• Fri. Mar 25th, 2022

ប្រជាពលរដ្ឋជាង១៣០គ្រួសារ ស្នើសុំអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាល ខណៈ​ ​មិនទាន់ទទួល​បានការ​ដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ ពីផលប៉ះពាល់លើសំណង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ

32 Shares

ស្របពេលដែលសំណង់ផ្លូវល្បឿនលឿន រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ដំណើរការសាង​សង់​បាន​ ៧% ទៅហើយនោះ ដីធ្លីប្រជាពលរដ្ឋរហូតដល់ទៅជាង ១០០គ្រួសារ ដែល​មានទីតាំង​ស្ថិតនៅ​ភូមិស្នួល​ខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ នៅមិនទាន់ត្រូវបានដោះស្រាយ​ចប់​សព្វ​គ្រប់​នៅឡើយទេ។

ដីធ្លីដែលរងផលប៉ះពាល់ក្នុងចំណោមប្រជាពលរដ្ឋជាង ១០០គ្រួសារ គឺជាប្រភេទដីឡូតិ៍ ដែល​ពួក​គាត់​បានទិញពីក្រុមហ៊ុនឯកមួយ ក្នុងតម្លៃចាប់ពី ៤,០០០ដុល្លារអាមេរិក រហូតដល់ ២០,០០០​ដុល្លារ​អាមេរិក មានប្លង់រឹងត្រឹមត្រូវ ដែលចេញដោយអាជ្ញាធរផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ មាន​គ្រួសារ​ខ្លះបានដាក់ប្លង់ដីនៅឯស្រុកកំណើត ទៅខ្ចីលុយធនាគារ ដើម្បីទិញដីឡូតិ៍នោះដោយ​សង្ឃឹម​ថា ខ្លួននឹងបានសាងសង់ផ្ទះនៅក្បែររាជធានីភ្នំពេញ ដើម្បីងាយស្រួលក្នុងការ​ប្រកបរបរ​ចិញ្ចឹម​ជីវិត​។

បន្ទាប់ពីទិញដីធ្លីរួចរាល់ហើយ ដោយសារដីទាំងនោះស្ថិតក្នុងគម្រោងផ្លូវល្បឿនលឿន អាជ្ញាធរមូល​ដ្ឋាន​បាន​ប្រាប់ពួកគាត់ កុំឲ្យសាងសង់ផ្ទះសម្បែង គឺត្រូវរង់ចាំអាជ្ញាធរដោះស្រាយ និងសងសំណង​ជូន​ជា​មុន​សិន ដើម្បីបានទៅទិញដីកន្លែងផ្សេងទៀត។ ទោះបីជាយ៉ាងនេះក្តី ប្រជាពលរដ្ឋរងគ្រោះ បានអះអាងថា ពួកគាត់នៅមិនទាន់បានសំណងនៅឡើយទេ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩នេះ, ក្រុមប្រជាពលរដ្ឋ ដែល​មិន​ទាន់​បាន​សំណង បានសំណូមពរយ៉ាងទទួចដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «សូម​មេត្តាជួយអន្តរាគមន៍ដោះស្រាយផង ត្បិតពួកគាត់សព្វថ្ងៃមានអ្នកខ្លះ កំពុងជួលផ្ទះ​គេ​ស្នាក់​នៅ​បណ្តោះអាសន្នតែប៉ុណ្ណោះ»។ ពួកគាត់ ថែមទាំងសំណូមពរឲ្យរាជរដ្ឋាភិបាល «មេត្តាសង​សំណង​តាមតម្លៃដីលើទីផ្សារ ដើម្បីឲ្យពួកគាត់អាចយកសំណងនោះ ទៅទិញដីកន្លែងផ្សេងទៀត»។

