• Mon. Mar 21st, 2022

ភ្ញាក់ផ្អើល​ណាស់ សម្ភាសន៍​មហាសេដ្ឋី​ ២១​ នាក់​ គ្រប់​ជាតិសាសន៍ ឆ្លើយដូចៗ​គ្នា ៣ ចំណុច​​នាំ​ឲ្យ​ពួកគេ​ជោគជ័យ

2.3K Shares

បច្ចុប្បន្ន​ ចំនួន​មហាសេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ​ទូទាំង​ពិភពលោក​​មាន​ប្រមាណ ២ ៧៥៥ នាក់​ ឬ​ ០,០០០២៧ នៃ​ចំនួន​ប្រជាជន​សរុប​ទូទាំង​ពិភពលោក ហើយ​ក្នុង​ចំណោម​មហាសេដ្ឋី​ទាំងអស់ ៦៧%​ គឺ​រកស៊ី​ពី​បាតដៃ​ទទេ​។

យោង​តាម​ការ​ស្រាវជ្រាវ​ពី​លោក Rafael Badziag ដែល​បាន​ធ្វើ​ការ​សម្ភាសន៍​មហាសេដ្ឋី​ចំនួន ២១ រូប ដើម្បី​និពន្ធ​សៀវភៅ​មាន​ចំណងជើង​ថា The Billion Dollar Secret បាន​ទម្លាយ​ឲ្យ​ដឹង​ថា អ្នក​អភិជន​ទាំងនេះ ជាទូទៅ​គឺ​មាន​ចំណុច ៣ ដូចគ្នា​ទាំងអស់​ ដែល​ចំណុច​អស់ទាំង​នោះ​មាន​ដូចជា៖

1/ ពួកគេ​មិន​ដែល​ប្រើ​ពាក្យ ចាំ​សិនឡើយ

លោក Badziag បាន​លើក​ឡើង​ថា មូលហេតុ​ដែល​គ្រប់គ្នា​ភាគច្រើន​មិន​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ជីវិត គឺ​ដោយសារ​ពួកគេ​ច្រើនតែ​រង់ចាំ​ពេលវេលា ឬ​ឱកាស​ទាល់តែ​ល្អ​មែនទែន ទើប​ពួកគេ​ហ៊ាន​ធ្វើ តែ​តាម​ការពិត​ឱកាស​ល្អ​អស្ចារ្យ​ទាំងនេះ​ វា​កើត​ឡើង​ពី​ខ្លួន​យើង​ទេ។

សម្រាប់​មហាសេដ្ឋី​ដែល​គ្មាន​ទ្រព្យ​អ្វី​ទាំងអស់​ពីដើម​មក ពួកគេ​គឺ​តែ​ព្យាយាម​ឈោង​ចាប់​ក្ដីស្រមៃ​មិន​ថា​ស្ថិត​ក្នុង​កាលៈទេសៈ​បែប​ណា​ឡើយ។

ជាក់ស្ដែង​ មហាសេដ្ឋី​ឥណ្ឌា Narayana Murthy ដែល​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន IT ដ៏​ធំ​ឈ្មោះ Infosys ដែល​គិតជា​ប្រាក់​ច្រើនជាង ៤៥ ពាន់​លាន​ដុល្លារ និង​មាន​ទ្រព្យ​ផ្ទាល់ខ្លួន​ប្រមាណ ២,៤ ពាន់​លាន​ដុល្លារ គឺ​កើត​ចេញពី​គ្រួសារ​ក្រខ្សត់​ប៉ុណ្ណោះ ដែល​កាលពី​ដើម​ឡើយ​ លោក​និង​គ្រួសារ​គ្មាន​ទាំង​គ្រែ​ក្នុងផ្ទះ​ផង​ ពោល​គឺ​ក្រុម​គ្រួសារ​ទាំង​អស់​ត្រូវ​ដេក​ផ្ទាល់​លើ​ឥដ្ឋ​។

តែ​ទោះជា​គ្មាន​លុយ Murthy តែង​ចង់​ដឹង​ចង់​លឺ និង​ឧស្សាហ៍​ទៅ​បណ្ណាល័យ​សាធារណៈ​នៅ​ក្នុង​តំបន់​រស់នៅ និង​ជឿ​ថា ​បច្ចេកវិទ្យា​គឺ​ជា​អនាគត ទើប​លោក​តស៊ូ​ជំនះ​គ្រប់​ឧបសគ្គ​ ទម្រាំ​មាន​បាន​ដូច​សព្វថ្ងៃ។

