• Wed. Mar 16th, 2022

កម្ពុជា រក​ឃើ​ញ​ករ​ណីឆ្លង​កូវី​ដ១៩ ចំនួន ៨៤នាក់ ខណៈអ្នក​ជំ​នា​ញ​បន្ត​ស្រាវ​ជ្រាវ​រក​​អ្នក​ឆ្លង​ប​ន្ថែម​ទៀត

672 Shares

ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២០ កម្ពុជារកឃើញ​ករណីឆ្លងវីរុស​កូវីដ១៩ ចំនួន ៣១នាក់ បន្ថែមទៀត នៅខេត្តព្រះសីហនុ សរុបកើនឡើងចំនួន ៨៤នាក់ហើយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា។

ក្រសួងសុខាភិបាល ប្រកាសថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន៣១បន្ថែមទៀត កាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ដែលធ្វើឱ្យចំនួន​អ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់៨៤នាក់ហើយ។

បើតាមសេចក្តីប្រកាសព័ត៌មាន ករណីថ្មីនេះភាគច្រើន ត្រូវបានរកឃើញ​នៅសណ្ឋាគារ​មួយកន្លែង ជាទីដែលជនជាតិបារាំង២នាក់ឆ្លងជំងឺកូវីដ១៩ស្នាក់នៅ បន្ទាប់ពីក្រសួង​សុខាភិបាល បានយកសំណាករបស់ពួកគេទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ។

ក្នុងចំណោមអ្នកឆ្លងថ្មី៣១នាក់នេះ មានជនជាតិបារាំងចំនួន២៩នាក់ និងជនជាតិ​ខ្មែរចំ​នួន២នាក់។ ជនជាតិបារាំងទាំង២៩នាក់ ដែលឆ្លងនោះបាន​ទៅស្នាក់នៅខេត្តព្រះ​សីហនុ។ ចំណែកជនជាតិខ្មែរ២នាក់ដែលឆ្លងពីជនជាតិបារាំង គឺជាអ្នកមគ្គុទេ​ស​ទេសចរ ឱ្យក្រុមជនជាតិបារាំងនោះ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា បច្ចុប្បន្នជនជាតិបារាំង ២៩នាក់ និងជនជាតិខ្មែរ២​នាក់ ដែលផ្ទុកមេរោគកូវីដ១៩ ត្រូវបានដាក់ព្យាបាលឱ្យនៅដាច់ដោយឡែក តាមបន្ទប់​នៅក្នុងសណ្ឋាគារមួយ ដោយមានការបិទជាបណ្តោះអាសន្ន មិនឱ្យមានការ​ចេញចូល​ដោយគ្មានភារកិច្ចឡើយ។

គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ករណីវិជ្ជមានកូវីដ១៩ នៅកម្ពុជា មានចំនួន​សរុប៨៤នាក់ហើយ ក្នុងនោះស្រី២១នាក់ ប្រុស៦៣នាក់។ ក្រសួងសុខាភិបាល បានអះអាងថា ក្រុមការងាររបស់ក្រសួង កំពុងតែធ្វើកិច្ចការ​ស្រាវជ្រាវរកករ​ណីថ្មីបន្តទៀត យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីស្វែងរកអ្នកឆ្លងជំងឺកូវីដ១៩។

ឥទ្ធិពលនៃជំងឺកូវីដ១៩នេះ បានធ្វើឲ្យពិភពលោករាំងស្ទះផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរ និងប្រ​ទេសមួយចំនួន បានបិទចេញចូលបណ្តោះអាសន្ន ដើម្បីការ​ពារការរីករា​លដាល​នៃជំងឺនេះ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២០ ក្រុមគ្រូពេទ្យជំនាញរបស់ចិនចំនួន ៧នាក់ បានមកដល់កម្ពុជាហើយ ដើម្បីជួយបង្ហាត់បង្រៀនដល់ក្រុមគ្រូពេទ្យកម្ពុជា អំពីការព្យាបាលជំងឺកូវីដ១៩៕

672 Shares
Copy link
Powered by Social Snap