បើទោះបីកម្ពុជាកំពុងជួបវិបត្តិនៃជំងឺកូវីដ-១៩ក៏ដោយ ប៉ុន្ដែការសាងសង់អាកាសយានដ្ឋានអន្ដរជាតិថ្មីនៅលើទឹកដីអង្គរខេត្ដសៀមរាប និងខេត្តកណ្តាលនៅតែដំណើរការជាធម្មតា ពោលក្រុមហ៊ុនវិនិយោគបានបង្កើនការងារសាងសង់ ដើម្បីឱ្យសម្រេចគោលដៅរួចរាល់នៅឆ្នាំ២០២៣ខាងមុខ ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី សម្រេចបាន៤២ភាគរយហើយ ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៍បច្ចេកទេសនិង រចនាបថអាកាសយានដ្ឋាន មានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ អាកាសយានដ្ឋានអន្តរជាតិនេះ កំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment(AIAI) ដែលជាការវិនិយោគដោយក្រុមហ៊ុនចិនក្នុងទឹកប្រាក់ចំនួន ៨៨០លានដុល្លារ នៅលើផ្ទៃដី១,៧០០ហិកតា។
អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ដែលមានរយៈពេលសាងសង់៣៦ខែ។
ចំណែក អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីវិញ មានទីតាំងនៅក្នុងឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះគ្រោងវិនិយោគក្នុងទឹកប្រាក់ប្រមាណ១,៥០០លានដុល្លារ ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារជាកម្ចីពីធនាគារបរទេស និង ២៨០លានដុល្លារទៀតជារបស់ក្រុមហ៊ុន CAIC របស់អ្នកឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់១២០លានដុល្លារអាមេរិក។
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៣ ខាងមុខ។ អាកាសយានដ្ឋានអន្តរជាតិមួយនេះ អាចនឹងទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់នៅក្នុងឆ្នាំ២០២៣, ៣០លាននាក់នៅក្នុងឆ្នាំ២០៣០ និង ៥០លាននាក់នៅក្នុងឆ្នាំ២០៥០។
ដោយឡែកសម្រាប់ អាកាសយានដ្ឋានអន្តរជាតិកងកេង ក្នុងខេត្តព្រះសីហនុវិញ ក៏កំពុងត្រូវបានពង្រីកបន្ថែម ខណៈពេលបច្ចុប្បន្នកំពុងត្រូវបានសាងសង់ពង្រីកបន្ថែមដោយក្រុមហ៊ុនសម្បទានអាកាសយានដ្ឋានSCA ដោយគ្រោងពង្រីកអាចឱ្យយន្តហោះចុះចតបានច្រើនជាង១៣គ្រឿង និង អាចស្វាគមន៍វត្តមានប្រភេទយន្ដហោះធុនធំបាន។ អាកាសយានដ្ឋានអន្តរជាតិនេះនឹងបញ្ចប់ការសាងសង់ពង្រីកបន្ថែមនៅក្នុងឆ្នាំ២០២២៕