• Wed. Mar 16th, 2022

សេដ្ឋី​មាន​បំផុត ១០ នាក់​នៅ​អាស៊ី ប្រទេស​ចិន​យក​ចង់អស់

49 Shares

បើ​ទោះបីជា​ស្ថិត​នៅ​កាលៈទេសៈ​លំបាក​មួយ​ក្ដី គឺ​ពិភពលោក​ទាំង​មូល​កំពុង​ជួប​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​ដែល​បណ្ដាល​មកពី​ជំងឺ​ COVID-19 ក៏​ចំនួន​មហាសេដ្ឋី​ទូទាំង​ពិភពលោក​នៅ​តែ​បន្ត​កើន​ឡើង​ឥត​ស្រាកស្រាន្ត​ ហើយ​ឆ្នាំ​នេះ​គឺ​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​មុន​ទៀត។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!

Jeff Bezos ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Amazon និង​ទើប​ធ្វើ​ដំណើរ​ជោគជ័យ​ទៅកាន់​លំហអាកាស​កាលពី​ថ្ងៃទី ២០ កក្កដា​ថ្មីៗនេះ នៅ​តែ​រក្សា​តំណែង​ជា​មហាសេដ្ឋី​មាន​បំផុត​ក្នុង​ពិភពលោក​ ដោយ​បច្ចុប្បន្ន​ទំហំ​ទ្រព្យសម្បត្តិ​របស់​លោក​គឺ​មាន​ប្រមាណ ២០៣ ពាន់​លាន​ដុល្លារ ខណៈ​កាលពី​ឆ្នាំទៅ​មាន​ត្រឹម ១៨៣ ពាន់​លាន​ដុល្លារ។

យ៉ាងណាមិញ សម្រាប់​អត្ថបទ​មួយ​នេះ ឧកញ៉ាញូវស៍​សូម​លើក​យក​នូវ​វត្តមាន​បុគ្គល​ ១០ រូប​មាន​ទ្រព្យ​ច្រើន​បំផុត​ប្រចាំ​ទ្វីបអាស៊ី​ ឲ្យ​ប្រិយមិត្ត​អ្នកអាន​ស្គាល់​ដូច​តទៅ៖

1/ Mukesh Ambani

បុគ្គល​ឈរ​នៅ​កំពូល​តារាង​រូប​នេះ គឺ​ជា​មហាសេដ្ឋី​ជនជាតិ​ឥណ្ឌា​ដែល​មាន​ទំហំ​ទ្រព្យសម្បត្តិ​ប្រមាណ ៨៤,៥ ពាន់​លាន​ដុល្លារ ហើយ​លោក​គឺជា​ម្ចាស់​ភាគហ៊ុន​ធំ​បំផុត​នៃ​ក្រុមហ៊ុន​ថាមពល​ និង​ទូរគមនាគមន៍​ Reliance Industries ដែល​ក្ដោបក្ដាប់​វិស័យ​ផ្សេងៗ​ដូចជា គីមី​ឥន្ធនៈ ​ប្រេង ឧស្ម័ន​ ទូរគមនាគមន៍​​ជាដើម។

បុរស​ខាងលើ​ចាយ​ពេល​ត្រឹម ១ ឆ្នាំ​ប៉ុណ្ណោះ ក្នុង​ការ​រំកិល​ខ្លួន​មក​កាន់​តំណែង​លេខ ១០ ក្នុង​បញ្ជី​មហាសេដ្ឋី​មាន​បំផុត​ទូទាំង​ពិភពលោក ខណៈ​កាលពី​ឆ្នាំទៅ​លោក​ជាប់​ក្នុង​បញ្ជី​មួយ​នេះ​ក្នុង​លេខរៀង​ទី ២១។

