សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បានចុះបញ្ជីនៅក្រសួងមហាផ្ទៃថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ ដែលមានអ្នកឧកញ៉ា លី ហួរ ជាប្រធាន។ អត្ថប្រយោជន៍ ជាសមាជិកនៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា មានដូចជា៖
-ការពារសិទ្ធិស្របច្បាប់ និងសុចរិតភាពរបស់សមាជិកក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា
-ផ្តល់នូវវេទិកាសម្រាប់ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក រវាងអ្នកអភិវឌ្ឍន៍លំនៅឋានដូចគ្នា និងអាជ្ញាធរពាក់ព័ន្ធ
-ផ្ដល់ការប្រឹក្សាយោបល់លើបញ្ហាផ្លូវច្បាប់ និងនីតិវិធីផ្សេងៗក្នុងវិស័យសំណង់ និងអចលនទ្រព្យ
-ការជួយកសាងបណ្ដាញទំនាក់ទំនងដ៏រឹងមាំជូនសមាជិក ក្នុងវិស័យសំណង់ និងអចលនទ្រព្យ
-សមាគមជាអន្ដរការី សម្របសម្រួល ដោះស្រាយ ទំនាស់ វិវាទ និងភាពរាំងស្ទះផ្សេងៗ របស់សមាជិកក្នុង វិស័យសំណង់ និងអចលនទ្រព្យ
-ជួយផ្សព្វផ្សាយ ផលិតផល ឬសេវារបស់សមាជិក តាមរយៈគេហទំព័ររបស់សមាគម កម្មវិធី កិច្ចប្រជុំ និងការតាំងពិព័រណផ្សេងៗ ក្នុងក្របខ័ណ្ឌជាតិ និងអន្ដរជាតិផងដែរ
-ការបង្កើនដៃគូរសហការលើមុខរបរ របស់សមាជិក ដូចជា អ្នកផ្គត់ផ្គង់ អ្នកផ្សព្វផ្សាយ ប្រភពដើមទុន និងការស្វែងរកទីផ្សារជូនសមាជិក—ចូលរួមសហការជាមួយរាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ នូវរាល់ការវិនិយោគដែលមានភាពមិនច្បាស់លាស់ ឬ ការបង្កភាពចលាចលដល់ទីផ្សារសំណង់លំនៅឋាន និងអចលនទ្រព្យ
ឧកញ៉ាញូស៍ Oknha news សូមណែនាំលោកអ្នកស្គាល់ប្រធាន និងអនុប្រធានដោយលើគេហទំព័ររបស់សមាគម៖
អ្នកឧកញ៉ា ហុង ពីវ
អគ្គនាយក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពិភពថ្មី និងបុរី ពិភពថ្មី។ លោកមានស្រុកកំណើតនៅរាជធានីភ្នំពេញ។ បុរី ពិភពថ្មីគឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកដែលផ្គត់ផ្គង់លំនៅឋានដល់អតិថិជនគ្រប់លំដាប់ថ្នាក់នៅព្រះរាជាណាចក្រកម្ពុជាសំណង់អគារលំនៅឋានជាលក្ខណៈបុរី ដែលមានជាច្រើនទីតាំងនៅជុំវិញរាជធានីភ្នំពេញ។
អ្នកឧកញ៉ា លី ហួរ
អគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុប និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។ អ្នកឧកញ៉ា មានស្រុកកំណើតនៅខេត្តកំពង់ចាម។ នៅឆ្នាំ ១៩៨៦ លោក បានសម្រេចចិត្តបង្កើតអាជីវកម្ម ប្ដូរប្រាក់ ដែលទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងវិស័យហិរញ្ញវត្ថុ។ លើសពីនេះទៅទៀត អ្នកឧកញ៉ា បានពង្រីកអាជីវកម្មរបស់ខ្លួនតាមរយៈក្រុមហ៊ុន លី ហួរ គ្រុបដែលបានវិនិយោគក្នុង វិស័យផ្សេងៗគ្នា ដូចជា អចលនទ្រព្យ និងសំណង់, ហិរញ្ញវត្ថុ និងកសិឧស្សាហកម្មផងដែរ។ លោកបានរួមចំណែកវិភាគទានយ៉ាងច្រើន សម្រាប់ជួយដល់វិស័យសេដ្ឋកិច្ចនៅក្នុងប្រទេស និងលើកកម្ពស់ វិស័យបណ្ដុះបណ្ដាលធនធានមនុស្សឲ្យប្រសើរឡើង ដែលធ្វើឲ្យលោកបានទទួលលិខិតសរសើរ ពានរង្វាន់ និងមេដាយជាច្រើន។
