• Tue. Mar 29th, 2022

លំដាប់​សេដ្ឋ​ហើយ! ត្រឹម​ប្រមាណ ៣ខែ​សោះ G-Devith និង បូព្រឹក្ស ទិញ​រថយន្ត​ស៊េរី High ដល់​ទៅ ៤គ្រឿង

46 Shares

គូ​សង្សារ​វ័យ​ក្មេង G-Devith និង​កញ្ញា ទេព បូព្រឹក្ស បាន​បង្ហាញ​ពី​ជីវិត​ហ៊ឺហា​កាន់​តែ​ខ្លាំង​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយ​ត្រឹម​រយៈ​ពេល​ប្រមាណ​ជាង ៣ខែ​សោះ ពួកគេ​បាន​ទិញ​រថយន្ត​ដល់​ទៅ ៤​គ្រឿង សុទ្ធ​ជា​ស៊េរី High។

នេះ​ជា​រឿង​កម្រ​មួយ​នៅ​ក្នុង​សង្គម​សិល្បៈ​ខ្មែរ។ ដំបូង​ឡើយ ភាគី​ខាង​ប្រុស គឺ​លោក ងួន ចាន់ដេវី ឬ G-Devith បាន​ធ្វើ​ឲ្យ​មាន​ភ្ញាក់​ផ្អើល​កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា ដោយ​ពេល​នោះ លោក​បាន​ទិញ​រថយន្ត​លំដាប់​អភិជន Roll Royce មួយ​គ្រឿង​ជូន​គូស្នេហ៍ ដើម្បី​អបអរ​ខួប​ពួក​គេ​បាន​ស្រឡាញ់​គ្នា​គម្រប់ ៤​ឆ្នាំ។ រថយន្ត​នេះ បើ​តាម​អ្នក​ជំនាញ​ខាង​រថយន្ត​បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា មាន​តម្លៃ​ខ្ទង់ ៣០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។

ដេវីដ ធ្វើ​រឿង មុន​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ដែល​លោក​នឹង​ត្រូវ​លា​គូស្នេហ៍​ទៅ​បួស​រយៈ​ពេល​ខ្លី។ ក្រោយ​មក​ទៀត បន្ទាប់​ពី​នោះ​មិន​ប៉ុន្មាន​ថ្ងៃ​ផង តារា​ប្រុស​រូប​នេះ ក៏​បាន​លេច​មុខ​ទៅ​ទិញ​រថយន្ត​ស៊េរី​ខ្ពស់​មួយ​គ្រឿង​ទៀត​ម៉ាក Tundra ពី​ហ្គារ៉ាស់​អ្នក​ស្គាល់​គ្នា​មួយ ក្នុង​ហេតុផល​ថា ពួក​គេ​ត្រូវ​ការ​រថយន្ត​ប្រភេទ​នេះ​សម្រាប់​ចុះ​ធ្វើ​ការងារ​តាម​ខេត្ត។ ងាក​តម្លៃ​របស់វា​វិញ ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា ខ្ទង់ ៣ម៉ឺន​ដុល្លារ​អាមេរិក។បន្ត​មក ដេវីដ ក៏​បាន​លា​អ្នក​រាល់​គ្នា​ទៅ​សាង​ផ្នួស​រយៈ​ពេល​ជាង ១ខែ​នៅ​ឯ​ខេត្ត​បាត់​ដំបង​ដែល​ស្រុក​កំណើត​បាត់​ទៅ។ ក្រោយ​ពី​គូស្នេហ៍​ចេញ​ទៅ​កោរ​សក់​បួស​សង​គុណ​ឪពុក​ម្ដាយ ដល់​វេន​ភាគី​ខាង​ស្រី​ម្ដង។ ទេព បូព្រឹក ត្រូវ​បាន​គេ​ឃើញ​ទិញ​រថយន្ត​ប្រណិត​មួយ​គ្រឿង​ម៉ាក KIA Canival បន្ថែម​ទៀត។ ប៉ុន្តែ​នាង​មិន​មែន​ទិញ​ទុក​ប្រើ​ខ្លួន​ឯង​នោះ​ទេ គឺ​ទិញ​ជូន​ប្អូន​ប្រុស​របស់​នាង ទុក​ជា​អំណោយ​ថ្ងៃ​ខួប​កំណើត។ ចំពោះ​តម្លៃ​មាន​ការ​ប៉ាន់​ប្រមាណ​ថា ខ្ទង់​ជាង ៤ម៉ឺន​ដុល្លារ​អាមេរិក។

មិន​ទាន់​អស់​នៅ​ឡើយ នៅ​ថ្មី​ៗ​នេះ​ទៀត តារា​ស្រី​បាន​ធ្វើ​រឿង​ភ្ញាក់​ផ្អើល​ធំ​មួយ ដោយ​នាង​បាន​ទិញ​រថយន្ត​ប្រណិត​មួយ​គ្រឿង​ម៉ាក Mercedes G63 មួយ​គ្រឿង​ជូន​ភាគី​ខាង​ប្រុស​បណ្ដូល​ស្នេហ៍​ថែម​ទៀត ទុក​ជា​ដំណោយ​ថ្ងៃ​ខួប​កំណើត​។ ងួន ចាន់ដេវីត បាន​បញ្ចេញ​រឿង​នេះ​នៅ​លើ​ទំព័រហ្វេសប៊ុក​របស់​ខ្លួន។ភ្ជាប់​ជាមួយ​រូប​មួយ​សន្លឹក​លោក អោន​សំពះ​អគុណ​គូស្នេហ៍ ដេវីដ បាន​សរសេរ​ថា៖ “ធ្លាប់​សន្យា​ហើយ​ថា នឹង​អោយ​ឥឡូវ​ទិញ​មែន ជីវិត​អើយ​អី​ក៏​សំណាង​ម្ល៉េះ ប្រពន្ធ​ស្អាត​ហើយ​ចិត្ត​ល្អ​ទៀត!”។

ដំណឹង​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ចូល​រួម​អបអរ ខណៈ​សាមី​ខ្លួន​តារា​ប្រុស ក៏​ញញឹម​បិទ​មាត់​មិន​ជិត ហើយ​នៅ​តែ​ពោល​សរសើរ​សំណាង​ខ្លួន​ឯង​ម្ដង​ហើយ​ម្ដង​ទៀត ដែល​បាន​ជួប​ប្រសព្វ​ជាមួយ​នារី​ម្នាក់​ស្រស់​ស្អាត​ហើយ មាន​សន្ដាន​ចិត្ត​ល្អ​ថែម​ទៀត។ការ​ទិញ​រថយន្ត​ជា​អំណោយ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ជា​រឿង​ថ្មី​មួយ​សម្រាប់ ដេវីដ និង បូព្រឹក្ស។ ប៉ុន្តែ​ទម្លាប់​ជូន​គ្នា​ទៅ​វិញ​ទៅ​មក​របស់​គូស្នេហ៍​វ័យ​ក្មេង​នេះ គឺ​កើត​មាន​រាប់​ឆ្នាំ​មក​ហើយ ពោល​គឺ​ពួក​គេ​រមែង​ទិញ​គ្រឿង​អលង្ការ និង​របស់​ប្រើ​ប្រាស់​ឲ្យ​គ្នា​ក្នុង​ឱកាស​ពិសេស​ណា​មួយ៕

ប្រភព៖Sabay

46 Shares
Copy link
Powered by Social Snap