• Mon. Mar 14th, 2022

ឧកញ៉ា កែវ មុំ៖ ខ្ញុំបរាជ័យជា​ច្រើន​លើក​ មុន​បង្កើត​រោង​ចក្រនំ​ស្រួយ លី​លី​ ជោគ​ជ័យ

97 Shares

បុគ្គលជោគជ័យ មានមនុស្សជាច្រើន​ ដែលឆ្លងកាត់បទពិសោធន៍បរាជ័យ​ មុន​សម្រេចបានជោគជ័យ។ បុគ្គលដែលជោគជ័យ​ តែងតែចាត់ទុកឧបសគ្គ​ថា ជាគ្រូ​បង្រៀនចាំតម្រែតម្រង់ផ្លូវឆ្ពោះទៅរកភាពជោគជ័យ។ ជាក់ស្តែង​ ឧកញ៉ា​ កែវ​ មុំ​ ជាស្រ្តីដ៏រឹងមាំម្នាក់​ ជួបបរាជ័យ​ និងដួលជាច្រើនលើក​ ទម្រាំមានកេរ្តិ៍ឈ្មោះ​ និងជោគ​ជ័យក្លាយជា​នាយិការក្រុមហ៊ុនផលិតនំស្រួយ​ លីលី ​ដូចសព្វថ្ងៃនេះ។ តើឧកញ៉ា​ កែវ​ មុំ​ មានការតស៊ូបែបណាខ្លះ​ នៅក្នុងជីវិតជាអ្នកជំនួញ?

OLYMPUS DIGITAL CAMERA

នៅពេលដែលបានស្តាប់ការរៀបរាប់ពីឧបសគ្គ និងដំណោះស្រាយខ្លះៗ​របស់អគ្គនា​យិការក្រុមហ៊ុនផលិតនំស្រួយ លីលី យើងដឹងថា លោកជំទាវឧកញ៉ា កែវ មុំ គឺជា​ស្រ្តីដ៏រឹងមាំម្នាក់ និងមានការតស៊ូខ្ពស់ ទម្រាំបានជោគជ័យដូចសព្វថ្ងៃនេះ។

បច្ចុប្បន្នលោកជំទាវជាអគ្គនាយិការសហគ្រាសផលិតនំស្រួយលីលី និងជាប្រ​ធាន​សមាគមសហគ្រិនស្រ្តីកម្ពុជា។

លោកជំទាវឧកញ៉ា កែវ មុំ កើត​នៅ​ឆ្នាំ ១៩៧៥ នៅខេត្តកំពង់ស្ពឺ ក្នុងភូមិរំដោះថ្មី ជាប់ព្រំប្រទល់ខេត្តតាកែវ។ លោកជំទាវជាកូនទី ៣ នៅក្នុងចំណោមបងប្អូនបង្កើត ៧នាក់ ស្រី ៥ ប្រុស ២ ដែលមានឪពុកម្តាយ ជាអ្នកលក់ដូរបន្តិចបន្តួច​ប៉ុណ្ណោះនៅជំ​នាន់នោះ។

ដោយសុខភាពម្តាយមិនអំណោយផល ដែលជាហេតុធ្វើឲ្យយុវតី កែវ មុំ បង្ខំចិត្ត​ឈប់រៀននៅអំឡុងដើមទសវត្សរ៍ ៩០ ត្រឹមមធ្យមសិក្សាទុតិយភូមិប៉ុណ្ណោះ ដើម្បី​ជួយគ្រប់គ្រងការលក់ដូរអាជីវកម្មខ្នាតតូចក្នុងគ្រួសារ។ ទម្លាប់​នេះហើយ ​ដែល​ធ្វើឲ្យយុវតី កែវ មុំ ចម្លងនិស្ស័យបណ្តុះគំនិតធ្វើអាជីវកម្មតាំងពីវ័យក្មេង។ ម្យ៉ាងវិញ​ទៀត យុវតី កែវ មុំ មានទស្សនវិស័យមួយ មិនចង់ធ្វើការឲ្យគេ រួមផ្សំជាមួយបទ​ពិសោធន៍មានបន្តិចបន្តួចផង ក៏ផ្តើមអាជីវកម្មជាបន្តបន្ទាប់មក។

ទោះយ៉ាងណា ដំបូងឡើយលោកស្រី កែវ មុំ ធ្លាប់ធ្វើការឲ្យក្រុមហ៊ុនមួយ ដើម្បីយកបទ​ពិសោធន៍ តែបានចិញ្ចឹមចិត្តសម្លឹងមើលឱកាសសម្រាប់ធ្វើអាជីវកម្ម។ លោកជំទាវ បាន​រំឭក​ថា​ «នៅ​ពេល​ធ្វើការ​ជាមួយ​ក្រុមហ៊ុនសិង្ហបុរីដំបូង ​ដោយថៅកែ​ក្រុមហ៊ុន​បាន​ពន្យល់ណែនាំ និង​ឲ្យ​​ធ្វើ​ជា​អ្នក​លក់​ទំនិញ​ មានដូចជា ​ភេសជ្ជៈ ទឹកក្រូច ស្រាបៀរ នំធុង ជាដើម។ នៅ​ពេល​នោះ​ហើយ ​ដែល​ខ្ញុំ បាន​សម្លឹង​ឃើញ​សក្ដានុពល​ក្នុង​ការ​ផលិត​នំ​លក់​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក»។