2/ Zhong Shanshan

បុរស​ដែល​មាន​រហស្សនាម​ថា “ស្ដេច​ទឹកបរិសុទ្ធ” Zhong Shanshan គឺ​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ Nongfu Spring គឺ​ជា​មហាសេដ្ឋី​មាន​បំផុត​ទី ២ ប្រចាំ​ទ្វីបអាស៊ី​ដោយ​លោក​មាន​ដើម​កំណើត​ជា​ជនជាតិ​ចិន។

នៅ​ឆ្នាំ ២០២០ បុរស​រូប​នេះ​មាន​ទំហំ​ទ្រព្យ​សម្បត្តិ​ប្រមាណ ២ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ តែ ១ ឆ្នាំ​បន្ទាប់​វា​កើនឡើង​រហូត​ដល់ ៦៨,៩​ពាន់​លាន​ដុល្លារ​ដែល​ធ្វើ​លោក​រំកិល​ពី​លេខ​រៀង ១០៦៣ នៃ​តារាង​អ្នក​មាន​បំផុត​ក្នុង​ពិភពលោក​ មក​ត្រឹម​លេខ ១៣ វិញ​។

3/ Ma Huateng

មហាសេដ្ឋី​មាន​បំផុត​ទី ៣ គឺ​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​យក្ស Tencent Holdings ដែល​ជាប់​ឈ្មោះ​ជា​ក្រុមហ៊ុន​ធំ​បំផុត​ប្រចាំ​ប្រទេស​ បើ​ផ្អែក​តាម​មូលធន​ទីផ្សារ។

បុរស​រូប​នេះ​មាន​ដើម​កំណើត​ជា​ជនជាតិ​ចិន ដែល​មាន​ទំហំ​ទ្រព្យ​សម្បត្តិ​សរុប ៦៥,៨ ពាន់​លាន​ដុល្លារ។

4/ Colin Huang Zheng

ស្ថាបនិក​ក្រុមហ៊ុន Pinduoduo ដែល​ជា​ដៃគូ​ប្រជែង​ Alibaba គឺ​ជា​បុគ្គល​មាន​បំផុត​ទី ៤ ក្នុង​បញ្ជី និង​ជា​មហាសេដ្ឋី​មាន​បំផុត​ទី ៣ ប្រចាំ​ប្រទេស​ចិន។ មាន​ពាក្យ​មួយ​ឃ្លា​ដែល Colin ចំណាំ​និយាយ​គឺ “​ខ្ញុំ​ចាំបាច់​ត្រូវ​រៀន​សូត្រ​ពី​របៀបរបប​ និង​ការ​រៀបចំ​ខ្លួន​អំពី​អ្នក​មាន​ជាមុន​សិន មុន​ពេល​ខ្ញុំ​ក្លាយ​ទៅ​ជា​អ្នកមាន”។

បុរស​ខាងលើ​មាន​ទំហំ​ទ្រព្យសម្បត្តិ​សរុប ៥៥,៣ ពាន់​លាន​ដុល្លារ។

5/ Gautam Adani និង​ក្រុម​គ្រួសារ

ចូល​មក​ដល់​ពាក់កណ្ដាល​នៃ​បញ្ជី​ឈ្មោះ​មួយ​នេះ គឺ​ជា​វត្តមាន​របស់​មហាសេដ្ឋី​ឥណ្ឌា​ទី ២ គឺ​លោក Gautam Adani ដែល​លោក​គឺ​ជា CEO នៃ​ក្រុមហ៊ុន Adani Groups ដែល​កាន់កាប់​មុខ​ជំនួញ​ជាច្រើន​ដែល​មាន​ដូចជា កំពង់ផែ​ Mundra Port, Adani Enterprises, Adani Green, Adani Total Gas, Adani Power ជាដើម។

បច្ចុប្បន្ន Adani គឺ​ជា​មហាសេដ្ឋី​មាន​បំផុត​ទី ២ នៅ​ប្រទេស​ឥណ្ឌា ដែល​មាន​ទំហំ​ទ្រព្យ​សម្បត្តិ​ប្រមាណ ៥២,៣ ពាន់​លាន​ដុល្លារ។