2/ ពួកគេ​មិន​ធ្វើការ​ដើម្បី​តែ​ប្រាក់

ស្របពេល​ដែល​មនុស្ស​ទូទៅ​ធ្វើការ​ចង់បាន​ប្រាក់ខែ​ច្រើន តែ​មិន​ហ៊ាន​ប្រថុយ​ចេញ​រក​ចំណូល​ឲ្យ​ច្រើន ពួក​មហាសេដ្ឋី​ភាគច្រើន​មិន​សូវ​គិតគូរ​ប៉ុន្មាន​ទេ​អំពី​រឿង​ប្រាក់​ខែ តែ​ជំនួស​មក​វិញ គឺ​អារម្មណ៍​ស្រឡាញ់ និង​គោលដៅ​ដែល​ពួកគេ​ចង់បាន។

ជាក់ស្ដែង​ ស្ថាបនិក​ក្រុមហ៊ុន Apple លោក Steve Jobs ដែល​បាន​ចែកឋាន​ទៅ​កាលពី​ឆ្នាំ ២០១១ ​តែង​និយាយ​ជា​រឿយៗ​ថា៖ “នៅពេល​ខ្ញុំ​អាយុ ២៣ឆ្នាំ ខ្ញុំ​មាន​លុយ​ច្រើនជាង​ ១​ លាន​ដុល្លារ ពេល​ខ្ញុំ​អាយុ ២៤ ឆ្នាំ​ខ្ញុំ​មាន​ច្រើន​ជាង ១០ លាន​ដុល្លារ ហើយ​ពេល​ខ្ញុំ​អាយុ ២៥ ខ្ញុំ​មាន​ច្រើនជាង​១០០ លាន​ដុល្លារ តែ​វា​មិន​សំខាន់​ឡើយ ព្រោះ​ខ្ញុំ​មិន​ដែល​ធ្វើ​រឿង​អស់នេះ​ដើម្បី​លុយ​ទេ”។ គោល​គំនិត​នៃ​ការបង្កើត​ទូរស័ព្ទ​ឆ្លាតវៃ Apple ឡើង​មក គឺ​ Steve Jobs ចង់​ឲ្យ​គ្រប់គ្នា​អាច​ប្រើប្រាស់​វា​ដូច​នឹង​កុំព្យូទ័រ​ ហើយ​ក្ដី​ស្រមៃ​របស់​លោក​បច្ចុប្បន្ន​ក៏​បាន​ក្លាយជា​ការពិត​ដែរ​។

3/ ពួកគេ​ជា​មនុស្ស​ចេះ​សន្សំ​សំចៃ

បើ​យោង​តាម Badziag បាន​ឲ្យ​ដឹង​ថា​ ជាទូទៅ​មនុស្ស​ដែល​មិន​ហ៊ាន​ប្រថុយ​រក​ប្រាក់ចំណូល​ខ្ពស់ គឺ​ជា​មនុស្ស​ដែល​ចូលចិត្ត​ចំណាយ​។ តែ​សម្រាប់​មហាសេដ្ឋី​មួយចំនួន​ធំ​គឺ ខុស​ពី​ប្រភេទ​មនុស្ស​ខាងលើ គឺ​ពួកគេ​សប្បាយ​ចិត្ត​នឹង​ការ​ទទួល​បាន​ចំណូល​ច្រើន តែ​មិន​ចូលចិត្ត​ចំណាយ​ឡើយ។

ជាក់ស្ដែង បិតា​វិនិយោគិន​ Warren Buffett ដែល​ជា​មហាសេដ្ឋី​មាន​បំផុត​ទី ៦ លើ​លោក​ និង​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង ១០០ ពាន់​លាន​ដុល្លារ លោក​បែរ​ជា​បន្ត​រស់នៅ​ផ្ទះ​ចាស់​ដែល​បាន​ទិញ​កាលពី​ឆ្នាំ ១៩៥៨ ក្នុង​តម្លៃ ៣១ ៥០០​ដុល្លារ​ប៉ុណ្ណោះ ខណៈ​សេដ្ឋី​ល្មម​មាន​លុយ​តិច​ជាង​លោក បែរ​ជា​ទិញ​ភូមិគ្រឹះ​ស្កឹមស្កៃ​តម្លៃ​រាប់​លាន​ដុល្លារ​ទៅវិញ។​

រីឯ​អាហារ​ពេលព្រឹក​វិញ បុរស​វ័យ ៩០ ឆ្នាំ​បន្ត​រក្សា​ទម្លាប់​ចាស់​ គឺ​ចាយ​ត្រឹម ៣,១៧ ដុល្លារ​/ថ្ងៃ​ប៉ុណ្ណោះ នៅ​ហាង​ប៊ឺហ្គឺ​ McDonald ស្របពេល​មហាសេដ្ឋី​ Bill Gates វិញ​ក៏​បន្ត​ពាក់​នាឡិកា​តម្លៃ​មិន​លើស ១០០ ដុល្លារ​ដដែល​៕

ប្រភព: cnbc

2.3K Shares
Copy link
Powered by Social Snap