• Fri. Mar 18th, 2022

អ្នកជំនាញ៖ ៣ខែ ​ដើមឆ្នាំ​២០២០ ប្រ​ភេទ​វីឡាភ្លោះ និង​វីឡា​ទោល នៅ​តែ​រក្សា​បាន​ត​ម្លៃ​ខ្ពស់

297 Shares

យោងតាមរបាយការណ៍របស់ CBRE Cambodia ដែលបានចេញផ្សាយ​កាលពី​ពេល​ថ្មីៗនេះ បានឲ្យដឹងថា បើទោះបីជាមានបញ្ហាវីរុសកូរ៉ូណាក៏ដោយ វិស័យផ្ទះល្វែង ឬបុរី ជាក់ស្តែងដូចជា ប្រភេទវីឡា ភ្លោះ និងវីឡាទោល នៅតែរក្សាបាននូវកំណើន និងភាព​រឹងមាំដោយពុំមានការធ្លាក់ចុះនោះទេ។

ពាក់ព័ន្ធនឹងការលើកឡើងនេះ នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia​ អ្នកនាង​ អាន​ សុធី​តា​  បានឲ្យដឹងតាមរយៈរបាយការណ៍នោះថា វិស័យផ្ទះល្វែង ឬបុរីនៅតែរក្សាបាននូវកំណើន និងភាពរឹងមាំ ដោយក្នុងរយៈពេល៦ខែចុង​ក្រោយនេះ​មានគម្រោងចំនួន៦បានសម្ពោធបើកការដ្ឋានសាងសង់នៅក្នុងរាជធានីភ្នំពេញ។

ជាងនេះ អ្នកនាងបានបន្តថា  សម្រាប់ត្រីមាសទី១ ឆ្នាំ២០២០នេះតម្លៃរបស់​ផ្ទះក្នុងបុរី​ពុំមានការធ្លាក់ចុះនោះទេ តែបែរជាតម្លៃនៃប្រភេទផ្ទះមួយចំនួន នៅក្នុងបុរីមាន​ការឡើងថ្លៃទៅវិញ ជាតួយ៉ាងតម្លៃរបស់វីឡាភ្លោះបានកើនឡើងជាមធ្យម ២.៩% ចំណែកឯតម្លៃរបស់វីឡាទោលមានការកើនឡើងជាមធ្យមចំនួន ៤.៣%។

គួរបញ្ជាក់ថា បើតាមទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ស៊ីវិល​បានបង្ហាញថាក្នុងរយៈពេលពីរខែដំបូងដើមឆ្នាំ២០២០ ការវិនិយោគ​ក្នុងវិស័យ​សំណង់​រក្សាបាននូវភាពរឹងមាំដោយគម្រោងចំនួន ៧២៨ ត្រូវបានអនុញ្ញាត​ជាមួយទុនវិនិយោគ​សរុបជិត២ពាន់ លានដុល្លារ បើប្រៀបធៀបជាមួយរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩​ចំនួននេះមានការកើនឡើងរហូតទៅ ដល់ ៤៧​%។ ការវិនិយោគក្នុងវិស័យ​សំណង់មាន​ការធ្លាក់​ចុះចាប់តាំងពីដើមខែមីនា បន្ទាប់ពីបញ្ហានៃវីរុសកូរ៉ូណាបន្ដរីករាលដាលខ្លាំង៕ អត្ថបទ៖ សិរីកា

297 Shares
Copy link
Powered by Social Snap