ប្រជាពលរដ្ឋរងគ្រោះឈ្មោះ តាំង ឡេងឆាយ បានថ្លែងថា «ធ្វើបង្កាន់ដី និងវាស់វែងអស់ហើយ ប៉ុន្តែ​ការ​សង​សំណងយូរ អញ្ចឹងខ្ញុំចង់ឲ្យខាងរាជរដ្ឋាភិបាល និងសម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគន៍​ពន្លឿន​ការ​សង ដោយសារដីកាន់តែឡើងថ្លៃ ហើយប្រជាជនទិញដីហ្នឹង អ្នកខ្លះយកលុយធនាគារ។ ជួលផ្ទះផល និងបង់ថ្លៃដីឡូតិ៍ផង គ្នាពិបាករត់ណាស់ អញ្ចឹងការរស់នៅពិបាកណាស់ ដោយ​សារគ្នា​សង់​ផ្ទះនៅក៏មិនបាន»។

ប្រជាពលរដ្ឋម្នាក់ទៀត ឈ្មោះ រ៉ា ណូ បានបង្ហាញការអស់សង្ឃឹមយ៉ាងខ្លាំងចំពោះសំណង ដែល​ធ្លាប់​អះអាង​ពីអាជ្ញាធរមូលដ្ឋានថា នឹងត្រូវដោះស្រាយជូននោះ។

លោកបញ្ជាក់ថា៖ «បងប្អូន ដែលប៉ះពាល់ជាង ១០០គ្រួសារនេះ ចង់ដឹងពេលវេលាច្បាស់លាស់ ឲ្យពួកយើងបានដឹងផង ដោយសារពួកយើងអត់ទាន់មានសង្ឃឹម វាយូរពេក។ ម្ខាងបង់លុយធនាគារ ម្ខាង​​ជួលផ្ទះគេ ដល់ចឹងវារត់អត់រួច យើងមានកង្វល់ណាស់»។

រៀបរាប់បណ្តើរ លើកដៃសំពះបណ្តើរ លោកស្រី ចន្ថន បានរៀបរាប់ពីទុក្ខលំបាករបស់ខ្លួន ដែល​ធ្លាប់​សង្ឃឹមថា ក្រោយពីទិញដីហើយ បានធ្វើផ្ទះនៅ ប៉ុន្តែអ្វីៗត្រូវបានជាប់គាំង ដោយសារដី​នេះ​ស្ថិត​ក្នុងគម្រោងផ្លូវល្បឿនលឿន។

លោកស្រីបញ្ជាក់ថា៖ «ពេលយើងទិញដី យើងសង្ឃឹមថាបានធ្វើផ្ទះនៅលើហ្នឹង ដល់ពេល​ឥឡូវធ្វើ​ផ្លូវ​ល្បឿន​លឿនយើងគាំង យើងមិនអាចធ្វើផ្ទះបានទេ។ ទីមួយ ខ្ញុំសុំឲ្យសងសំណងបានលឿន និងទីពីរ សូមសងក្នុងតម្លៃទីផ្សារបច្ចុប្បន្ន»។

លោក ឡេង ធឿន គឺជាប្រជាពលរដ្ឋម្នាក់ ដែលបានដាក់ប្លង់ដីនៅឯស្រុកកំណើត យកទៅខ្ចីលុយ​ធនាគារ​ ក្នុងគោលបំណងទិញដី និងសង់ផ្ទះរស់នៅ។ ប្រជាពលរដ្ឋ ដែលបានទិញដី និងសាង​សង់​ផ្ទះ​ទៅហើយ​នោះ បានសម្តែងការបារម្ភយ៉ាងខ្លាំង ដោយសារដឹងថាផ្ទះខ្លួននឹងត្រូវវាយចោលវិញ។

ក្នុងដៃមានឯកសារខ្ចីលុយធនាគារផងនោះ លោក ឡេង ធឿន បានបញ្ជាក់ថា៖ «បើសិនជាផ្ទះត្រូវ​ឈូស មានតែយើងទៅនៅផ្ទះជួលបណ្តោះអាសន្ន។ កាលខ្ញុំទិញដី ខ្ញុំបានដាក់​ប្លង់ផ្ទះ​នៅ​ស្រុក​បង»។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០​គីឡូម៉ែត្រ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩.១០​គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ ដែលចំណាយថវិកាសាងសង់សរុបប្រមាណ ២,០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd៕

32 Shares
Copy link
Powered by Social Snap