• Wed. Mar 16th, 2022

ប្រមុខរដ្ឋាភិបាល ហាមឲ្យផ្អាក​នាំ​ចេញ​ស្រូវអង្ករ​ទៅក្រៅប្រទេស​សិន ដើ​ម្បីទុក​ផ្គត់​ផ្គង់​ក្នុង​ស្រុក

41 Shares

ប្រមុខរដ្ឋាភិបាល សម្ដេច​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ចេញ​បញ្ជា​ឲ្យ​ផ្អាក​ការនាំចេញ​អង្ក​រស​និង​ស្រូវ តែ​អនុញ្ញាត​ឲ្យ​នាំចេញ​អង្ករ​ក្រអូប​រហូតដល់​មាន​បទបញ្ជា​ជាថ្មី ដើម្បី​រក្សាទុក​ផ្គត់ផ្គង់​ក្នុងស្រុក ខណៈដែលកម្ពុជាកំពុងរង់គ្រោះដោយសារវីរ៉ុស Covid 19។ សម្តេចអះអាងថា បំរាមនេះ នឹង​ត្រូវ​ចាប់ផ្តើម​អនុវត្ត ចាប់​ពីថ្ងៃ​ទី​៥​ខែមេសា ​ឆ្នាំ​២០២០នេះ​តទៅ​។​

ការលើកឡើងពីប្រមុខរដ្ឋាភិបាលនាពេលនេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទសារ បន្ទាប់ពីបញ្ចប់សម័យប្រជុំរដ្ឋសភា នីតិកាលទី៦ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។

​នាឪកាសនោះ សម្ដេច​បញ្ជាក់ថា “​យើង​នឹង​ហាមឃាត់​ការនាំចេញ​អង្ក​រស​និង​ស្រូវ ដោយ​ភាគច្រើន​យើង​នាំចេញ​ទៅកាន់​ប្រទេសជិតខាង គឺ​នាំទៅ​វៀតណាម និង​ថៃ​។ អីចឹង​! ដើម្បី​ធានា​ការផ្គត់ផ្គង់​ក្នុងស្រុក យើង​ត្រូវ​រក្សាទុក​នូវ​ស្រូវ​ទាំងនេះ អង្ក​រស​ទាំងនេះ ប៉ុន្តែ​យើង​អនុវត្ត​ឲ្យ​នាំចេញ​អង្ករ​ក្រអូប ដោយសារ​ក្រអូប​មិនមាន​ចំនួន​ច្រើន​ទេ ហើយក៏​មិនមាន​តម្រូវការ​ប្រើប្រាស​ក្នុងស្រុក​ច្រើន​ដែរ​។ ដោយសារតែ​ប្រជាជន​យើង​ភាគច្រើន​ប្រើតែ​អង្ករ​ធម្មតា ខុសពី​អង្ករ​លេខ​១ ដែលជា​អង្ករ​ក្រអូប​នាំទៅ​កាន់​ទីផ្សារ​អឺរ៉ុប នាំទៅ​កាន់​ទីផ្សារ​ចិន និង​នាំ​ទៅកាន់​ទីផ្សារ​ប្រទេស​មួយចំនួន​ផ្សេងទៀត​។”

គួសបញ្ជាក់ថា ពាក់ព័ន្ធនឹងរឿងស្រូវអង្កនេះដែរ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ធ្លាប់បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយ ដោយបញ្ជាក់ថា ដោយសារការផ្សព្វផ្សាយព័ត៌មានមួយចំនួន ពីការឆ្លងរាតត្បាតនៃជំងឺឆ្លង កូវីដ១៩ (COVID-19) បានបន្តកើនឡើងក្នុងប្រទេសកម្ពុជា ជាហេតុធ្វើឱ្យមានក្តីបារម្ភ ដល់ប្រជាជនកម្ពុជាយើង ដែលអាចជះឥទ្ធិពលលើតម្លៃស្បៀងអាហារ ជាពិសេសគឺថ្លៃអង្ករ។

ក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជាបញ្ជាក់ថា បរិមាណសន្និធិអង្ករ និងស្រូវមិនទាន់កិន របស់សមាជិក សមាជិកាសហព័ន្ធស្រូវ​អង្ករកម្ពុជា នៅទូទាំងប្រទេសលើទីតាំងចំនួន​ជាង៤០០រោងម៉ាស៊ីនកិនស្រូវ គឺមានបរិមាណគ្រប់គ្រាន់សម្រាប់ ផ្គត់ផ្គង់ជូនតាមតម្រូវការក្នុងស្រុក និងសម្រាប់​នាំចេញ ស្របពេលដែលការប្រមូលផលស្រូវប្រាំង ២០១៩-២០២០ គិតត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ គឺបាននឹងកំពុងច្រូតកាត់បានជាង៨០% ស្មើនឹងជាង ២.៣​លានតោនស្រូវ ហើយតំបន់មួយចំនួន គឺចាប់ផ្តើមធ្វើការដាំដុះជាបន្តទៀត៕

អត្ថបទ៖ សិរីកា

41 Shares
Copy link
Powered by Social Snap