6/ Jack Ma

ស្ថាបនិក​ក្រុមហ៊ុន​អាជីវកម្ម​អេឡិចត្រូនិក​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក Alibaba គឺ​ Jack Ma ធ្លាប់​កាន់​តំណែង​ជា​មហាសេដ្ឋី​មាន​បំផុត​ប្រចាំ​ប្រទេស​ចិន​នៅ​ឆ្នាំ ២០១៩ និង ២០២០ តែ​សម្រាប់​ឆ្នាំ​នេះ​វិញ លោក​ខ្ទាត​តំណែង​មក​ឈរ​នៅ​លេខ ៤ វិញ​ក្នុង​នាម​ជា​អ្នក​មាន​បំផុត​ប្រចាំ​ប្រទេស។

បច្ចុប្បន្ន​ទំហំ​ទ្រព្យ​សម្បត្តិ​របស់ Jack Ma គឺ​មាន​ប្រមាណ ៤៨,៤ ពាន់​លាន​ដុល្លារ។

7/ Masayoshi Son

ជា​ស្ថាបនិក​ក្រុមហ៊ុន SoftBank Group ហើយ​បច្ចុប្បន្ន​កំពុង​កាន់​តំណែង​ជា​អ្នកមាន​បំផុត​ប្រចាំ​ប្រទេស​ជប៉ុន​ ជាមួយ​ទំហំ​ទ្រព្យ​សម្បត្តិ​ប្រមាណ ៤៥,៤ ពាន់​លាន​ដុល្លារ។

8/ Tadashi Yanai

ជា​អតីត​អ្នកមាន​បំផុត​ប្រចាំ​ប្រទេស​ជប៉ុន តែ​បច្ចុប្បន្ន​តំណែង​មួយ​នោះ​គឺ​បាន​ឆក់​យក​ដោយ​លោក Son ស្របពេល​ស្ថាបនិក​ក្រុមហ៊ុន​សម្លៀកបំពាក់​ Fast Retailing ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​ហាង​សម្លៀកបំពាក់​ល្បីល្បាញ Uniqlo ក៏​រក្សា​បាន​តំណែង​ជា​មហាសេដ្ឋី​ទី ២​នៅ​ជប៉ុន​ផង​ដែរ ដោយ​មាន​ទំហំ​ទ្រព្យសម្បត្តិ​ប្រមាណ ៤៤,១ ពាន់​លាន​ដុល្លារ។

9/ Wang Wei

ជា​ស្ថាបនិក​ក្រុមហ៊ុន​ដឹកជញ្ជូន​ល្បីឈ្មោះ​មួយ​នៅ​ប្រទេស​ចិន គឺ S.F. Holding ឬ​គេ​និយម​ហៅ​ថា SF Express។ បច្ចុប្បន្ន Wei មាន​ទំហំ​ទ្រព្យសម្បត្តិ​ប្រមាណ ៣៩ ពាន់​លាន​ដុល្លារ។

10/ He Xiangjian

បុគ្គល​ចុងក្រោយ​នៃ​បញ្ជី​មួយ​នេះ គឺ​ជា​ស្ថាបនិក​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ប្រើប្រាស់​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក Midea ហើយ​បើ​ទោះបីជា​លាលែង​ពី​តំណែង​ជា​ CEO កាលពី​ឆ្នាំ ២០១២​ និង​បាន​ផ្ទេរ​ទៅ​ឲ្យ​កូនប្រុស​ជា​អ្នក​កាន់កាប់​ហើយ​ក្ដី ក៏​លោក​នៅ​បន្ត​គ្រប់គ្រង Midea Group និង Midea Real Estate Holding ផងដែរ ដោយ​បច្ចុប្បន្ន​បុរស​វ័យ ៧៨ ឆ្នាំ​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៣៧,៧ ពាន់​លាន​ដុល្លារ៕

ប្រភព: Asiatatler

49 Shares
Copy link
Powered by Social Snap