• Mon. Mar 14th, 2022

មហាសេដ្ឋី​មាន​បំផុត​នៅ​ហ្វីលីពីន ស្នង​មរតក​ពី​​ឪពុក បន្សល់​ទ្រព្យសម្បត្តិ​មាន​បាន​​តជំនាន់

806 Shares

លោក Manuel Villar គឺ​ជា​បុគ្គល​មាន​ឥទ្ធិពល​បំផុត​មួយ​រូប​នៅ​ប្រទេស​ហ្វីលីពីន​ ឬ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​វិនិយោគិន​ជោគជ័យ​បំផុត​ផ្នែក​វិស័យ​អចលនទ្រព្យ​ប្រចាំ​ប្រទេស ព្រោះ​បើ​គិត​មក​ទល់​ពេល​នេះ ទ្រព្យ​សម្បត្តិ​សរុប​របស់​លោក​គឺ​មាន​រហូត​ដល់​ទៅ​ជិត​ ៧​ ពាន់​លាន​ដុល្លារ។

តួលេខ​នេះ​អាច​និយាយ​បាន​ថា​ច្រើន​ដាច់​គេ​សម្រាប់​ទ្រព្យ​បុគ្គល តែ​បើ​គិត​ជា​លក្ខណៈ​គ្រួសារ​វិញ លោក​ចាញ់​តែ​បងប្អូន​ត្រកូល Sy ដែល​ទ្រព្យសម្បត្តិ​រួម​របស់​បងប្អូន​ទាំង ៦ នាក់​គឺ​ប្រមាណ ១៣,៩ ពាន់​លាន​ដុល្លារ។

ឧកញ៉ាញូស៍សូមណែនាំ​ប្រវត្តិត្រួសៗ​អំពី​មហាសេដ្ឋី​មាន​បំផុត ៥ រូប​ប្រចាំ​ប្រទេស​ហ្វីលីពីន​ដូច​តទៅ៖

1/ បងប្អូន​ត្រកូល Sy

ក្រុម​គ្រួសារ​ត្រកូល​ Sy គឺ​ជា​គ្រួសារ​មាន​ឥទ្ធិពល​បំផុត​នៅ​ហ្វីលីពីន ហើយ​បងប្អូន​ទាំង ៦ រូប ដែល​មាន​ឈ្មោះ Teresita, Elizabeth, Henry Jr., Hans, Herber និង Harley បាន​ស្នង​មរតក​មហាសាល​ពី​ឪពុក​របស់​ពួកគេ​គឺ​លោក Henry Sy Sr.

ក្រុមហ៊ុន SM Investments និង SM Prime គឺ​ជា​កម្លាំង​ញើស​ឈាម​របស់ Henry Sr. ដែល​អាជីវកម្ម​ដំបូង​របស់​លោក​គឺ​លក់​ស្បែកជើង​ក្នុង​ឆ្នាំ ១៩៥៨ នៅ​ទីក្រុង Manila។ សព្វថ្ងៃ​ SM គឺ​ជា​ក្រុមហ៊ុន​ធំ​បំផុត​មួយ​នៅ​អាស៊ីអាគ្នេយ៍​ ដែល​គ្រប់គ្រង​វិស័យ​ជាច្រើន​ដូចជា ហាងទំនិញ ផ្សារ​ទំនើប ធនាគារ សណ្ឋាគារ អចលនទ្រព្យ និង​រ៉ែ​ជាដើម។​ បើ​គិត​ពី​ទ្រព្យ​រួម​របស់​បងប្អូន​ត្រកូល Sy គឺ​មាន​ប្រមាណ ១៣,៩ ពាន់​លាន​ដុល្លារ។

2/ Manuel Villar

ជា​វិនិយោគិន​ជោគជ័យ​បំផុត​ផ្នែក​អចលនទ្រព្យ​ ហើយ​បើ​សិន​គិត​តែ​ពី​ទ្រព្យ​បុគ្គល Manuel ប្រាកដ​ជា​ឈរ​នៅ​កំពូល​តារាង​ជាក់ជា​មិនខាន​ ជាមួយ​ទំហំ​ទ្រព្យសម្បត្តិ​ប្រមាណ ៦,៧​ពាន់​លាន​ដុល្លារ។

Manuel បច្ចុប្បន្ន​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Vista Mall ដែល​ជា​ផ្សារ​ទំនើប​ធំ​បំផុត​មួយ​ប្រចាំ​ប្រទេស​ហ្វីលីពីន និង​មាន​សាខា​ទូទាំង​ប្រទេស ហើយ​លោក​ក៏​ជា​ CEO នៃ​ Vista Land & Landscapes ដែល​ជា​ក្រុមហ៊ុន​សាងសង់​ផ្ទះ​ធំ​បំផុត​ប្រចាំ​ប្រទេស​ទៀត​ផង។

3/ Enrique Razon, Jr.

