• Mon. Mar 14th, 2022

ចេញរកស៊ីបរាជ័យបិទអាជីវកម្មចំនួនពីរ លោក ជា សំអាន តស៊ូមិនបោះបង់គោលដៅរហូតប្រែក្លាយជាម្ចាស់ក្រុមហ៊ុនតម្លៃខ្ទង់លានដុល្លារ

1.1K Shares

ជឿថា មានប្រិយមិត្តកំពុងប្រឡូកក្នុងវិស័យអចលនទ្រព្យភាគច្រើនបានស្គាល់លោក ជា សំអាន ដែលមនុស្សភាគច្រើនលោកថា Spy ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន​ ហ្គោល​ 7D ប្រផឹធី​ ឯ.ក ដែលវិនិយោគលើអចលនទ្រព្យមានភាពលេចធ្លោមួយរូបនៅក្នុងស្រុកខ្មែរ។ ប៉ុន្តែនៅពីក្រោយភាពជោគជ័យអស្ចារ្យរបស់លោកដែលតស៊ូបង្កើតក្រុមហ៊ុនដោយខ្លួនឯង មិនមានមនុស្សច្រើនប៉ុន្មានទេបានស្គាល់ ដែលជាសហគ្រិនដ៏ប៉ិនប្រសព្វក្នុងការដឹកនាំគ្រប់គ្រងប្រកបដោយចក្ខុវិស័យវែងឆ្ងាញក្នុងការធ្វើជំនួញ។

ជាកូនកសិកររស់នៅភូមិសំឡីខាងជើង ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង មានឪពុកឈ្មោះ អ៊ុក សំអាត ម្តាយឈ្មោះ ទុំ ណាវី លោក ជា សំអាន ជាកូនច្បងគេក្នុងចំណោមបងប្អូន៣នាក់។ ក្នុងឆ្នាំ១៩៩៧ លោកបានចាកចេញពីស្រុកកំណើតមករស់នៅ និងបន្តការសិក្សានៅរាជធានីភ្នំពេញដោយរស់នៅជាមួយអ៊ុំ ឈ្មោះ ទុំ សារី។ ដោយហេតុ​ស្រឡាញ់​ការ​សិក្សា​ខំប្រឹង​ក្លៀវក្លា​រៀន​ផង​ យុវជនអ្នកខេត្តស្វារៀងរូបនេះ បានរំលឹកថា “ខ្ញុំបានជំនះរាល់ឧបសគ្គកាលមករស់នៅភ្នំពេញ ដោយពេលខ្លះខ្ញុំឆ្លៀតពេលរៀនផង និងជួយលក់បបរបាញ់កាញ់ជាមួយអ៊ុំនៅផ្សារចាស់ជារៀងរាល់ថ្ងៃ”។

ថ្លែងប្រាប់គេហទំព័រឧកញ៉ាញូស៍ លោក ជា សំអាន ហៅ Spy ថា “នៅឆ្នាំ២០០៦ ខ្ញុំបានចូលធ្វើការជាអ្នកនាំសិស្សចូលរៀននៅសាលាឯកជនមួយកន្លែង នៅជាប់នឹងរង្វង់មូលនាងគង្ហីង ពេលនោះទទួលបានប្រាក់ខែត្រឹមតែ ១៥$ក្នុងមួយខែប៉ុណ្ណោះ ខណៈដែលនេះជាចំនួនប្រាក់ខែដំបូងក្នុងជីវិត ក្រោយចេញធ្វើការស្វែងរកលុយជួយទំនុកបំរុងជូនគ្រួសារ”។

ធ្វើការជាមួយប្រាក់ខែ ១៥$ក្នុងមួយខែបានមួយរយៈ នៅឆ្នាំ២០០៧ ដល់ ២០១០ លោក Spy ក៏បានធ្វើការឲ្យក្រុមហ៊ុន ផលិតផលអាហាររួបបឋម ដោយទទួលប្រាក់ជាភាគរយ បានន័យថា បើយើងខំប្រឹងលក់ដាច់ឲ្យបានច្រើន យើងទទួលបានផលិតកម្រៃភាគរយច្រើនទៅតាមចំនួនផលិតផល។

​ជីវិតជាអ្នកធ្វើការស៊ីប្រាក់ខែបានត្រឹមតែធ្វើឲ្យលោក Spy ដោះស្រាយបានមួយពេលៗប៉ុណ្ណោះ ដោយចិញ្ចឹមចិត្តធ្វើជាថៅកែខ្លួនឯង លោកក៏សម្រេចចិត្ត​បង្កើត​ទំព័រ​ជីវិត​ថ្មី​របស់​ខ្លួនដោយសារ​ការ​ខិតខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ និង​តស៊ូ​គ្រប់​ស្ថាន​ភាព​លំបាក​មិន​រុញរា គឺក្នុងឆ្នាំ២០១១ ដល់ ២០១៣ លោកចាប់ផ្តើមបង្កើតអាជីវកម្មដោយខ្លួនឯងតែម្តង។

