• Sun. Mar 13th, 2022

៤ខែ ដើមឆ្នាំ២០២០ ​មន្ត្រីឧទ្យានុ​រក្ស បង្ក្រាបបទ ល្មើស​ធនធាន​ធម្ម​ជាតិក្នុង​​តំប​ន់ដែនជម្រក​សត្វ​ព្រៃ​ព្រៃ​​ឡង់​បាន​ជិត ៤០០​ករណី​

3 Shares

មន្រ្ដីជាន់ខ្ពស់ក្រសួងបរិស្ថានបានអះអាងថា ក្នុងរយៈពេល ៤ ខែពីខែមករា ដល់ខែមេសា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានដោយមានការចូលរួម​ពីសមាជិក​​សហគមន៍ ​​តំបន់ការពារធម្មជាតិ និងអាជ្ញាធរពាក់ព័ន្ធ បានចុះ​ល្បាតដើ​ម្បីការ​ពារ និងអភិរក្ស​ធនធាន​ធម្ម​ជាតិនៅក្នុងខេត្តទាំង ៤ នៃភូមិសាស្ត្រតំបន់​ដែនជម្រកសត្វព្រៃព្រៃឡង់ បានចំនួន ៥១១លើក និងបានបង្ក្រាបបទល្មើសធន​ធានធម្មជាតិរួមមានការលួចកាប់ឈើខុសច្បាប់ ទន្ទ្រានកាន់កាប់ដីព្រៃ ការបរ​បាញ់សត្វខុសច្បាប់បានចំនួន៣៩៩ ករណី។  

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា បទល្មើសកាប់ឈើ និងទន្ទ្រានដីព្រៃខុសច្បាប់​ចំនួន៣២ ករណី ត្រូវបានកសាង​សំណុំរឿង និងបញ្ជូនទៅតុលាការ ដើម្បីដំណើរការនីតិវិធី និងបានធ្វើកិច្ចសន្យាអប់រំ​ណែនាំចំនួន ៤២ករណីដែលមានមនុស្សពាក់ព័ន្ធជិត១០០ នាក់។ ឯកឧត្តមរដ្ឋលេ​ខាធិការបានបញ្ជាក់ថា នៅក្នុងការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើស នៅក្នុងដែន​ជម្រកសត្វព្រៃ ព្រៃឡង់ក្នុងទំហំដីជាង ៤៣ ម៉ឺនហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្ត​កំពង់ធំ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងក្រចេះ មន្ត្រីឧទ្យានុ រក្ស និងប្រជាសហគមន៍តំបន់ ការពារធម្មជាតិ បានរឹបអូសវត្ថុតាងជាច្រើនក្នុងនោះរួមមាន៖ រឹបអូសរណារយន្តបាន​ចំនួន ១៩៣ គ្រឿង រថយន្ត០២គ្រឿង គោយន្តចំនួន ៣៤ គ្រឿង ម៉ូតូ ២៥ គ្រឿង និងរឹបអូសឈើ ដែល​បានកាប់បំផ្លាញចំនួន ១៧៩ ម៉ែត្រគុប ឈើហុប និងឈើដុំចំនួន ១៦៥ កំណាត់។

ជាមួយគ្នានេះ នៅក្នុងអំឡុងនៃការទប់ស្កាត់និងបង្ក្រាបបទល្មើសរយៈពេល ៤ ខែដើមឆ្នាំ ២០២០នេះ កម្លាំងមន្ត្រីឧទ្យានុក្សក៏បានបំផ្លាញរុះរើរោង​អនាធិបតេយ្យក្នុង​តំបន់ដែន​ជម្រក​សត្វព្រៃព្រៃឡង់ចំនួន៣៤ រោង ហើយបានដកហូតកាំភ្លើង​កែច្នៃដែ​លប្រើប្រាស់សម្រាប់ការ​បរបាញ់សត្វខុសច្បាប់បានចំនួន ២៩ ដើម និងបាន​ដោះអន្ទាក់បាន​ចំនួន  ៧២៤ អន្ទាក់។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ទៀតថា នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់​មន្ត្រីឧទ្យានុរក្ស និងសហគមន៍នៃតំបន់ការពារធម្មជាតិ ក្នុងការការពារនិង​អភិរក្ស​ធនធានធម្មជាតិក្នុងតំបន់ព្រៃឡង់ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។

ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា មានកត្តា​ផ្សេងៗដែល ជំរុញឱ្យមាន​បទល្មើសទាំងនេះក្នុងនោះរួមមាន កត្ដាជីវភាពរបស់ប្រជា​សហ​គមន៍ ដែលធ្លាប់​តែពឹងអាស្រ័យទៅលើផលអនុផលព្រៃឈើ និងការទាក់ទាញ និងញុះ​ញង់​ពីសំ​ណាក់ក្រុមឈ្មួញទុច្ចរិត គួបផ្សំនឹងចំនួនមន្រ្ដីឧទ្យានុរក្សដែលបានឈរជើងនៅក្នុង​តំបន់​នោះនៅមានកម្រិតនៅឡើយ។

ទោះយ៉ាងណា បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បាននិងកំពុងសហការអនុវត្តន៍គម្រោងការ​ពារ និងអភិរក្សតំបន់ដែន ជម្រកសត្វព្រៃព្រៃឡង់ជាមួយគម្រោងព្រៃឡង់​បៃតងគាំ​ទ្រថវិកា​ដោយ USAID របស់សហរដ្ឋអាមេរិកសម្រាប់រយៈពេល ៥ ឆ្នាំ (២០១៨​-២០២៣) ក្នុងទំហំ​ទឹកប្រាក់ ២១ លានដុល្លារ។

គម្រោងនេះ មានកិច្ចសហការជាមួយក្រសួង បរិស្ថាន ក្រសួង ស្ថាប័ន និងរដ្ឋបាល​ថ្នាក់ក្រោមជាតិពាក់ព័ន្ធ ដើម្បីពង្រឹងការការពារអភិរក្សធនធានធម្មជាតិ និងជីវចម្រុះ ផ្តោតលើការងារកំណត់ និងបែងចែកតំបន់គ្រប់គ្រង ការបោះ​បង្គោល​ព្រំ ប្រទល់ ការរៀបចំផែនការគ្រប់គ្រង និងការចុះបញ្ជីដីរដ្ឋ នៅដែនជម្រកសត្វព្រៃ «ព្រៃ ឡង់» និងតំបន់ការពារធម្មជាតិមួយចំនួនជុំវិញ តំបន់ព្រៃឡង់ បណ្តុះបណ្តាល និងពង្រឹង សមត្ថ​ភាព មន្ត្រីឧទ្យានុរក្ស ក៏ដូចជាលើកកម្ពស់ជីវភាពប្រជាសហគមន៍​អភិរក្សប្រពៃ​ណី​ជនជាតិ​ដើមភាគតិច៕

3 Shares
Copy link
Powered by Social Snap