ព្រោះតែមើលឃើញពីទំនិញនៅលើទីផ្សារកម្ពុជា ដែលនំាចូលពីបរទេសគ្មានគុណភាព លោកជំទាវ កែវ មុំ ផ្តើមមានគំនិតចង់បង្កើតរោងចក្រផលិតនំ ដែលមានគុណ​ភាព​សម្រាប់លក់នៅក្នុងស្រុក។ គំនិតវិជ្ជមានដំបូង ដែលលោកជំទាវគិតឃើញទី១គឺ «បើផលិតបាននៅក្នុងស្រុក អាចផ្តល់ចំណីអាហារ ដែលថ្មីហើយ​ស្រស់សម្រាប់កុមារ​នៅកម្ពុជា,ទី២ ចំណេញថ្លៃដឹកជញ្ជូន, ទី៣ ផ្តល់ឱកាសការងារដល់កសិករ តាមរយៈ​បង្កើនការដាំដុះ និងផ្តល់ចំណូលក្នុងគ្រួសារ, ទី៤ ផ្តល់ឱកាសការងារដល់កម្មករ, និងទី៥ ទប់ស្កាត់ការចំណាកស្រុក កាត់បន្ថយភាពក្រីក្រ។ មើលឃើញដូច្នេះ លោក​ស្រី កែវ មុំ ក៏ចាប់ផ្តើមបង្កើតរោងចក្រផលិតនំស្រួលលីលីឡើង»។

បើតាមលោកជំទាវ កែវ មុំ ការបង្កើតរោងចក្រផលិតនំដំបូងមានការលំបាកខ្លាំង ព្រោះខ្វះបទទាំងពិសោធន៍ ខ្វះទាំងដើមទន់ និងត្រូវចំណាយពេល​ផ្សព្វផ្សាយ​ឲ្យអតិថិជនស្គាល់ផង។ លោកស្រីប្រាប់ថា៖ « ដោយសារ ការខិតខំប្រឹងប្រែង​ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ធ្វើឲ្យមុខជំនួញទទួលការចាប់អារម្មណ៍​ពីសំណាក់​ប្រជា​ពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃ។  នៅអំឡុងឆ្នាំ ២០០៥ រោងចក្រផលិតនំស្រួយ​លីលី ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះ និងលក់ដាច់ខ្លាំង»។

បច្ចុប្បន្ន​រោងចក្រ​នំស្រួយ លីលី បាន​ក្លាយ​ជា​សហគ្រាស​ផលិត​នំស្រួយ​ក្នុង ១ថ្ងៃ​បានផលិតបានជាច្រើនតោន​ និង​បាន​ផ្ដល់​ការងារ​ដល់បុគ្គលិក និង​កម្មករ​ខ្មែរ​ជាច្រើនរយនាក់ផងដែរ។

បើ​តាម​លោកជំទាវឧកញ៉ា កែវ មុំ នំស្រួយលីលី មិនត្រឹមតែចរាចរណ៍លក់​នៅក្នុងប្រ​ទេស​ប៉ុណ្ណោះទេ នំនេះក៏នាំចេញចែកចាយទៅក្រៅប្រទេសផងដែរ។

អគ្គនាយិការសហគ្រាសនំស្រួយលីលី ទទួលបានប័ណ្ណសរសើរ និងពានរង្វាន់ជាច្រើន​ផងដែរ។ នៅឆ្នាំ ២០១៥ លោកជំទាវត្រូវបានបោះឆ្នោត​ឲ្យជាប់ក្លាយជាប្រធាន​សមាគម​សហគ្រិន​ស្ដ្រីកម្ពុជា។ សមាគមនេះ បង្កើតឡើងគោលបំណងបណ្តុះ​បណ្តាលពង្រឹង​សមត្ថភាព​ស្រ្តីនៅកម្ពុជា ឲ្យមានភាពក្លាហាន ដើម្បី​​មាន​លទ្ធភាព​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ។

លោកជំទាវឧកញ៉ា កែវ មុំ មានបុត្រចំនួន ៣នាក់ ស្រី ១ ប្រុស២។ កូនស្រីទី២ ឈ្មោះលីលី អាចនឹងស្នងតួនាទី គ្រប់គ្រងសហគ្រាសនំស្រួយលីលី នាថ្ងៃអនាគត។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ កែវ មុំ៕

97 Shares
Copy link
Powered by Social Snap