លោកឧកញ៉ា ថៃ ជាហួត
អគ្គនាយក ក្រុមហ៊ុន បុរី ប៉េង ហួតគ្រប់បានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០០៥ ក្នុងគោលដៅពង្រីកសក្ដានុពលទីផ្សារប្រកបដោយការទទូលខុសត្រូវខ្ពស់សម្រាប់ជាទំនុកចិត្តដល់អតិថិជនក្នុងការស្វែងរកលំនៅឋានសាកសមនឹងកម្រិតជីវិភាពរបស់ខ្លួន។ភាពរីកច្រើននេះហើយធ្វើឲ្យបុរី ប៉េង ហួត បានឈ្នះពានរង្វាន់ចំនួន៥ ក្នុងការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងសំណង់ក្នុងព្រះរាជាណាចក្រកម្ពុជា។
អ្នកឧកញ៉ា លាង ម៉េង
ជាប្រធានអគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជាក្រុមហ៊ុនវិនិយោគក្នុងស្រុក ត្រូវបានបង្កើតតាំងពីឆ្នាំ ១៩៨២។ បច្ចុប្បន្ន ក្រុមហ៊ុន ជីប ម៉ុង គ្រុប ជាក្រុមហ៊ុនឈានមុខគេ ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការនាំចូល និងចែកចាយនូវសម្ភារៈសំណង់ និងសម្ភារៈបន្ទប់ទឹកគ្រប់ប្រភេទ។ លើសពីនេះទៀត ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាម្ចាស់គម្រោង The Park Land Sen Sok ក៏ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុបផងដែរ។
លោកឧកញ៉ា តេង ហឿង
លោកមានស្រុកកំណើតនៅខេត្តកំពត។ លោកឧកញ៉ា ជាអ្នកគ្រប់គ្រងទូទៅរបស់ ក្រុមហ៊ុនដឹកជញ្ជូន តេង ឡាយ គ្រុប។ នៅឆ្នាំ២០១៥ លោកឧកញ៉ា បានក្លាយជាអនុប្រធានគម្រោង របស់បុរី អរគីដេវីឡា ជាក្រុមហ៊ុនវិនិយោគផ្នែកសំណង់អចលនទ្រព្យដ៏ធំដែលកំពុងប្រកួតប្រជែងក្នុងទីផ្សារក្នុងរាជធានីភ្នំពេញ។
លោកជំទាវ ខា ឡេង
ជាអគ្គនាយិការង អាល់ហ្វា ប្រផឹធី ខនស្ត្រាក់សិន។ លោកជំទាវ បានបញ្ចប់ថ្នាក់អនុបណ្ឌិត និង កំពុងសិក្សាថ្នាក់បណ្ឌិត ផ្នែកច្បាប់។ ក្រុមហ៊ុន អាល់ហ្វា ប្រផឹធី ខនស្ត្រាក់សិន ជាក្រុមហ៊ុនមានបទពិសោធន៍ជាច្រើនឆ្នាំ ខាងផ្នែកអចលនទ្រព្យ និងសំណង់ផងដែរដែលក្រុមហ៊ុនបានកំពុងវិនិយោគគម្រោងធំៗជាច្រើនដូចជា គម្រោង The Gate Way ជាដើម។
លោកជំទាវឧកញ៉ា កែវ ម៉ាលី បានទទួលមរណភាពថ្មីៗនេះ
ជាអគ្គនាយិកា ខុនដូ វិមានកែវចរណៃ។ លោកជំទាវឧកញ៉ា មានស្រុកកំណើតនៅ រាជធានីភ្នំពេញ។ លោកជំទាវ គឺជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធាន ក្រុមហ៊ុន CrystalRice (Kampuchea) Co., Ltd ដែលមានលទ្ធភាពកិនស្រូវបាន២០០តោនក្នុងមួយថ្ងៃនៅកំពុងផែខេត្តកំពត និងក្រុមហ៊ុន កែវ ម៉ាលី គ្រុប។ លោកជំទាវ បានទទួលមរណភាព នៅម៉ោង១៖០៧នាទីអាធ្រាត្រ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ដោយជរាពាធ ក្នុងជន្មាយុ៦៥ឆ្នាំ។
