• Fri. Mar 18th, 2022

សម្តេច ហ៊ុន សែន ប្រាប់​លោក ស៊ី ជិនពីង​ថា ទោះចិន​ត្រៀមម៉ាសឱ្យ ក៏​សម្តេច​មិនពាក់ដែរ

131 Shares


សម្តេច ហ៊ុន សែន បាន​បញ្ជាក់​ប្រាប់​ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងជំនួប​គ្នាមួយ​នៅក្រុង​ប៉េកាំង កាលពីថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២០​ថា សម្តេច​មិន​ពាក់​ម៉ាស់ទេ ហើយ​បើពាក់ម៉ាស់​មិនបាច់មក​ទស្សនកិច្ច​នៅ​ប្រទេសចិន​ទេ។ សម្តេច​បានគូស​បញ្ជាក់ទៀត​ថា ទោះបី​មិត្តចិន​ បានត្រៀម​ម៉ាស់​សម្រាប់​សម្តេច​ក៏ដោយ ក៏​សម្តេច​មិនពាក់ដែរ។
សម្តេច​បាន​ពន្យល់​ថា គោលបំណង​នៃការធ្វើដំណើរ​ទស្សនកិច្ច​មកកាន់ប្រទេសចិន​មាន​៣ចំណុច៖

ទី១. បង្ហាញនូវសាមគ្គីភាពជាមួយរដ្ឋាភិបាលចិន ក៏ដូចជាប្រជាពលរដ្ឋចិននៅក្នុងគ្រាលំបាកនេះ

ទី២. ដើម្បីពង្រឹងនូវស្មារតី និងជំនឿចិត្តសម្រាប់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជារស់នៅ និងសិក្សានៅប្រទេសចិន ឱ្យបន្តស្នាក់នៅប្រទេសចិនទៀត តស៊ូជាមួយប្រជាពលរដ្ឋចិន

ទី៣. បញ្ជូនសារទៅប្រជាពលរដ្ឋកម្ពុជា ជំងឺរបស់ពលរដ្ឋកម្ពុជា មិនមែនជំងឺបង្កឡើងដោយមេរោគ «កូរ៉ូណា» នោះទេ គឺជំងឺភ័យខ្លាច ហើយមកដល់ពេលនេះមិនទាន់ពលរដ្ឋកម្ពុជាណាម្នាក់កើតជំងឺនេះទេ។ សម្តេចតេជោ បានគូសបញ្ជាក់ដែរថា ប្រទេសខ្លះហាក់បីដូចជាធ្វើសង្គ្រាមចិត្តសាស្ត្រធ្វើឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ។

លោកប្រធានាធិបតីចិន បានគូសបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសថា គាំទ្រប្រទេសចិន ហើយកម្ពុជា បានចូលរួម រួមសុខ រួមទុក្ខជាមួយប្រទេសចិន លោក​ពិតជាអរគុណចំពោះទឹកចិត្តរបស់កម្ពុជា។ លោក​បានគូសបញ្ជាក់ដែរថា ចាប់ពីឆ្នាំកន្លងទៅនេះ ទំនាក់ទំនងកម្ពុជា និងចិន ចាប់ផ្តើមក្នុងទំព័រសករាជថ្មី ដោយបានអនុវត្តនូវនយោបាយជោគវាសនារួមគ្នា ហើយអាចដាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងកម្រិតថ្មីមួយទៀតចាប់ពីពេលនេះតទៅ។

លោក​បន្តថា ប្រជាពលរដ្ឋចិន ក៏ដូចជារដ្ឋាភិបាលចិន កំពុងប្រឈមនឹងការរីករាលដាលនៃជំងឺផ្លូវដង្ហើមបង្កដោយមេរោគ «កូរ៉ូណា»នេះ ហើយចំពោះប្រជាពលរដ្ឋកម្ពុជា ជាពិសេសនិស្សិតកម្ពុជាកំពុងរស់នៅក្នុងប្រទេសចិន រដ្ឋាភិបាលចិនកំពុងយកចិត្តទុកដាក់។

លោក ស៊ី ជិនពីង បានគូសបញ្ជាក់ថា បើរដ្ឋាភិបាលចិន មិនចាត់វិធានការភ្លាមៗ និងច្បាស់លាស់ទេ ជំងឺនេះអាចមានគ្រោះថ្នាក់ និងធ្ងន់ធ្ងរជាងនេះ។ កន្លងមកនេះ រដ្ឋាភិបាលចិន បានបង្កើតគណៈកម្មការចំនួន៣ ធ្វើការប្រយុទ្ធប្រឆាំងជាមួយជំងឺនេះ។ រដ្ឋាភិបាលចិន បានទទួលការគាំទ្រ និងអបអរសាទរពីអង្គការសុខភាពពិភពលោក WHO ចំពោះការព្យាយាមដោះស្រាយនូវជំងឺនេះ។

លោក​ប្រធានាធិបតី បានឱ្យដឹង​ថា ទីក្រុងវូហាន មានប្រជាពលរដ្ឋប្រមាណ ១០លាននាក់ ហើយនៅខេត្តហូប៉ី មានប្រជាពលរដ្ឋចន្លោះពី៦០ ទៅ៧០លាននាក់។ ដោយសារតែមានចំណាត់ការច្បាស់លាស់ និមានប្រសិទ្ធភាព ទើបធ្វើឱ្យការរីករាលដាលជំងឺនេះមានការថមថយ៕


ប្រភព៖ ខ្លីៗ
អត្ថបទ និងរូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

131 Shares
Copy link
Powered by Social Snap