• Tue. Mar 15th, 2022

ដើម្បី​ជួយសង្គ្រោះការ​រើប​ឡើងវិញ និង​ការកសាង​ភាព​ធន់​របស់​កម្ពុជា World Bank​ ផ្តល់ ២០០លានដុល្លារ

275 Shares

ក្រុមប្រឹក្សានាយក​ប្រតិបត្តិ​នៃ​ធនាគារពិភពលោក ធនាគារពិភពលោក World Bank​ បាន​អនុម័ត​កញ្ចប់​ឥណទាន​ដែលមាន​តម្លៃ​ ​២០០​លាន​ដុល្លារ​អាមេរិក ​របស់​សមាគមន៍​អភិវឌ្ឍន៍​អន្តរជាតិ (IDA) ដើម្បី​ជួយសង្គ្រោះការ​រើប​ឡើងវិញ និង​ការកសាង​ភាព​ធន់​របស់​កម្ពុជា ខណៈប្រទេសកម្ពុជាកំពុងប្រយុទ្ធទប់ទល់ជាមួយកូវីដ-១៩ នឹងចាប់ផ្តើមស្តារសេដ្ឋកិច្ចឡើងវិញ​។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភពលោក កាលពីថ្ងៃទី២៤ ខែមិថុនានេះ​បាន​ឲ្យ​ដឹង​ថា៖ គម្រោង​ទឹកប្រាក់ ២០០លានដុល្លារនេះ​នឹង​ជួយ​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​កូ​វីដ​១៩ តាមរយៈ​កិច្ច​អន្តរាគមន៍​សង្គ្រោះ​ទាន់ពេលវេលា និង​ចំ​គោលដៅ​សម្រាប់​ពលរដ្ឋ​ងាយ​រងគ្រោះ​, ការសម្រួល​ឲ្យ​សេដ្ឋកិច្ច​រើប​ឡើងវិញ​ដោយ​ស្វាហាប់​តាមរយៈ​ការកែទម្រង់​ជា​រចនាសម្ព័ន្ធ និង​ការ​កសាង​ភាព​ធន់​សម្រាប់​ទប់ទល់​ទៅ​នឹង​ស្ថានភាព​អង្រួន​ផ្នែក​សេដ្ឋកិច្ច​នា​ពេល​អនាគត​។

ប្រទេសកម្ពុជាកំពុងតែប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងសង្គម ដែលមិនធ្លាប់មាន​ចាប់តាំង​ពី​៣០​ឆ្នាំ ខណៈកំណើន​សេដ្ឋកិច្ច​ប្រទេសនេះ កាលពី​​ឆ្នាំ​២០២០ បានរួញទំហំអស់ ៣,១% ហើយពេលនេះ កម្ពុជា​កំពុងស្ថិតនៅ​កណ្តាល​ស្ថានភាពដ៏អាក្រក់នៃការឆ្លងវីរុសកូវីដ-១៩។

World Bank បញ្ជាក់ថា វិស័យ​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​រួមមាន ផ្នែក​កាត់ដេរ ទេសចរណ៍ និង​សំណង់ ហើយ​វិស័យ​ទាំងនេះ​សុទ្ធតែ​បានផ្តល់​ការងារ​ច្រើនជាងគេ​នៅ​កម្ពុជា ដែល​វា​បាន​បង្កើត​បន្ថែម​នូវ​បញ្ហា​ប្រឈម​សម្រាប់​ការស្តារ​សេដ្ឋកិច្ច​ឲ្យ​មាន​និរន្ត​ភាព​ឡើងវិញ​។

ប្រធាន​គ្រប់គ្រង​របស់​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា លោកស្រី អ៊ី​ន​ហ្គូ​ណា ដូ​ប្រា​ចា និយាយថា​៖ ច្បាស់​ណាស់ ប្រទេស​កម្ពុជា​ពិតជា​ត្រូវការ​ធនធាន​ដែល​អាច​យក​ទៅ​បញ្ចេញ​ឱ្យបាន​រហ័ស​សម្រាប់​ទ្រទ្រង់​ដល់​កម្មវិធី​គ្រប់​ជ្រុងជ្រោយ​មួយ​របស់​រដ្ឋាភិបាល ដើម្បី​ការពារ​ជនក្រីក្រ​បំផុត​ពី​ផល​ប៉ះទង្គិច​របស់​វិបត្តិ​នេះ និង​ដើម្បី​ជួយ​ដល់​កិច្ចប្រឹងប្រែង​ស្តារ​សេដ្ឋកិច្ច​និង​សង្គម​របស់​ប្រទេស​ឱ្យ​ងើប​ឡើងវិញ​។

គួររម្លឹកថា កាលពីថ្ងៃទី១៧ ខែមិថុនាកន្លងទៅ ធនាគារពិភពលោក ​បានឲ្យដឹងថាសេដ្ឋកិច្ចកម្ពុជា​កំពុងរើបឡើងវិញ​បន្តិចម្តងៗ ​ដោយមានការព្យាករណ៍​ទុកថា​ នឹងទទួលបានកំណើន​ជិត ៤% ក្នុងឆ្នាំ២០២១ ​ ​ ក៏ប៉ុន្តែកំណើននេះស្ថិតនៅក្នុងសភាពផុយស្រួយនៅឡើយដែរ មួយផ្នែកដោយសារតែវិធានការបិទខ្ទប់ត្រូវ​បាន​ដាក់​អនុវត្ត​ម្តងទៀត ដើម្បីទប់ស្កាត់ការរាលដាលនៃការឆ្លងវីរុសកូវីដ១៩៕

275 Shares
Copy link
Powered by Social Snap