លោកឧកញ៉ា លី សេងឃាង
ជាអគ្គនាយកក្រុមហ៊ុន BS Land and Home ជាក្រុមហ៊ុនវិនិយោគផ្នែកសំណង់ផ្ទះល្វែង វិឡា និងខុនដូ បើគិតមកសព្វថ្ងៃ ក្រុមហ៊ុន BS Land and Home បាន វិនិយោគលើគម្រោង៣គឺ គម្រោង ចតុមុខ ស៊ីធីវីយូ ខុនដូ, គម្រោង ចតុមុខ ស៊ីធីទី១ និង គម្រោង ចតុមុខ ស៊ីធីទី២ ក្នុងតំបន់ស្វាយជ្រុំ ខេត្តកណ្តាល។
លោក ឧកញ៉ា តាំង គួង
អគ្គនាយក ក្រុមហ៊ុន TANG KUNG GROUP Co.,Ltd ។ លោកមានស្រុកកំណើតខេត្តកំពង់ចាម។ នៅឆ្នាំ ១៩៩៧ ឧកញ៉ា តាំង គួង ជាអគ្គនាយកក្រុមហ៊ុនបោះពុម្ភ Digital Advertising ក្រុមហ៊ុនទទួលបានវិញ្ញាប័ណ្ណបត្រ ISO 9001 លើគុណភាព និងសេវាបោះពុម្ភនៅឆ្នាំ ២០១២។ ពីឆ្នាំ ២០០៤-២០១៤ លោកបានពង្រីកអាជីវកម្មថែមទៀតតាមរយៈក្រុមហ៊ុន តាំង គួង គ្រុប ដែលបានវិនិយោគលើវិស័យអចលនទ្រព្យ និងសំណង់ដូចជាគម្រោង (CENTER CITY TA KHMAO) ។
លោកឧកញ៉ា លាង សាំង
ជានាយកក្រុមហ៊ុន ហាយ ធិច និងជាអគ្គនាយក បុរី ហាយធិច។ ក្រុមហ៊ុន បុរីហាយធិច បានវិនិយោគសំណង់លំនៅឋានជា វិឡាប្រណិត និងក្លឹបហាត់ប្រាណជាដើម។ បើគិតមកដល់សព្វថ្ងៃ ក្រុមហ៊ុន ហាយធិច មានគម្រោងបុរី ហាយ ធិច, បុរី ហាយ ធិច ២, បុរី ហាយ ធិចលុច្សសារី , អាគារពណ៌ស៦ជាន់ និងក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួនទៀត។
អ្នកឧកញ៉ា សៀ ឫទ្ធី
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អកស៍ឡី-វើលប្រ៊ីដ(ខេមបូឌា) ខូអិលធីឌី។ អ្នកឧកញ៉ា មានស្រុកកំណើតនៅទីក្រុងភ្នំពេញ។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រង។ លោកឧកញ៉ា គឺជាវិនិយោគិន និងជាអ្នកអភិវឌ្ឍន៍អចលទ្រព្យជោគជ័យមួយរូបនៅកម្ពុជា។ បច្ចុប្បន្ន អ្នកឧកញ៉ា គឺជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា គឺ វើលប្រ៊ីដ គ្រុប ដែលជាម្ចាស់គម្រោងខុនដូខ្នាតអន្តរជាតិ The Peak & The Bridge។
លោកឧកញ៉ា ប៊ុន ហៃ
ប្រធានក្រុមហ៊ុន បុរី ភ្នំពេញថ្មី និងជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា។ លោកឧកញ៉ា មានស្រុកកំណើតនៅខេត្តកំពង់ចាម។ ក្រុមហ៊ុន បុរី ភ្នំពេញថ្មី គឺជាក្រុមហ៊ុនវិនិយោគសំណង់លំនៅឋាន ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ និងមានកេរ្ត៍ឈ្មោះល្បីល្បាញផងដែរ។
លោកឧកញ៉ា សេង ញ៉ក់
អគ្គនាយកក្រុមហ៊ុន ដឹ ព្រេមៀលែន ឯ.ក។ លោកឧកញ៉ា មានស្រុកកំណើតនៅទីក្រុងភ្នំពេញ។ លោកឧកញ៉ា បានបញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិត ផ្នែកពាណិជ្ជកម្ម។ ។ បច្ចុប្បន្នលោកឧកញ៉ា គឺជាអគ្គនាយកក្រុមហ៊ុន ដឹ ព្រេមៀលែន ឯ.ក និងជាអ្នកជំនួញក្នុងស្រុក និងក្រៅប្រទេសផងដែរ។