• Thu. Mar 17th, 2022

ស្ងាត់ៗ Logo របស់ក្រុមហ៊ុន Tesla បង្ហាញខ្លួននៅប្រទេសកម្ពុជាអាចមកពីហេតុផលទាំងអស់នេះ!

58 Shares

មានការជជែកវែកញែកគ្នាច្រើននាប៉ុន្មានថ្ងៃចុងក្រោយនេះ ទាក់ទងនឹងរូបអគារតាំងបង្ហាញលក់រថយន្ដមួយកន្លែងក្នុងរាជធានីភ្នំពេញ ដែលប្រើ Logo របស់ក្រុមហ៊ុនផលិតរថយន្តយក្សរបស់អាមេរិក គឺ Tesla។ យ៉ាងណាក៏ដោយ មិនទាន់មានប្រភពផ្លូវការណាមួយច្បាស់លាស់ពីដំណើរការពិតប្រាកដនៃ ការបោះជំហ៊ានជាលើកដំបូងរបស់ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla របស់លោក Elon Musk នេះនៅក្នុងប្រទេសកម្ពុជានៅឡើយ សូម្បីតែលើវិបសាយផ្ទាល់របស់ក្រុមហ៊ុន Tesla ក៏គ្មានការបញ្ជាក់អ្វីដែរ។

ខាងក្រោមនេះ គឺជាហេតុផលមួយចំនួន ដែលយើងអាចចូលរួមគិតទាំងអស់គ្នា ថាតើវត្តមានរបស់រថយន្តមិនប្រើសាំង និងមានសមត្ថភាពអាចបើកបរស្វ័យប្រវត្តិដោយខ្លួនឯងនេះ មកឈរជើងនៅកម្ពុជាក្នុងរូបភាពបែបណា?

១. ទិញបន្ដពីតំណាងចែកចាយមកលក់រាយបន្ដ (Dealer)៖ បើជាការលក់របៀបនេះ មិនសូវជាពិបាកប៉ុន្មានទេ។ ក្រុមហ៊ុនក្នុងស្រុកអាចទៅរកទិញឡានពីតំណាងចែកចាយផ្ដាច់មុខណាមួយ។ ឧទាហរណ៍៖ ក្រុមហ៊ុនមេ អាចមានតំណាងចែកចាយប្រចាំប្រទេស ឬតំបន់ ដូច្នេះក្រុមហ៊ុនក្នុងស្រុកយើងនេះ អាចទៅទិញបន្ដពីគេ ហើយមកលក់បន្ដឲ្យអ្នកទិញជិះដោយផ្ទាល់តែម្ដង។

២. ការបើកជាសាខាការិយាល័យ (Branch Office) ៖ គឺក្រុមហ៊ុនមេមកបើកផ្ទាល់តែម្ដង បានន័យថាបើក្រុមហ៊ុន Tesla មកបើកនៅកម្ពុជាមែន គឺក្រុមហ៊ុនមេ Tesla Inc របស់អាមេរិកមកចុះបញ្ជីបើកនៅកម្ពុជាដោយផ្ទាល់។

៣. ចុះបញ្ជីបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធ (Subsidiary)៖ ការចុះបញ្ជីជាក្រុមហ៊ុនបុត្រសម្ព័ន្ធមិនជាស្រួលប៉ុន្មានទេ ត្រូវសិក្សាលម្អិតណាស់។ ការចុះបញ្ជីជាក្រុមហ៊ុនបុត្រសម្ព័ន្ធ អាចក្រុមហ៊ុនមេ មករកដៃគូក្នុងស្រុកដើម្បីចាប់ដៃគ្នា ឬហៅថាបណ្ដាក់ទុនរួមគ្នា (Join Venture) ហើយបើ Tesla មករកដៃគូណាមួយមែន នោះក៏ល្បីដូចស្គរធំមិនចាញ់ការមកបើកសាខាការិយាល័យនោះដែរ។

៤. ការទទួលបានសិទ្ធិជាតំណាងចែកចាយ (Distributor)៖ ដើម្បីទទួលបានសិទ្ធិជាតំណាងចែកចាយផ្ដាច់មុខ ពីក្រុមហ៊ុនយក្សមួយៗ មិនមែនដូចការទិញសិទ្ធិតំណាងចែកពីអ្នកលក់ឡេនោះទេ។ ត្រូវមានទាំងលុយក្រាស់ហើយ មានកេរ្ដិ៍ឈ្មោះក្រុមហ៊ុនល្អ និងមានបទពិសោធន៍ ការគ្រប់គ្រងល្អថែមទៀត ទើប Tesla ហ៊ានប្រថុយផ្ដល់សិទ្ធិឲ្យយកផលិតផលគេមកលក់ចែកចាយបន្ដបាន។

៥. ទិញសិទ្ធិធ្វើអាជីវកម្មបន្ដ (Franchise) ៖ គំរូអាជីវកម្មប្រភេទនេះ គេមិនសូវយកមកអនុវត្តជាមួយការលក់ផលិតផលឡានដូច្នេះទេ។ គំរូ Franchise ភាគច្រើន គេនិយមឃើញមានតែ លើប្រភេទអាជីវកម្មបែបភោជនីយដ្ឋាន ហាងកាហ្វេ ឬសេវាកម្មផ្សេងៗប៉ុណ្ណោះ៕  

58 Shares
Copy link
Powered by Social Snap