• Fri. Apr 1st, 2022

ផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប គ្រោងបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែវិច្ឆិកា

477 Shares

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម ស៊ុន ចាន់ថុល បានចុះពិនិត្យគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប គ្រោងបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យអំពីវឌ្ឍនភាពការសាងសង់ ការឈូសឆាយផ្លូវ គ្រឿងចក្រ ទីតាំងដាក់ប្រព័ន្ធលូ មន្ទីរពិសោធន៍ក្នុងការស្ថាបនាផ្លូវ៣៨ខ្សែ បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ ព្រមទាំងមតិយោបល់ទាក់ទងនឹងការស្ថាបនានៃខ្សែផ្លូវទាំង ៣៨ខ្សែ ឱ្យប្រព្រឹត្តទៅដោយរលូន។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែនេះ នឹងត្រូវសាងសង់ឡើងដោយអង្គភាពចំនួនប្រាំមួយ បែងចែកជាកំណាត់ៗ ប្រកបដោយភាពបត់បែន និងច្នៃប្រឌិតខ្ពស់ ចាក់បេតុងកៅស៊ូសមស្របតាមទំហំចរាចរណ៍ និងការដឹកទំនិញធ្ងន់ ឬស្រាល ដោយផ្ដោតជាសំខាន់លើគុណភាព ប្រសិទ្ធភាព ជាមួយនឹងការបញ្ចប់គម្រោងឱ្យបានទាន់ពេលវេលាតាមការគ្រោងទុក។

លោកទេសរដ្ឋមន្រ្តី បានបន្ថែមថា៖ ក្រុមការងារក្រសួងនឹងធ្វើការចុះពិនិត្យតាមដានលើលក្ខណៈបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ នេះ ដើម្បីឱ្យអង្គភាពសាងសង់អនុវត្តតាមលក្ខខណ្ឌតម្រូវនៃស្តង់ដាបច្ចេកទេស ធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាល។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ ការសាងសង់ផ្លូវទាំង៣៨ខ្សែនេះ ត្រូវបានបែងចែកជាបួនប្រភេទ ក្នុងនោះ៖ ប្រភេទទីមួយចាក់បេតុងកម្រាស់ ២៥សង់ទីម៉ែត្រ ដូចជាផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូ(AC)ពីលើទេ ប្រភេទទីពីរចាក់បេតុងកម្រាស់ ២០សង់ទីម៉ែត្រ និងកន្លែងខ្លះកម្រាស់ ៧សង់ទីម៉ែត្រយោងទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន ប្រភេទទីបីជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុងហើយអ៊ុតកៅស៊ូបេតុងតែម្ដង និងប្រភេទទីបួន អ៊ុតកៅស៊ូបេតុងកម្រាស់ ១៥សង់ទីម៉ែត្រ ពីលើតែម្ដងដោយសារគ្រឹះផ្លូវនោះនៅមានភាពរឹងមាំស្រាប់ទៅហើយ។

សូមបញ្ជាក់ថា៖ ការចុះមកពិនិត្យការពង្រីកផ្លូវលេខ៦  ពីរាជដំណាក់ទៅរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ផ្លូវបត់ចូលព្រលានយន្តហោះ ពង្រីកជា ៦គន្លង ៣គន្លងទៅ ៣គន្លងមក ទ្រង់ផ្លូវ ២ម៉ែត្រ និងចិញ្ចើមផ្លូវ ៣ម៉ែត្រសងខាង ជាថវិកាកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី ប្រវែងជិត ៦គីឡូម៉ែត្រ ត្រូវបានស្ថាបនាឡើងវិញ ប្រើពេលសាងសង់រយៈមួយឆ្នាំ នេះជាដំណាក់កាលទី២ ចំពោះដំណាក់កាលទី១ ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ទៅស្រុកក្រឡាញ់ បានស្ថាបនារួចហើយក្រាលបេតុងកៅស៊ូ (AC) ឡើងវិញ និងដំណាក់កាលទី៣  ពីស្រុកក្រឡាញ់ ទៅក្រុងសិរីសោភណ្ឌ ប្រភេទបេតុងកៅស៊ូ (AC) បានចុះហត្ថលេខារួចហើយជាមួយក្រុមហ៊ុនសាងសង់។ ចំពោះកំណាត់ផ្លូវលេខ៦ ពីរាជដំណាក់ ទៅរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ នេះគ្រោងស្នើសុំសម្ដេចបើកការដ្ឋានជាមួយផ្លូវ ៣៨ខ្សែតែម្តង។

477 Shares
Copy link
Powered by Social Snap