• Tue. Mar 15th, 2022

Galaxy Navatra ប្រកាស​ ​អ្នក​និពន្ធ​មាន​ស្នាដៃ​ម្នាក់​ទៀត​ចូល​ផលិតកម្ម​របស់​ខ្លួន

2 Shares

ក្រោយ​ពី​អ្នក​និពន្ធ​បទ​ភ្លេង Tho Meet បាន​ចាក​ចេញ​ទៅ​ចូល​រួម​ជាមួយ​ផលិតកម្ម​ផ្សេង​ទើប​បាន​ប៉ុន្មាន​ថ្ងៃ​នេះ​មក នៅ​ម្សិលមិញ​នេះ ផលិតកម្ម Galaxy Navatra បាន​សម្រេច​នាំ​យក​អ្នក​និពន្ធ​បទ​ភ្លេង​ម្នាក់​ទៀត​មក​ចូល​រួម។

លោក យឹម តាស្រង់ នាយក​គ្រប់​គ្រង​ផលិតកម្ម​ខាង​លើ បាន​បញ្ចេញ​ពី​រឿង​នេះ នៅ​លើ​បណ្ដាញ​សង្គម​របស់​នា​ថ្ងៃ​ម្សិលមិញ ដោយ​ទទួល​បាន​សាទរ​ជា​ច្រើន​ពី​ប្រិយមិត្ត​អ្នក​គាំទ្រ​របស់​ផលិតកម្ម។ តា​ស្រង់ បញ្ជាក់​ថា អ្វី​ដែល​លោក​បាន និង​កំពុង​ធ្វើ គឺ​ចង់​លើក​ទឹក​ចិត្ត ក៏​ដូច​ជា​ផ្ដល់​ឱកាស​ដល់​អ្នក​និពន្ធ​វ័យ​ក្មេង និង​មាន​ស្នាដៃ ឲ្យ​មាន​ឱកាស​ទទួល​បាន​ភាព​រីក​ចម្រើន​បន្ថែម​ទៀត ទាំង​សមត្ថភាព​ផ្ទាល់​ខ្លួន កេរ្តិ៍ឈ្មោះ និង​ឈាន​ទៅ​ធ្វើ​ឲ្យ​រីក​ចម្រើន​ខាង​ផ្នែក​ជីវភាព​ផង។

“ចាប់​ផ្តើម​ឲ្យ​ឱកាស​អ្នក​ភ្លេង​ថ្មី​ទៀត​ហើយ ខ្ញុំ​តែង​តែ​ឲ្យ​ឱកាស​អ្នក​និពន្ធ​បទភ្លេង និង​រួម​សហការ​ក្នុង​ការ​ធ្វើ​ចម្រៀង​រួម​គ្នា​ជានិច្ច​នា​ពេល​កន្លង​មក!”។ តាស្រង់ បញ្ជាក់​ថា ទាំង​លោក និង​អ្នក​និពន្ធ សុទ្ធ​តែ​មាន​បទ​ពិសោធន៍​ដូច​គ្នា ដូច្នេះ​ហើយ ទាំង​សង្ខាង​អាច​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក នូវ​ចំណុច​ណា​ដែល​ទាំង​សង្ខាង​នៅ​ខ្វះ​ចន្លោះ។ លោក ថ្លែង​ដូច្នេះ​ថា “ពួក​គាត់​ព្រម​ទាំង​ខ្ញុំ​ក៏​មាន​បទ​ដែល​ទទួល​ជោគជ័យ​ដោយ​ការ​រួម​គ្នា​ផង​ដែរ ពួក​គាត់​ខ្វះ​ខ្ញុំ​ជួយ​បន្ថែម ខ្ញុំ​ខ្វះ​ក៏​បើក​ចិត្ត​ឱ្យ​ពួក​គាត់​ជួយ​បំពេញ នេះ​ជា​ជីវិត​ការងារ!”។

អ្នក​និពន្ធ​ចំណូល​ថ្មី​របស់ Galaxy រូប​នេះ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា ឃ្លាំង កុម្ភៈ ដែល​មាន​ស្នាដៃ​ជា​ច្រើន​នៅ​ផលិតកម្ម​ចាស់​របស់​ខ្លួន និង​នៅ​ខាង​ក្រៅ​ផលិតកម្ម។ តាម​លោក យឹម តា​ស្រង់ កុម្ភៈ គឺ​ជា​អតីត​អ្នក​និពន្ធ​របស់​ផលិតកម្ម​សាន់ដេ ហើយ​ចំពោះ​អ្វី​ដែល​ប្រិយមិត្ត​បាន​ឃើញ បាន​ដឹង​លឺ​ថា រូប​គេ​បាន​មក​ចូល​ជាមួយ Galaxy នា​ពេល​នេះ ក៏​ព្រោះ​តែ អ្នកនិពន្ធ​បទ​ភ្លេង​រូប​នេះ បាន​អនុវត្ត​ចប់​កិច្ចសន្យា​ការងារ​ជាមួយ​ផលិតកម្ម​ចាស់​ហើយ។

តាម​ការ​បង្ហើប ឃ្លាំង កុម្ភៈ បាន​ចុះ​កិច្ច​សន្យា​រយៈ​ពេល ៥ឆ្នាំ ជាមួយ​ផលិតកម្ម Galaxy Navatra រួច​រាល់​ហើយ។ យ៉ាង​ណា គេ​មិន​ទាន់​ដឹង​ថា កុម្ភៈ នឹង​បញ្ចេញ​ស្នាដៃ​ដំបូង​របស់​គេ​នៅ​ពេល​ណា​នៅ​ឡើយ។ បក​ទៅ​ស្នាដៃ​លេច​ធ្លោ​របស់ កុម្ភៈ​មុន​មក​ចូល​រួម​ជាមួយ​ផលិតកម្ម​របស់​ឧកញ៉ា​វ័យ​ក្មេង ឡេង ណាវ៉ាត្រា វិញ មាន​បទ “បេះដូង​ចេះ​ស្រវឹង!” របស់ នាង គន្ធា “អ្នក​ខាង​នេះ នឹក​អ្នក​ខាង​នោះ” និង​បទ “មនុស្ស​ដូច​ខ្ញុំ” របស់ តន់ ច័ន្ទ​សីម៉ា ជា​ដើម ដែល​សុទ្ធ​បទ​ផ្ទុះ​ខ្លាំង​នៅ​ក្នុង​ចង្កោម​យុវវ័យ៕
ប្រភព៖ Sabay

2 Shares
Copy link
Powered by Social Snap