• Sat. Mar 19th, 2022

ឧកញ៉ា លឹម ហេង៖ ​វិបិត្ត២ធំៗ កំ​​ពុង​ជះ​ឥទ្ធិព​ល​ដល់​វិ​ស័​​យ​កៅ​ស៊ូ​ក​ម្ពុជា

60 Shares

លោក ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា​ ក្រុមហ៊ុនចំការកៅស៊ូធំៗ កំពុងជួបវិ​បត្តិចំនួន២ធំៗ ដែលកំពុងជិះឥទ្ធិពលដល់វិស័យកៅស៊ូកម្ពុជា។

យោងតាមរយៈទំព័រហ្វេស​ប៊ុក​ផ្លូវការរបស់ លោក ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្មកម្ពុជា  ដែលបានលើកឡើងបន្ទាប់លោកឧកញ៉ាបានចូល​រួមកិច្ចប្រ​ជុំក្រុមការងារទី ១ “កសិកម្ម -កសិ ឧស្សាហកម្ម” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន កាលពីថ្ងៃទី១១ ខែ គុម្ភៈថា ក្រុមហ៊ុនចំការកៅស៊ូធំៗ កំពុងជួបវិបត្តិចំនួន២ គឺ៖

១- កំពុងខ្វះកម្លាំងពលកម្ម

២- ជ័រកៅស៊ូនៅទីផ្សារ នៅបន្តមានតម្លៃថោក ក្នុងរយៈពេលជិតដប់ឆ្នាំមកដល់សព្វថ្ងៃនេះ។

លោកឪកញ៉ាបញ្ជាក់ថា  វិបត្តិនេះ នឹងអាចបន្ត ដោយសារស្ថានភាពសេដ្ឋកិច្ចស​កល​នាបច្ចុប្បន្ននេះ ហើយបើតាមស្ថានភាពសេដ្ឋកិច្ចសកលនាសព្វថ្ងៃនេះ គឺមិនទាន់​មានវិធីដែលអាចស្រោចស្រង់បាននូវឡើយទេ។ តែយ៉ាងណា លោកថា បច្ចុប្បន្នកំ​ពុងត្រៀមប្រមូលបញ្ហារបស់ក្រុមហ៊ុន សហគ្រាស អ្នករកស៊ី ដែលជួបការលំ​បាកជា​មួយ​មន្ត្រី និងស្ថាប័នរដ្ឋនានា ដើម្បីដាក់ជូនសម្តេចនាយករដ្ឋមន្ត្រី ដោះស្រាយ​នៅថ្ងៃទី១ ខែមេសា ខាងមុខនេះ ។

ពាក់ព័ន្ធដំណាំកៅស៊ូនេះដែរ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ លោក វេ​ង សាខុន កាលពីពេលថ្មីៗនេះ បាន​លើកឡើងថា កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ជិត ៣០ម៉ឺន​តោន កើនឡើង៣០ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដោយ​អាច​រក​ចំណូល​ជិត ៤០០លាន​ដុល្លារ នៅ​ឆ្នាំ២០១៩។

ជាមួយគ្នានេះ លោក​ថា ក្រសួង​ដែលមាន​អគ្គនាយកដ្ឋាន​កៅស៊ូ​ជា​សេនា​ការ បាន​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​អភិវឌ្ឍ​ឧស្សាហកម្ម​កៅស៊ូ​ធម្មជាតិ ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង និង​មាន​ភាព​ប្រកួតប្រជែង តាមរយៈ​ការដាក់បញ្ចូល​ផែនការ អភិវឌ្ឍន៍​ឧស្សាហ​កម្ម​កៅស៊ូ​ធម្មជាតិ ទៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ វិស័យ​កសិកម្ម២០១៩-២០២៣ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៩- ២០២៣ និង​បន្ត​ជំរុញ​ការអនុវត្ត​ផែនការ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កៅស៊ូ​ធម្មជាតិ ឆ្ពោះទៅ​ឆ្នាំ២០៣០ ឱ្យបាន​ជោគជ័យ​តាម​គោលដៅ​គ្រោងទុក៕ អត្ថបទ៖ សិរីកា

60 Shares
Copy link
Powered by Social Snap