• Sat. Mar 19th, 2022

ឧកញ៉ា​ គួច​ ម៉េ​ងលី៖សិស្ស​កម្រិត​បឋម​សិក្សារ​ហូត​ដល់​វិទ្យាល័យ​គួរតែ​​រៀន​ពេញ​មួយ​ថ្ងៃ

629 Shares

ជា​ទស្សនៈ របស់​លោក ឧកញ៉ា​ វេជ្ជបណ្ឌិត គួច​ ម៉េ​ងលី វិស័យអប់រំនៅកម្ពុជានាពេលបច្ចុប្បន្ន គឺមានការរីកចម្រើនគួរឱ្យកត់សម្គាល់ហើយ តែដើម្បីឱ្យកាន់តែរីកចម្រើនជាងនេះទៅទៀតនោះ លោក ឧកញ៉ា យល់​ឃើញ​ថា គួរតែធ្វើកំណែទម្រង់បន្តិច ដោយឱ្យសិស្សចាប់ពីកម្រិត​បឋម​សិក្សារហូតដល់​វិទ្យាល័យរៀនពេញមួយថ្ងៃ។ ហេតុអ្វី ត្រូវ មាន​ការ​កែ​ទម្រង់​បែប​នេះ?


លោក​ឧកញ៉ា បាន​ពន្យល់​ថា ព្រោះថា បើមួយថ្ងៃបង្រៀនសិស្ស៤ម៉ោង គឺវាតិចខ្លាំងណាស់ ហើយ​ប៉ះ​ចំសាលាខ្លះលួចស៊ីម៉ោងសិស្សទៀត បង្រៀនសិស្សក្នុងមួយថ្ងៃត្រឹមតែ៣ម៉ោង តើបង្រៀន​អំពី​អ្វីទៅ៣ម៉ោងហ្នឹង? ចំណែកសាលាខ្លះទៀតគ្រូមកបង្រៀនយឺតម៉ោងរាល់ព្រឹក ហើយពេល​ថ្ងៃ​ចេញ​មុន​ម៉ោងទៀត បែបនេះរឹតតែគួរឱ្យព្រួយបារម្ភ។

លោក​ឧកញ៉ា បាន​លើក​ឡើង​ថា មែនទែនទៅ សាលាមួយចំនួន​បង្រៀនសិស្សក្នុងមួយ​ថ្ងៃមិនបាន​៣ម៉ោងស្រួល​បួលផង។ មុខវិជ្ជាខ្លះគ្រូត្រូវបង្រៀនសិស្ស១ម៉ោងពេញ ប៉ុន្តែគាត់បង្រៀនត្រឹមតែ៣៥​នាទី ឬ៤០នាទី។ សួរថា ៣៥នាទី ទៅ៤០នាទីហ្នឹង តើបង្រៀនស្អីគេ? គ្រាន់តែស្រង់វត្តមានសិស្ស វាចង់អស់ម៉ោងទៅហើយ។ ចំណែកមុខវិជ្ជាខ្លះទៀតត្រូវបង្រៀនក្នុងមួយសប្ដាហ៍៤ថ្ងៃ ប៉ុន្តែគ្រូទទួល​បន្ទុកបង្រៀនមុខវិជ្ជានោះសារ៉េចុះឡើងៗមកសល់ត្រឹមតែ២ថ្ងៃ ឬ៣ថ្ងៃ។

លោក​ឧកញ៉ា បាន​បន្ត​ឲ្យ​ដឹង​ថា ជួនកាលសារ៉េសល់២ឬ៣ថ្ងៃហ្នឹងហើយ គាត់អត់មកបង្រៀនទៀត ព្រោះគាត់យក​ពេលវេលាហ្នឹងទៅបង្រៀនគួរ ឬទៅបង្រៀននៅសាលាឯកជនដើម្បី​រកចំណូល​បន្ថែម​។ គ្រូខ្លះបង្រៀនគួរយកលុយសិស្សហើយនៅឆ្លៀតទៅបង្រៀនសាលា​ឯកជន២ឬ៣សាលា​ទៀត​។ អ៊ីចឹង​តើគាត់មានពេលទៅបង្រៀនសិស្សសាលារដ្ឋគ្រប់គ្រាន់ឬទេ? គឺអត់ទេ!

