រោមជ្រែង ដែលយើងកំពុងតែសិក្សាធ្វើយ៉ាងណា យើងធ្វើផ្លូវទៅកាន់ទីនោះ (ភ្នំខ្នងផ្សារ) ល្អប្រសើរ»។

ក្រៅពីគិតគូរដល់បញ្ហាផ្លូវសម្រាប់ធ្វើដំណើរឡើងទៅនោះ អភិបាលខេត្តកំពង់ស្ពឺ ក៏ប្រាប់​អំពី​ផែន​ការ​ធ្វើបន្ទប់ទឹក ឬបង្គន់អនាម័យ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវ​ទេសចប្រើប្រាស់ផងដែរ។ ពោលរហូតមកដល់ពេលនេះ រម្មណីយដ្ឋាន «ភ្នំខ្នងផ្សារ» មិនទាន់មានបន្ទប់ទឹក ឬ​បង្គន់​អនាម័យ​នៅ​ឡើយទេ ដែលនេះក៏ជាកង្វល់មួយសម្រាប់ភ្ញៀវទេសចរ ដែលទៅបោះតងសម្រាកនៅ​លើ​នោះ​ផង​ដែរ។

បន្ថែមពីនេះ លោក វ៉ី សំណាង បានធ្វើការប្ដេជ្ញាចិត្តផងដែរ នឹងធ្វើឲ្យរម្មណីយដ្ឋាន​ទេសចរណ៍​​ធម្មជាតិ​មួយនេះ ទៅជាកន្លែងដែលស្រស់ស្អាតដដែល ហើយប្រកបដោយអនាម័យ តាមរយៈនៃការធ្វើបន្ទប់ទឹកអនាម័យ។ លោកអភិបាលខេត្ត ក៏សូមអំពាវនាវដល់ភ្ញៀវទេសចរ ចូលរួមទុកដាក់សំរាមឲ្យបានត្រឹមត្រូវផងដែរ។

អភិបាលខេត្តកំពង់ស្ពឺរូបនេះ ក៏បានប្រាប់អំពីប្រវត្តិខ្លះទាក់ទងនឹង «ភ្នំខ្នងផ្សារ» ដែលតំបន់នេះមិនមែនទើបតែកើតនាពេលបច្ចុប្បន្នទេ ពោលតំបន់នេះ មានរាប់រយឆ្នាំមកហើយ។ តាមអ្វីដែលលោកធ្លាប់ស្រាវជ្រាវ គេបង្ហាញថា តំបន់នេះអតីតជាតំបន់ទឹកសមុទ្រ ខណៈទេសភាពដែលពណ៌ខៀវស្រងាត់នោះ គឺជាសំពៅ ហើយទួលមួយកន្លែងទៀត គឺជាស្រូវ លុះកកយូរៗបានក្លាយជាភ្នំតែម្ដង ដែលរំលេចដោយទេសភាពដ៏ស្រស់ត្រកាល៕

រូបថត ៖ ក្រុមបេះដូងអ្នកថតរូប

673 Shares
Copy link
Powered by Social Snap