• Wed. Mar 16th, 2022

ឧត្តមសេនីយ៍៤៥ រូប សុខចិត្ត លះបង់​ងារជាឧកញ៉ា ខណៈ១៦ រូបទៀតលះបង់​តំណែង

18 Shares

នៅ​ក្នុងជួរ​ក្រសួងការពារជាតិមាន«​ឧកញ៉ា​» ​ចំនួន​ ៦១ នាក់ ក្នុងនោះមានចំនួន ៤៥ រូប សុខចិត្តលាលែងពីងារជាឧកញ៉ា កាន់តួនាទី​ការងារ​ជាឧត្តមសេនីយ៍ ខណៈ​១៦ រូបទៀត សុខចិត្តលាលែងការងាររដ្ឋយកងារជា «​ឧកញ៉ា​»វិញ ។ នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​។



មកដល់ថ្ងៃទី ៣ ខែកញ្ញានេះ អគ្គបញ្ជាការ​កងទ័ពបានប្រមូលទិន្នន័យ ឧត្តមសេនីយ៍ ឧកញ៉ារួចហើយនឹងធ្វើរបាយការណ៍ជូនថ្នាក់លើព្រមទាំងប្រមុខរាជរដ្ឋាភិបាល ក្នុង​នោះ​ឋានរន្តស័ក្ដិខ្ពស់ បំផុតត្រឹមឧត្តមសេនីយ៍ឯកផ្កាយបី ។

លោក ថោង សូលីម៉ូ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិបាន​អោយ​ដឹង​ថា៖ « ក្នុងអគ្គ បញ្ជាការមាន៤៥រូប គាត់បានលាលែងពីឧកញ៉ា មកកាន់តួនាទី​ការងារ​ជាឧត្តម សេនីយ៍ដដែល ហើយ ១៦រូបទៀត គាត់បានលាលែងចេញពីការងាររដ្ឋវិញ ។ ចំពោះ តួនាទីគឺមាន​ខ្ពស់​បំផុត ត្រឹមអគ្គនាយករងនៃអគ្គនាយកដ្ឋានទេ អត់មានដល់នាយ ឧត្តមសេនីយ៍ឡើយ» ។


យោងតាមអនុក្រឹត្យ ដែលចុះថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១៤ បានបង្ហាញថា ដើម្បី​ទទួល​បាន​គោរមងារ​ជា«ឧកញ៉ា» សប្បុរសជន​ត្រូវ​​ធ្វើ​អំណោយ​ជូន​រដ្ឋ ដែល​មាន​តម្លៃ​លើស​ពី​ ៥០ម៉ឺន​ដុល្លារ​អាមេរិក​ឡើង​ទៅ ខណៈដែលមុនថ្ងៃទី ២០ ខែ មីនាឆ្នាំ ២០១៤ តម្លៃបរិច្ចាគ របស់ងារជាឧកញ៉ាមានត្រឹមតែ ១០ ម៉ឺនដុល្លារប៉ុណ្ណោះ ។

ទោះ​បី​ជា​យ៉ាង​ណា ថ្មីៗ​នេះ​សម្តេច​តេជោ នាយករដ្ឋមន្ត្រីបាន​បញ្ជាក់​ នៅលើ​ទំព័រហ្វេសប៊ុក​របស់​សម្តេច​ថា រាជរដ្ឋាភិបាលកម្ពុជា ហាម​មិនឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​មាន​ដូចជា​ទា​ហាន , នគរបាល ​និង​ កងរាជ​អាវុធហត្ថ​មាន​ងារ​ជា «​ឧកញ៉ា​» តទៅ​ទៀត​ឡើយ ​ដែល​កន្លង​មក​មាន​មួយ​ចំនួន​បាន​យក​តួនាទី​ទាំង​នេះ ​ទៅ​ប្រកប​ការងារ​ផ្សេងៗ​ខុស​ច្បាប់ទៀត​ផង​៕

18 Shares
Copy link
Powered by Social Snap