តាមការមើលឃើញរបស់​លោក​ឧកញ៉ា​ផ្ទាល់ នៅប្រទេសអភិវឌ្ឍភាគច្រើន​ក្រសួងអប់រំគេឱ្យសិស្ស​រៀន​ពេញមួយថ្ងៃ ម៉្លោះហើយបានជាសិស្សគេរៀនចប់មានចំណេះដឹងទូលំទូលាយ និងមាន​សមត្ថភាព​ពិតប្រាកដ។ ភាគច្រើនគេឱ្យសិស្សចូលរៀននៅម៉ោង៨ព្រឹក ហើយចេញពីរៀននៅ​ម៉ោង​៣​រសៀល។ ចំពោះសិស្សថ្នាក់បឋមសិក្សា និងអនុវិទ្យាល័យ ពេលថ្ងៃគេឱ្យសម្រាក​ញ៉ាំ​អាហារ​រយៈ​ពេល១​ម៉ោង ចំណែកសិស្សវិទ្យាល័យគេឱ្យសម្រាកត្រឹមតែ៤៥នាទីប៉ុណ្ណោះ។

ពេលវេលានៅសាលារៀនក្នុងមួយថ្ងៃៗច្រើនម៉ោងបែបនេះ ធ្វើឱ្យសិស្សមានពេលវេលាលេងកីឡា មាន​ពេលរៀនសិល្បៈ មានពេលរៀនអំពីសង្គម មានពេលរៀនអំពីគេហកិច្ច មានពេលរៀនអំពី​ទំនាក់​ទំនង​សាធារណៈ មានពេលរៀនអំពីជំនាញទន់ មានពេលរៀនជំនាញកុំព្យូទ័រ មាន​ពេលរៀន​គូរគំនូរ និងមានពេលវេលាចូលបណ្ណាល័យស្រាវជ្រាវឯកសារផ្សេងៗជាដើម។

អ៊ីចឹង​ហើយបាន​លោក​ឧកញ៉ា​តែងនិយាយថា សិស្សថ្នាក់ទី១២ស្រុកយើង មានចំណេះ​ដឹងស្មើនឹង​សិស្សថ្នាក់​ទី៩​ស្រុកគេតែប៉ុណ្ណោះ ព្រោះសិស្សស្រុកគេរៀនក្នុងថ្នាក់១ម៉ោង គេមករៀនក្រៅ​ថ្នាក់២​ម៉ោង​បន្ថែម ហើយយប់ឡើងដោះស្រាយចំណោទ មេរៀន លំហាត់ ដែល​គ្រូដាក់ឱ្យធ្វើ ដល់ម៉ោង៣​ទៀបភ្លឺ​មិនទាន់​ហើយ​ផង។

នៅស្រុកយើងបានតែរៀនពេញមួយថ្ងៃគឺរៀនពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍តែម្ដង ហើយរៀន​ពីម៉ោង៧កន្លះ​ព្រឹកដល់ម៉ោង៥ល្ងាចទៀត។ បើពុំដូច្នោះទេ បើគាត់រៀនមួយព្រឹកវិញ គាត់ឆ្លៀតពេល​ទៅរៀនគួរ​បន្ថែម។ រៀនគួរបន្ថែមហើយ គិតថាខ្លួនអត់ចេះភាសាអង់គ្លេស ក៏រត់ទៅរៀនភាសាអង់គ្លេសទៀត។ រៀនភាសាអង់គ្លេសហើយ គាត់គិតទៀតថា បើអត់ចេះប្រើប្រាស់កុំព្យូទ័រ គឺពិបាកធ្វើកិច្ចការសាលា​នៅថ្នាក់មហាវិទ្យាល័យ ឬពិបាករកការងារធ្វើ ដូច្នេះគាត់ក៏ទៅរៀនកុំព្យូទ័រមួយជំនាញទៀត។

