• Sun. Mar 20th, 2022

ចន ច័ន្ទលក្ខិណា និង ស្រីតុ ចាប់ដៃគ្នាធ្វើរឿង១ ជូនលោកជំទាវឧកញ៉ា ម៉ែន ចិន្តា ផ្អើលអស់ពុកម៉ែបងប្អូន៥០០គ្រួសារនៅខណ្ឌពោធិ៍សែនជ័យ

209 Shares

កាលពីថ្ងៃអាទិត្យ ទី២ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះអ្នកនាង ចន ច័ន្ទលក្ខិណា និង អ្នកនាង សុខ ចាន់ធីតា ហៅស្រីតុ តំណាងឲ្យលោកជំទាវឧកញ៉ា ម៉ែន ចិន្តា និងស្វាមី បានដឹកដៃគ្នាយកគ្រឿងឧបភោគបរិភោគជាច្រើនទៅចែកជូនពុកម៉ែបងប្អូន ៥០០គ្រួសារ នៅភូមិត្រពាំងពោធិ៍ និងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

និយាយរៀបរាប់ក្នុងពិធីខាងលើអ្នកនាង ស្រីតុ បានឲ្យដឹងថា ដោយសារតែមើលឃើញពុកម៉ែបងប្អូនជួបភាពខ្វះខាតអំឡុងពេលកូវីដ១៩ ទើបលោកជំទាវឧកញ៉ា ម៉ែន ចិន្តា និងស្វាមី ចាត់ចែងឲ្យខ្លួន អ្នកនាង ចន ច័ន្ទលក្ខិណា និង ស្រីពៅមុខឈើ យកអំណោយមកចែកជូនពុកម៉ែបងប្អូននៅថ្ងៃនេះ ព្រោះលោកជំទាវឧកញ៉ា មិនអាចឱបដៃឈរមើលបងប្អូនខ្មែរយើងរងទុក្ខលំបាកដោយសារការខ្វះស្បៀងអាហារហូបចុកនោះទេ។

អ្នកនាង ស្រីតុ បន្ថែមថា៖” លោកជំទាវឧកញ៉ា ម៉ែន ចិន្តា លោកពិតជាគិតគូដល់ពុកម៉ែបងប្អូនខ្លាំងណាស់ត្បិតថ្ងៃចែកស្បៀងអាហារជូនពុកម៉ែបងប្អូន គាត់និងស្វាមីមិនបានមកចូលរួម តែលោកជំទាវឧកញ៉ា បានផ្ដាំផ្ញើពាក្យពេចន៍សួរសុខទុក្ខពុកម៉ែបងប្អូនផងដែរ។ អ្វីដែលពិសេសជាងនេះលោកជំទាវឧកញ៉ា សូមឲ្យពុកម៉ែបងប្អូនចូលរួមទប់ស្កាត់ និងការពារពីការឆ្លងជំងឺកូវីដ១៩ទាំងអស់គ្នា ដោយគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាល៣កុំ៣ការពារ”។

ចំណែកឯអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមន៍សិល្បករខ្មែរបានឲ្យដឹងថា អំណោយដែលលោកជំទាវឧកញ៉ា ម៉ែន ចិន្តា យកមកចែកជូនពុកម៉ែបងប្អូននៅក្នុងថ្ងៃនេះមានដូចជាត្រីខ មី ទឹកត្រី និងអង្ករ ដែលជាស្បៀងអាហារដែលពុកម៉ែបងប្អូនត្រូវការជាចាំបាច់អំឡុងពេលរាជធានីភ្នំពេញ និងក្រុងតាខ្មៅត្រូវបានរដ្ឋាភិបាលប្រកាសបិទខ្ទប់នៃការរីករាលដាលជំងឺកូវីដ១៩។

អ្នកនាង បន្ថែមទៀតថា នេះមិនមែនជាលើកទី១នោះទេ ដែលលោកជំទាវឧកញ៉ា ម៉ែន ចិន្តា ចាត់ចែងឲ្យក្រុមការងារយកស្បៀងអាហារទៅចែកជូនពុកម៉ែបងប្អូនអំឡុងពេលកូវីដ១៩ នេះ កន្លងទៅក្រៅពីចែកជូនពុកម៉ែបងប្អូននៅរាជធានីភ្នំពេញលោកជំទាវ ក៏បានចាត់ចែងឲ្យក្រុមការងារយកទៅចែកជូនពុកម៉ែបងប្អូននៅតាមបណ្ដាខេត្ត ដែលកំពុងតែខ្វះស្បៀងអាហារផងដែរ។

និយាយរួម លោកជំទាវឧកញ៉ា និងស្វាមី មិនទុកពុកម៉ែបងប្អូនចោលឲ្យខ្វះខាតស្បៀងអាហារហូបចុកអំឡុងពេលជំងឺកូវីដ១៩នោះទេ ទោះមិនបានចុះទៅផ្ទាល់ក៏លោកជំទាវឧកញ៉ា និងស្វាមី ចាត់ចែងឲ្យក្រុមការងារយកទៅចែកជូនពុកម៉ែបងប្អូនដោយផ្ទាល់ផងដែរ។

ក្រោយអ្នកនាង ចន ច័ន្ទលក្ខិណា និងអ្នកនាង ស្រីតុ ថ្លែងចប់ក្នុងកម្មវិធីចែកអំណោយដ៏ថ្លៃថ្លាខាងលើរួចមកភ្លាមៗនោះពុកម៉ែបងប្អូនចំនួន៥០០គ្រួសារ បានស្រែកហ៊ោទះដៃព្រមទាំងលើកម្រាមដៃ១០សំពះអរគុណលោកជំទាវឧកញ៉ា និងស្វាមី តែងតែបង្ហាញសកម្មភាពយ៉ាងផុសផុលបំផុតជួយដល់សង្គម ពិសេសពេលពលរដ្ឋខ្មែរជួបការលំបាក៕

209 Shares
Copy link
Powered by Social Snap