• Mon. Mar 14th, 2022

ប្រធាន ​CVEA​៖ វិស័​យ​អចលន​ទ្រព្យ​ក​ម្ពុជា​មិន​រង​​​ផល​​ប៉ះ​​ពាល់​ឡើយ ពី​​ឥទ្ធិពល​​នៃ​​វីរុស​កូ​រ៉ូ​ណា

42 Shares

នៅក្នុងសន្និបាតបូកសរុបការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ កាលពី​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់​ងារអចល​នវត្ថុក​ម្ពុជា លោក ច្រឹក សុខនីម បានលើកឡើងថា ការផ្ទុះនៃវីរុសកូរ៉ូណាមិនអាចធ្វើឲ្យ វិស័យអចលនទ្រព្យរងផលប៉ះពាល់ឡើយ ដោយសារតែជំងឺនេះនឹងបាត់ទៅវិញ ក្នុងរយៈពេលខ្លីខាងមុខនេះ។

នាឪកាសនោះ លោកបានអះអាងបន្តថា នៅពេលដែលកំពុងផ្ទុះវីរុសនេះឡើង អាចនឹងមានការឈប់សម្រាកពីការងារមួយរយៈ ប៉ុន្ដែមិនមានកត្តាហានិភ័យណាមួយ ដែលអាចប៉ះពាល់ដល់វិស័យ អចលនទ្រព្យឡើយ។

លោក ច្រឹក សុខនីម បានបន្ថែមថា «ពីមុនកម្ពុជាក៏មានវីរុសផ្សេងៗដូចជា ជំងឺសារ, ជំងឺផ្ដាសាយបក្សី មុននឹងចូលដល់ជំងឺកូរ៉ូណានេះ។ ជាទូទៅជំងឺទាំងនេះនឹងបាត់​ទៅវិញ ក្នុងរយៈពេលប្រមាណត្រឹមតែ១-២ខែប៉ុណ្ណោះ ហើយក្នុងរយៈពេលដ៏ខ្លីនេះ នឹងមិនអាចបង្កផលលំបាក ដល់វិស័យអចលនទ្រព្យនោះឡើយ ហើយក៏​មិនជា​បញ្ហាដែលបងប្អូនប្រជាពលរដ្ឋគួរបារម្ភពេកនោះឡើយ»។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជារូបនេះ ក៏បានអះអាងថា វិស័យអចលន​ទ្រព្យកម្ពុជា ឆ្នាំ២០២០ នៅតែបន្ដភាពរឹងមាំ។លោកថា កត្តារឹងមាំ​ដោយផ្អែកសរសរស្តម្ភ៣រួមមាន៖ ភ្នាក់ងារអចលនវត្ថុ, ភ្នាក់ងារវាយតម្លៃ និងការអភិវឌ្ឍគម្រោង។

លោកបានបញ្ជាក់ថា សរសរស្ដម្ភទាំង៣នេះ បានជំរុញឲ្យវិស័យដីធ្លីមានភាពរឹងមាំ។ ក្រៅអំពីនេះសមាគមបានដុតដៃដុតជើង ក្នុងការចូលរួមបណ្ដុះបណ្ដាល នូវជំនាញ​វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុជាង១,០០០នាក់។

គួរបញ្ជាក់ថា គិតរហូតមកដល់ថ្ងៃទី៣១ ខែមករានេះ ជំងឺផ្លូវដង្ហើមថ្មី ដែលផ្ទុះ​ចេញពី​ក្រុងវូហាន ប្រទេសចិន បានរីករាលដល់ប្រទេសចំនួន២៣ នៅលើពិភពលោក ហើយបណ្តាលឱ្យមានមនុស្សស្លាប់២១៣នាក់ និងជាង៩៨០០នាក់កំពុងមានមេរោគ។

ជាមួយគ្នានេះ នៅថ្ងៃនេះអង្គការសុខភាពពិភពលោក (WHO) ក៏បានចេញប្រកាស​អាសន្នជាសកលមួយ ចំពោះការវាយប្រហារនៃជំ​ងឺផ្លូវ​ដង្ហើមថ្មីកូរ៉ូណានៅ​លើពិភព​លោក ៕ អត្ថបទ៖ សិរីកា

42 Shares
Copy link
Powered by Social Snap