ក្រោយពេលរៀនកុំព្យូទ័រហើយ ឃើញគេចេះភាសាចិនគ្រប់គ្នា គាត់ក៏រត់ទៅរៀនភាសាចិន​មួយមុខ​ទៀត។ លុះពេលរៀនៗខ្វះលុយចាយ ពួកគាត់ក៏ចាប់ផ្ដើមឆ្លៀតពេលទៅ​ធ្វើការងារនៅ​តាម​ហាង​ផឹក​ស៊ី ​ឬខារ៉ាអូខេ ដើម្បីរកលុយផ្គត់ផ្គង់ថ្លៃសិក្សា និងថ្លៃចាយវាយបន្ថែមទៀត។ ហេតុអ្វីយុវជនយើង​មហាអភ័ព្វខ្លាំងម៉្ល៉េះ? ហេតុអ្វីក៏មមាញឹកខុសក្បួនបែបនេះ?

មួយ​ថ្ងៃៗ​ពួក​គាត់​រៀន​ឡើងខ្សោះ​ខ្លួនអស់ហើយ រកពេលជួបជុំម៉ែឪបងប្អូនអត់បាន ហើយរក​ពេល​ដើរ​កម្សាន្ត​ដើម្បី​លម្ហែអារម្មណ៍ក៏អត់បានទៀត។ នៅស្រុកគេ គេរៀនពីព្រឹកដល់ល្ងាចក៏ពិតមែន ប៉ុន្តែគេរៀន​ពីថ្ងៃ​ចន្ទដល់​ថ្ងៃសុក្រ ហើយព្រឹកឡើងគេចូលរៀននៅម៉ោង៨ និងចេញពីរៀននៅម៉ោង៣រសៀល។

នៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យ គេ​នាំកូនទៅដើរកម្សាន្ត ទៅមើលកុន ទៅសារមន្ទីរ ឬទៅឡើងភ្នំមើល​ទេសភាព​ធម្មជាតិ ដើម្បីបណ្ដុះផ្នត់គំនិតកូនរបស់ពួកគេឱ្យស្រឡាញ់ធម្មជាតិ និងចេះ​ថែរក្សា​ធម្មជាតិ។

​លោក ឧកញ៉ា​ វេជ្ជបណ្ឌិត គួច​ ម៉េ​ងលី​ សូមបញ្ជាក់ម្ដងទៀតថា ដើម្បីឱ្យគុណភាពអប់រំកាន់​តែរីក​ចម្រើន យើងគួរតែប្ដូរកម្មវិធី​សិក្សា​ឱ្យ​សិស្ស​រៀនពេញមួយថ្ងៃដូចគេ (ចូលម៉ោង៨ព្រឹក ចេញ​ម៉ោង​៣រសៀល) គ្រូត្រូវតែមកបង្រៀន​សិស្ស​ឱ្យ​បានទៀងទាត់ និងមិនលួចស៊ីម៉ោងសិស្ស ប៉ុន្តែ​បើ​គ្រូ​នោះ​អវត្តមាន យើងត្រូវចាត់​តាំងគ្រូ​ផ្សេង​មកបង្រៀនជំនួស។ ជាងនេះទៅទៀត គ្រប់បណ្ដា​សាលារៀន​រដ្ឋ​ និងសាលា​រៀនឯកជន​ទាំង​អស់​ត្រូវតែរៀបចំឱ្យមានសោភណភាព ផាសុកភាព និងធានាបាននូវ​សុវត្ថិភាព​សិស្ស ហើយសិស្ស​មករៀន​ត្រូវតែចូលរៀនជាកំហិត។ មិនត្រឹមតែប៉ុណ្ណោះ គ្រូបង្រៀន​គ្រប់រូប​ត្រូវតែ​ចាត់​ទុក​សិស្ស​ប្រៀប​ដូចជាកូនរបស់ខ្លួន និងយកចិត្តទុកដាក់បង្រៀនពួកគេ​ឱ្យអស់​ពី​សមត្ថភាព​ ដោយ​កុំលាក់​លៀម​បៀម​ចំណេះទុកឱ្យសោះ៕
ប្រភព៖​MJQ University Press

629 Shares
Copy link
Powered by Social Snap