• Mon. Mar 14th, 2022

សំណង់គ្មានគុណភាពជាង ១០កន្លែងត្រូវរុះរើ និងខុសបច្ចេកទេស ៧០ ត្រូវកែសម្រួល

128 Shares

ដើម្បីចៀសវាងនូវគ្រោះថ្នាក់ និងបន្ដការអភិវឌ្ឍប្រកបដោយសុវត្ថិភាព ប្រធានគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ និងអាជ្ញាធរខេត្តព្រះសីហនុ បានអញ្ជើញម្ចាស់ការដ្ឋានសំណង់សំណង់ដែលគ្មានគុណភាពចំនួន ១៤ទីតាំង មកជួបប្រជុំ អំពីបញ្ហាដ៏គ្រោះថ្នាក់នេះ ដែលមិនអាចទុកអត់បាន ត្រូវតែរុះរើចេញជាដាច់ខាត ដើម្បីចៀសវាងហានិភ័យកើតឡើង ហើយ ៧០ទីតាំងទៀត តម្រូវឲ្យកែសម្រួលឲ្យបានត្រឹមត្រូវតាមស្ដង់ដារលក្ខណៈបច្ចេកទេសសំណង់។

ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ នៅខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្រសួង និងរដ្ឋបាលខេត្តព្រះសីហនុ សំដែងការសោកស្តាយតែចំពោះការតម្រូវឲ្យរុះរើសំណង់មួយចំនួននេះ ប៉ុន្ដែដើម្បីកុំឲ្យមានគ្រោះថ្នាក់ទៀត ចាំបាច់ត្រូវតែរុះរើចេញជាបន្ទាន់។ ម្ចាស់សំណង់ មិនបាច់ដើររកអ្នកអន្តរាគមន៍ទប់ស្កាត់ទេ បើមិនព្រមរុះរើទេ អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់។ បន្ទាប់ពីបានរុះរើហើយ អាជ្ញាធរ និងមន្ត្រីជំនាញ នឹងជួយសម្រួលការគូរប្លង់ ពិនិត្យលក្ខណៈបច្ចេកទេស និងចេញលិខិតអនុញ្ញាតសាងសង់ឡើងវិញឲ្យបានឆាប់ដើម្បីជាការប៉ះប៉ូវនូវការខូចខាតនេះ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និយាយថា ក្រោមវត្តមានម្ចាស់សំណង់ និងម្ចាស់ទីតាំងជួលដីចំនួន ១៤ទីតាំង ដែលគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ បានពិនិត្យឃើញថាសំណង់ទាំងនេះ មិនមានគុណភាព ហើយអាចប្រឈមនឹងហានិភ័យដល់អ្នករស់នៅក្នុងនោះ និងប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅជុំវិញផងដែរ។ ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ និងហានិភ័យទាំងឡាយ ដែលកើតមានដោយសារសំណង់គ្មានគុណភាពនេះ អាជ្ញាធរសមត្ថកិច្ច តម្រូវឱ្យម្ចាស់ទីតាំងសំណង់ទាំងនោះ ត្រូវធ្វើការរុះរើចេញជាបន្ទាន់ និងមិនចាំបាច់រង់ចាំរកអន្តរាគមន៍ខាងនេះខាងនោះដើម្បីជួយទប់ស្កាត់នូវការរុះរើចេញនេះនោះទេ។ ក្នុងករណី ដែលម្ចាស់សំណង់ទាំងនេះមិនរុះរើចេញទេ រដ្ឋបាលខេត្តព្រះសីហនុថានឹងអនុវត្តទៅតាមនីតិវិធីច្បាប់។ អភិបាលខេត្តព្រះសីហនុ សង្ឃឹមថាម្ចាស់ទីតាំងទាំងនេះ នឹងធ្វើការរុះរើសំណង់របស់ខ្លួនចេញឲ្យបានលឿនបំផុត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ សំណង់ ដែលតម្រូវឲ្យរុះរើចេញវិញមានរហូតទៅដល់ ១៥ទីតាំងហើយ បូករួមទាំងសំណង់មានយិហោរផ្ទះនាគ នៅចំណុចរង្វង់មូលតោពីរផង។ ក្នុងនោះសំណង់បេតុងមាន២ និងសំណង់គ្រោងដែកមានចំនួន ១៣ទីតាំង។ នេះជាការបញ្ជាក់ពី លោក គាត សាវ័ន ប្រធានការិយាល័យសំណង់ នៃមន្ទីររៀបចំដែនដី នគរូបនីយ៍កម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ។

គួររំឭកផងដែរថា កាលពីវេលាម៉ោងជិត ៥ព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ឧប្បទ្ទវហេតុ នៃសំណង់អាគាររលំបាក់ ដែលជាកម្មសិទ្ធិរបស់ថៅកែជនជាតិចិន មានកម្ពស់ ៧ជាន់ មានបណ្តោយ ៣០ម៉ែត្រ និងទទឹង ១៥ម៉ែត្រ ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ វា បានរលំបាក់ទាំងស្រុង ហើយបានបង្កសោកនាដកម្មធ្វើឲ្យមានមនុស្សស្លាប់ និងរបួស ៥៤នាក់ (ស្លាប់ ២៨នាក់ និងរបួស ២៦នាក់)៕

128 Shares
Copy link
Powered by Social Snap