• Fri. Mar 18th, 2022

លោក ឃួង ​ស្រេង ៖ រាជធា​នីភ្នំ​ពេញ​​មាន​គ​ម្រោង​សាង​សង់ជាង​១ពា​ន់គម្រោង គិត​ត្រឹម​ឆ្នាំ ២​០១៩

8 Shares

ភ្នំពេញ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា វិស័យសំ​ណង់នៅភ្នំពេញ គិតត្រឹមឆ្នាំ២០១៩ ទទួលបាននូវគម្រោងសាងសង់ចំនួន ១០៣០​គម្រោង ដែលមានទំហំទុនវិនិយោគ ប្រមាណប្រហែលជា ៣,៤ពាន់លាន​ដុល្លារអា​មេរិក។

អភិបាលរាជធានីភ្នំពេញ ថ្លែងឲ្យដឹងបែបនេះ នៅក្នុងវគ្គបណ្តុះបណ្តាលអំពីច្បាប់ ស្តីពីសំណង់ដល់អាជ្ញាធរ មានសមត្ថកិច្ច និងអ្នកពាក់ព័ន្ឋចាំបាច់នៅថ្នាក់ក្រោមជាតិ នៃរដ្ឋបាលរាជធានីភ្នំពេញ ដែលរៀបចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ កាលពេលថ្មីៗនេះ។

ថ្លែងទៅកាន់មន្ត្រីចូលរួមវគ្គបណ្តុះបណ្តាលជាង ៣០០នាក់  លោក ឃួង ស្រេង អភិបា​លរាជ​ធានីភ្នំពេញ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោល​បំណងដើម្បីបញ្ជៀបការយល់ដឹងច្បាប់ស្តីពីសំណង់ និងដើម្បីលើកកំពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើងលើវិស័យសំណង់។

បើតាមអភិបាលរាជធានីភ្នំពេញ វិស័យសំណង់នៅភ្នំពេញ គិតត្រឹមឆ្នាំ២០១៩កន្លងទៅ យើងមានសំណង់បុរី និងបណ្តុំផ្ទះល្វែងចំនួន ២៣៧កន្លែង អគារខ្ពស់ៗចំនួន ៤ជាន់​ឡើងទៅមានចំនួន ១២៤៧ទីតាំង ផ្ទះសំណាក់មានចំនួន ៦៣៤ទីតាំង សណ្ឋាគារ​ផ្កាយ​៥ ចំនួន ៤ទីតាំង សណ្ឋាគារប្រណិតៗចំនួន ២៦០ទីតាំង និងទទួលបាននូវ​គម្រោង​សាង​សង់​ថ្មីៗទៀតចំនួន ១០៣០គម្រោង ដែលមានទំហំទុនវិនិយោគប៉ាន់​ប្រមាណប្រ​ហែលជា ៣,៤ពាន់លានដុល្លារអាមេរិក។

អភិបាលរាជធានីភ្នំពេញរូបនេះ ក៏បានឲ្យដឹងបន្តថា ទន្ទឹមនឹងការរីកចំរើន​នេះរាជធា​នីភ្នំពេញ ក៏មានបញ្ហាប្រឈមយ៉ាងខ្លាំងផងដែរ ពិសេសលើវិស័យសំណង់នេះ ព្រោះថា សំណង់កាន់តែច្រើន ទំហំកាន់តែធំ អគារកាន់តែខ្ពស់ ធ្វើអោយយើងកាន់តែស្មុកស្មាញ ដែលទាមទាឲ្យយកចិត្តទុកដាក់ពង្រឹងយន្តការគ្រប់គ្រងរាល់ដំណើរការសាងសង់ និងការដ្ឋានសំណង់ ទាំងអស់ឲ្យបានត្រឹមត្រូវទៅតាមស្តង់ដារ គុណភាព បច្ចេកទេស​សាងសង់ ដើម្បីធានាភាពរឹងមាំ សោភណ្ឌភាព គុណភាពសំណង់និង​ដើម្បីបញ្ជៀស​គ្រោះថ្នាក់ការងារដែលកើតឡើងដោយយថាហេតុ៕ អត្ថបទ៖ សិរីកា

8 Shares
Copy link
Powered by Social Snap