• Mon. Mar 14th, 2022

ទូកខេត្តកណ្ដាល​ជាប់លេខ១ ក្នុងការប្រ​ណាំ​ង “ទូកនាគ” ជើងឯក​ភូមិ​ភាគ​វាល​រាប ពាន​រង្វាន់​សម្ដេច​ ស ខេង

0 Shares

ក្នុងការប្រណាំងទូកនាគចំណុះ១២នាក់ ចម្រុះបុរស-នារី ចម្ងាយ ៥០០ម៉ែត្រ ទូកមកពី​ឃុំព្រែក​តាទែន សុ្រកពញាឮ ខេត្តកណ្ដាល បានយកឈ្នះលើទូក​របស់ខេត្តកំពង់​ចាមទាំង២ជើង ទាំងខ្សែទឹកខាងក្នុងនិងខ្សែទឹកខាងក្រៅ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយបាន​មកដល់ទីមុនគូប្រកួតទាំង២ជើង។ ក្នុងជើងទី១ ​ទូកជើងឯកចំណុះ ចម្រុះបុ​រស-នារី​នេះបានថេរៈវេលា ៤នាទី ១៦វិនាទី ចុច២៥ និង ជើងទី២ ចំណាយពេល ៤នាទី២១​វិនាទីចុច០២ សរុបទាំង២ជើង ប្រើថេរៈវេលា ៨នាទី ៣៧វិនាទី ដោយបាន​ចំណាយ​ពេលតិចជាង ទូកខេត្តកំពង់ចាម។

ចំណែកទូករបស់ខេត្តកណ្ដាល១ទៀតឈរនៅចំណាត់ថ្នាក់លេខ២ ឯទូកខេត្តកំពង់​ចាមជាប់ចំណាត់ថ្នាក់លេខ៣។ វិញ្ញាសាទូកអុំប្រពៃណីខ្នាតអន្ដរជាតិ ឬ ទូកនាគ  បុរសចំណុះ១២នាក់​ចម្ងាយ ១.០០០ម៉ែត្រ និង នារីចម្ងាយ៥០០ម៉ែត្រ ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ ធ្វើឡើងនៅទី២៩ ខែមករា ឆ្នាំ២០២០នេះ។ 

ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្ដរជាតិ ទូកនាគ ជ្រើសរើសជើងឯក ភូមិភាគវាល​រាប ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០ ចាប់ផ្ដើមប្រ​កួត​ជាផ្លូវការ កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅដងទន្លេបាសាក់ ទីក្រុង​តាខ្មៅ ខេត្តកណ្ដាល ដើម្បីជំរុញចលនាកីឡានេះឱ្យកាន់តែសកម្មផុលផុស ក្នុងបំ​ណងសម្រិតសម្រាំងរកទូកខ្លាំងៗទៅចូលរួមប្រកួតនៅថ្នាក់ជាតិ ពិសេសសម្រួច​ទិសដៅឆ្ពោះធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខនេះនៅកម្ពុជា ។

កញ្ញា មាស តឿ មន្ដ្រីសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានឱ្យដឹងថា ការប្រកួត​ទូកប្រពៃណីខ្នាតអន្ដរជាតិ «ទូកនាគ» ឆ្នាំនេះ គណៈកម្មការរៀប​ចំបានចម្រាញ់​យក​តែទូក   ខ្លាំងៗប៉ុណ្ណោះសម្រាប់ចូលរួមក្នុងការប្រកួតថ្នាក់ជាតិ ដែលសរុបមានចំនួន ១២ក្រុមចូលរួម។ ក្នុងនោះមានទូក បុរស៦ក្រុម ទូកនារី៣ក្រុម និងទូកចម្រុះបុរស​-នារី៣ក្រុម ប្រកួតលើវិញ្ញាសា ចំណុះ១២នាក់ ចម្ងាយ៥០០ម៉ែត្រចម្រុះបុរស-នារី និងចំណុះ១២នាក់ ចម្ងាយ ១.០០០ម៉ែត្រ  បុរស។ ការប្រកួតក្នុង១ដំណាក់កាល មាន២ជើង គឺខ្សែទឹកខាងក្រៅ និង ខ្សែទឹកខាងក្នុង ដោយគិតរយៈពេលក្រុម​ដែល​ទទួល​បានថេរៈវេលាតិចជាងគេ គឺជាទូកដែលឈ្នះ បានឡើងទៅ​ប្រកួតនៅវគ្គពាក់​កណ្ដាលផ្ដាច់ព្រ័ត្រ និង ផ្ដាច់ព្រ័ត្រ៕

0 Shares
Copy link
Powered by Social Snap