• Thu. Mar 17th, 2022

រដ្ឋាភិ​បាលទទួលបា​នថវិកាប្រមា​ណ​​ជា​ង៨​លានដុល្លារ​ពីបណ្តា​ស​ប្បុរ​ស​ជ​ន ដើ​ម្បីប្រ​ឆាំង​កូវីដ ១៩

27 Shares

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យដឹងថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលទទួលបានថវិកាប្រមាណជាង៨លានដុល្លារ និងនៅទទួលជាបន្តបន្ទាប់ទៀត ពីបណ្តាសម្បុរសជននានា ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ ១៩។

ការថ្លែងពីសំណាកប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន នាពេលនេះ ត្រូវបានធ្វើឡើង​នៅក្នុងពិធីជូបសំណេះសំណាលជាមួយគ្រូពេទ្យ​សម្តេចតេជោប្រឆាំងកូវីដ ១៩ ប្រមាណជាង ៤២២នាក់ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។

នាឪកាសនោះ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា «ក្នុងនាមប្រមុខដឹកនាំរដ្ឋាភិបាល ខ្ញុំព្រះករុណាសូមអរព្រះគុណ​ចំពោះព្រះមហាក្សត្រ និងសម្តេចម៉ែដែលបានព្រះរាជទានអំណោយជា​ថវិកាក្នុង​សកម្មភាពប្រឆាំងជម្ងឺកូវីដ១៩ និងអរគុណបណ្តាសប្បុរសជន និងប្រជាពលរដ្ឋទាំង​អស់ដែលចូលរួមបរិចាគក្នុងសកម្មភាពនេះ ដែលរហូតមកដល់ពេលនេះ យើង​ទទួលបាន​ថវិកាប្រមាណជាង៨លានដុល្លារ និងនៅទទួលជាបន្តបន្ទាប់ទៀត ហើយបើ​ថវិកានេះសល់ក្រោយបញ្ចប់កូវីដ១៩ យើងនឹងបង្វែរចូលមូលនិធីគន្ធបុប្ផា»។

ជាមួយគ្នានោះ សម្តេចឲ្យដឹងដែរថា នៅកម្ពុជាទោះបីជំងឺនេះ បានកើតលើប្រជាពល​រដ្ឋកម្ពុជាក៏ដោយ ​ក៏សុទ្ធតែជាជំងឺនាំចូលពី​ខាងក្រៅ។សម្តេចថា ជំងឺដែលនាំចូលពី​ខាងក្រៅទាំងអស់កើតនៅលើ​ពលរដ្ឋកម្ពុជា​ក៏ដោយសារតែពលរដ្ឋកម្ពុជា​ឆ្លងពីខាង​ក្រៅមកដែរ។ក្នុងឪកាសនោះទៀតសោទ ប្រមុខរដ្ឋា​ភិបាល​ក៏បាន ប្តេជ្ងាសង្ឃឹមយ៉ាង​មុតមាំថា កម្ពុជាពិតជាអាចយកឈ្នះ និងអាចបណ្តាញកូវីដ ១៩ ចេញពី​កម្ពុជា​ឆាប់ៗ​នេះ។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគ​កូវីដ១៩ (COVID-19) ថ្មីចំនួន៤នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រ​ទេស​កម្ពុជាបានឡើងដល់៩៣នាក់ហើយ ខណៈមានអ្នក​ជាសះស្បើយពីជំងឺកូវីដ១៩ រហូតដល់ចំនួន៤នាក់ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ៕ អត្ថបទ៖ សិរីការ

27 Shares
Copy link
Powered by Social Snap