អាជីវកម្មដំបូងដែលផ្តើមចេញពីក្តីស្រឡាញ់មិនមានទីបញ្ចប់នោះ គឺមានឈ្មោះថា ក្រុមហ៊ុន ONETEAM INTERNATIONAL.,Ltd ជាការបង្កើតរួមគ្នា ដោយនាំចូល និង ចែកចាយ ផលិតផលអារហាររួបបឋម។ ជំហានបន្ទាប់ លោកសម្រេចបើកមជ្ឈមណ្ឌលបណ្តុះបណ្តាល ហៅកាត់ថា (SES) ឡើងក្នុង២០១២។ ហើយលោកក៏ជាថ្នាក់ដឹកនាំដ៏ឆ្នើមម្នាក់ដែល​ទទួល​គ្រប់គ្រង និងជាអ្នកជួយជ្រុុមជ្រែងនាំមកនូវភាពជោគជ័យឲ្យក្រុមហ៊ុន។

ជាអកុសលនៅអំឡុងឆ្នាំ២០១២ ឆ្នាំ២០១៤ អាជីវកម្មចេះតែជួបបញ្ហាមិនចេះចប់មិនចេះហើយ លោកថា យើងឡុងចុងខាតអស់គូទខោ គឺបាត់បង់លុយទាំងស្រុងដោយតែម្តង មិនតែប៉ុណ្ណោក្រៅពីរកស៊ីខាតហើយត្រូវគេបោកទៀត។ លោកនិយាយថា នៅក្នុងអំឡុងពេលហ្នឹងគឺជាពេលវេលាអាក្រក់បំផុតក្នុងការរកស៊ីរបស់ខ្ញុំ។

ក្រោយជួបឧបសគ្គផ្ទួនៗក្នុងមុខជំនួញ ដែលជាហេតុបណ្តាលឲ្យអត់មានដើមទុនបន្តអាជីវកម្ម លោក Spy ក៏សម្រេចចិត្តបិទទ្វារក្រុមហ៊ុនទាំងពីរខាងលើ។

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា បាននឹងកំពុងរីកចំរើនយ៉ាងខ្លាំង ទាំងវិស័យដីធ្លី គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ពាណិជ្ជកម្ម និងគម្រោងអភិវឌ្ឍន៍ចម្រុះជាដើម។ ទឡ្ហីករណ៍នេះបានជំរុញលើកទឹកចិត្តឲ្យ លោក Spy ហក់មកប្រឡូកក្នុងវិស័យអចលនទ្រព្យដោយធ្វើជាអ្នកទីផ្សារនៃគម្រោងដីឡូតិ៍ រហូតអាចបង្កើតក្រុមហ៊ុនថ្មីមួយទៀត គឺ​ក្រុមហ៊ុន​ ហ្គោល​ 7D ប្រផឹធី​ ឯ.ក ដែលធ្វើការប្រឹក្សាយោបល់អចលនទ្រព្យនៅកម្ពុជា។

ឧកញ៉ាញូស៍ បានសួរថា ពេលចេញបើកក្រុមហ៊ុនខ្លួនឯង និងនៅកាលធ្វើការឲ្យគេខុសគ្នាដូចម្តេច? លោក Spy ឆ្លើយតបយ៉ាងខ្លីតែខ្លឹមថា ” ការដែលបើកក្រុមហ៊ុនខ្លួនឯង គឺ (ខុសត្រង់ភាពជាម្ចាស់) ព្រោះពីមុនយើងមិនមែនជាម្ចាស់ ឥឡូវក្លាយជាម្ចាស់ និងការទទួលខុសត្រូវ មានន័យថា ទោះបីយើងធ្វើការងារឲ្យគេក៏ដោយ គឺត្រូវមានការទទួលខុសត្រូវ ចំណែកធ្វើការក្រុមហ៊ុនខ្លួនឯងក៏រិតតែមានទទួលខុសត្រូវខ្ពស់ទៀត អ្វីដែលសំខាន់គឺយើងប្រកាន់គោលការណ៍ទទួលខុសត្រូវ ទៅដល់កន្លែងណាក៏នៅតែទទួលខុសត្រូវដែរ និយាយជារួម គឺគ្មានកិច្ចការណាដែលស្រួលៗនោះទេ”។

ជាមួយគ្នានេះ លោកក៏បានផ្ញើសារជូនយុវជនជំនាន់ក្រោយឲ្យដើរលើផ្លូវត្រូវ ដោយចាប់ផ្តើមពីការស្រលាញ់អ្វីដែលខ្លួនធ្វើនោះឲ្យបាន ១០០% និងកុំបោះបង់ ហើយត្រូវចាំ “បទពិសោធន៍ជារឿងសំខាន់បំផុត សម្រាប់វិថីឆ្ពោះទៅរកភាពជោគជ័យ”

1.1K Shares
Copy link
Powered by Social Snap