• Fri. Mar 25th, 2022

ឧកញ៉ា គួច ម៉េងលី៖ គួរ​ស្ដាប់​គេ​ឱ្យ​បាន​ច្រើន បើ​មិន​ចង់​ស្ដាយក្រោយ

164 Shares

ក្រៅតែពីអានសៀវភៅ ទស្សនាវដ្ដី កាសែត ឬអានច្បាប់ក្បួនផ្សេងៗ ការស្ដាប់​ក៏ជាផ្នែកមួយ​ជួយ​ឱ្យ​យើង​មាន​ការយល់ដឹងទូលំទូលាយ និងសម្បូរគំនិតផងដែរ។ ផ្ទុយទៅវិញ ប្រសិន​​​បើយើង​ជា​មនុស្ស​ម្នាក់​មិន​សូវចូលចិត្តស្ដាប់អ្នកដទៃនិយាយ ឬចូលចិត្តនិយាយច្រើនជាងស្ដាប់ នោះ​យើង​ប្រាកដ​ជា​គ្មាន​គំនិត​ទូលំទូលាយឡើយ។

មែនទែនទៅយើងគួរតែឈ្វេងយល់ដោយខ្លួនឯងថា បានជាធម្មជាតិបង្កើតមនុស្សឱ្យមានត្រចៀកពីរ នោះ​គឺចង់ឱ្យមនុស្សយើងប្រើត្រចៀកស្ដាប់ឱ្យបានច្រើន កុំស្ដាប់អ្វីតែម្ខាងឬមួយជ្រុង ព្រោះ​វា​អាច​ធ្វើ​ឱ្យ​យើង​វិនិច្ឆយ ឬធ្វើសេចក្ដីសន្និដ្ឋានលើអ្វីមួយខុសជាយថាហេតុ។ ដោយឡែក ការណ៍​ដែល​ធម្មជាតិ​បង្កើត​មនុស្សឱ្យមានមាត់តែមួយ គឺ​ដោយ​សារ​ធម្មជាតិ​មិន​ចង់​ឱ្យ​មនុស្ស​និយាយ​ពាក្យ​អត់​ប្រយោជន៍​ច្រើនពេក ឬមិនចង់ឱ្យមនុស្សនិយាយពាក្យជេរប្រមាថអ្នកដទៃច្រើនពេកផងដែរ។

ប្រសិន​បើនិយាយពាក្យអត់ប្រយោជន៍ច្រើនពេក​នោះ​អាច​នឹង​បង្ក​ឱ្យមានបញ្ហា​ដល់ខ្លួនជាក់​ជាមិន​ខាន។ ខ្ញុំតែងសង្កេតឃើញជារឿងៗថា បុគ្គលដែលយកចិត្តទុកដាក់ស្ដាប់អ្នកដទៃច្រើន គឺ​ច្រើន​តែ​មាន​ចំណេះ​ដឹងទូលំទូលាយ និងជោគជ័យនៅថ្ងៃអនាគត។ បើនិយាយ​ពីការសិក្សាវិញ​ក៏​មិនខុសគ្នា​ដែរ ពោល​សិស្ស​ដែល​យកចិត្តទុកដាក់ស្ដាប់គ្រូពន្យល់ គឺនឹងទទួលបានចំណេះដឹង​ច្រើនជាង​សិស្ស​ដែល​មិនសូវ​ស្ដាប់គ្រូ។ សិស្សដែលមិនសូវយកចិត្តទុកដាក់រៀនសូត្រ និងមិនសូវយកចិត្តទុកដាក់​ក្នុង​ការ​ស្ដាប់​គ្រូពន្យល់មេរៀន ច្រើនតែស្ដាយក្រោយនៅពេលពួកគេចូលប្រឡូកក្នុងសង្គមការងារ។ ព្រោះពួកគេគ្មានចំណេះដឹងទូលំទូលាយ ពួកគេមិនសូវយល់ពីការងារ និងមានបញ្ហាផ្សេង​ៗជាច្រើន​ទៀត។

ដូច្នេះហើយ ខ្ញុំសូមផ្ដាំក្មួយៗ និងយុវជនជំនាន់ក្រោយទាំងអស់ថា ប្រសិនបើចង់ចេះអ្វីមួយ បើចង់​ជោគជ័យ​អ្វីមួយ… ត្រូវស្ដាប់អ្នកមានបទពិសោធ អ្នកមានចំណេះដឹងខ្ពង់ខ្ពស់ និងអ្នកជោគជ័យឱ្យ​បាន​ច្រើន​តាមដែលអាចធ្វើទៅបាន។ គឺយើងអាចស្ដាប់តាមរយៈប្រព័ន្ធ YouTube ឬតាមរយៈណាត់​ជួប​សូមមតិយោបល់​ផ្ទាល់ ឬក៏តាមរយៈការចូលរួមកម្មវិធីសិក្ខាសាលានានា ស្ដាប់វាគ្មិន​និយាយ​ជាដើម៕

ខ្លឹមសារ​ទាំង​ស្រុង ដោយ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

164 Shares
Copy link
Powered by Social Snap