សម្រាប់​លោក Razon វិញ​អាច​និយាយ​បាន​ថា​ធំធាត់​នៅ​ក្នុង​ត្រកូល​អ្នក​រកស៊ី ដ្បិត​កាលពី​ឆ្នាំ ១៩១៦ ជីតា​របស់​លោក​គឺ​មាន​អាជីវកម្ម​នៅ​កំពង់ផែ​ក្នុង​ទីក្រុង Manila និង​ក្រោយ​ពី​សង្គ្រាមលោក​លើក​ទី ២ ឪពុក​របស់ Razon បាន​បន្ត​អាជីវកម្ម​មួយ​នេះ​ឡើង​វិញ។

​បច្ចុប្បន្ន Razon គឺ​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន International Container Terminal Services ហៅ​កាត់ ICTSI ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ប្រចាំ​ប្រទេស​ផ្នែក​គ្រប់គ្រង​កំពង់ផែ​។ ICTSI គឺ​មាន​សាខា​នៅ​ក្រៅប្រទេស​ដូចជា​នៅ​ ប៉ែក​អឺរ៉ុប​ខាងជើង ទ្វីប​អាហ្វ្រិក និង​ទ្វីប​អាមេរិក​ជាដើម។

​ក្រៅពី ICTSI បុរស​វ័យ​៦១ ឆ្នាំ​ក៏​មាន​ក្រុមហ៊ុន​មួយ​ទៀត​ឈ្មោះ Bloomberry Resorts ដែល​រួម​បញ្ចូល​ទាំង Solaire Resort កាស៊ីណូ និង​រោងកុន​ល្អ​ឯក​ដែល​អាច​ផ្ទុក​មនុស្ស​បាន​ដល់ទៅ ១ ៧៤០ នាក់​ឯណោះ។ ទ្រព្យសម្បត្តិ​រួម​របស់​បុរស​ខាងលើ​គឺ​ប្រមាណ ៥,២ ពាន់​លាន​ដុល្លារ។

4/ Lance Gokongwei និង​បងប្អូន

លេខ ៤ នៃ​បញ្ជី​ក៏​ជា​ក្រុម​គ្រួសារ​សមាជិក ៦​ នាក់​ដូច​ត្រកូល Sy ដែរ តែ​ជា​​ត្រកូល Gokongwei ម្ដង ដែល​មាន​បងប្អូន​ដូចជា Lance, Robina, Lisa, Faith, Hope និង Marcia ដែល​បាន​ទទួល​មរតក​ពី​ឪពុក John Gokongwei Jr.។

ទ្រព្យសម្បត្តិ​សរុប​របស់​ពួកគេ​គឺ​មួយចំនួន​ធំ​បាន​មកពី​ភាគហ៊ុន​នៃ​ក្រុមហ៊ុន JG Summit ដែល​ក្ដោបក្ដាប់​វិស័យ​ដូចជា ក្រុមហ៊ុន​អាកាសចរណ៍ ទូរគមនាគមន៍ ធនាគារ អាហារ ថាមពល និង​អចលនទ្រព្យ​ជាដើម។

បច្ចុប្បន្ន Lance គ្រប់គ្រង JG Summit ក្នុង​តំណែង​ជា​នាយក​ប្រតិបត្តិ រីឯ​បងស្រី​ Robina ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Robinson Retail។ ក្នុង​ទំហំ​ទ្រព្យសម្បត្តិ​រួម​ប្រមាណ ៤,១ ពាន់​លាន​ដុល្លារ​របស់​ពួកគេ ក៏​រាប់​បញ្ចូល​ទាំង​ក្រុមហ៊ុន​ចំណី​អាហារ Universal Robina ធំ​បំផុត​មួយ​ប្រចាំ​ប្រទេស ដែល​បាន​បន្សល់ទុក​ដោយ​ឪពុក​របស់​ពួកគេ​តាំងពី​ឆ្នាំ ១៩៥៧។

5/ Jaime Zobel de Ayala

មិន​ខុស​គ្នា​ពី​អ្នក​មុនៗ​ឡើយ Jaime ក៏​ធំធាត់​ក្នុង​ត្រកូល​អ្នក​រកស៊ី​ដែរ ដោយ​ជីតា​របស់​លោក​មាន​រោងចក្រ​ចម្រាញ់​មួយ​នៅ​ទីក្រុង Manila និង​ក្រោយមក​បាន​ពង្រីង​អាជីវកម្ម​ទៅ​គ្រប់​វិស័យ​ដូចជា ធនាគារ អចលនទ្រព្យ សណ្ឋាគារ ទូរគមនាគមន៍ និង​សូម្បី​តែ​វិស័យ​អប់រំ។

បុរស​មាន​វ័យ ៨៧ ឆ្នាំ​បាន​គ្រប់គ្រង​ក្រុមហ៊ុន Ayala Group រហូត​ដល់​ឆ្នាំ ២០០៦ ទើប​ប្រគល់​តំណែង​សំខាន់​នេះ​ទៅ​ឲ្យ​កូន​ប្រុស Jaime II កាន់កាប់​វិញ។ បច្ចុប្បន្ន​ កូនៗ​ទាំង ៧ រូប​របស់​លោក​កំពុង​គ្រប់គ្រង​ច្រើនជាង ១/៣ នៃ​ប្រាក់ចំណូល ៣,៩ ពាន់​លាន​ដុល្លារ​នៃ​ក្រុមហ៊ុន រីឯ​ទ្រព្យសម្បត្តិ​របស់​លោក​វិញ​គឺ​មាន​ប្រមាណ ៣,៦ ពាន់​លាន​ដុល្លារ៕

ប្រភព: Forbes

806 Shares
Copy link
Powered by Social Snap