• Mon. Mar 14th, 2022

មុនបានដំណែងកំពូលក្នុងជួរកងកម្លាំង នាយឧត្តមសេនីយ៍ សៅ សុខា មាន​ប្រវត្តិ​​ធ្វើ​ជំនួយការ​សម្តេចតេជោ​ ហ៊ុន សែន

2 Shares

អតីតបេសកជនអ្នកនាំសារមេបញ្ជាការអង្គភាព៥៧៨ ដែលស្មោះត្រង់បំពេញ​ភារកិច្ច មានការទទួលខុសត្រូវ រហូត​ទទួល​បាន​តំណែង​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​កងរាជអាវុធហត្ថ ហើយ​ចុងក្រោយ​បាន​ក្លាយទៅជា​មេដឹកនាំ​កំពូល​នៃ​កង​យោធពល​ខេមរភូមិន្ទ ដែលជាឥស្សរជនដ៏ឆ្នើមជាមួយនឹងស្នាដៃកិត្តិនាមល្បាញល្បីនៅពេលបច្ចុប្បន្ន។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

តើ​នាយឧត្តមសេនីយ៍ សៅ សុខា ​មាន​ប្រវត្តិ​បែប​ណា? សូមតាមដានជាមួយឧកញ៉ាញូស៍ដូចតទៅ៖

អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឈ្មោះ សៅ សុខា កើត​នៅ​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ១៩៦១ នៅ​ខេត្ត​ស្វាយរៀង។ លោក​មាន​បងប្អូន​បង្កើត​ចំនួន ៥​នាក់ ប៉ុន្តែ​ត្រូវ​ទាហាន​ខ្មែរក្រហម​សម្លាប់​ទាំងអស់។

ថ្ងៃទី២១ ខែកក្កដា កាលពីឆ្នាំ ១៩៧៨ ពោល​គឺ​កាលពី ៤៣ឆ្នាំមុន ជា​ថ្ងៃ​ដែល​យុទ្ធជន សៅ សុខា ចូល​បម្រើក្នុងជួរកងទ័ព។ មុនបានដំណែងកំពូលក្នុងជួរកងកម្លាំងនៃក្រសួងការពារជាតិ លោកធ្លាប់មាន​ប្រវត្តិ​​ធ្វើ​ជំនួយការ​សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​ ៧០​។

លោកត្រូវបានចាត់ថាជា អ្នកនារសារមេបញ្ជាការអង្គភាព៥៧៨ ក្រោយមកដោយសារការប្រតិបត្តិតួនាទី ភារកិច្ច មានការទទួលខុសត្រូវ ស្មោះត្រង់ សម្រេចកិច្ចការងារធំៗ ត្រូវបានតែងតាំងមុខដំណែងជាបន្តបន្ទាប់ ហើយក៏ត្រូវបានចាត់តាំងឱ្យទៅបណ្តុះបណ្តាលសិក្សានៅប្រទេសវៀតណាម ទៅសហភាពសូវៀត ផ្នែកវិទ្យាសាស្ត្រនយោបាយនិងរដ្ឋបាលសាធារណៈផងដែរ។ នេះបើតាមការអះអាងពីលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២០ ខែកក្កដានេះ។

លោកថា គាត់ជាប្រធានមន្ទីរយុវជនក្នុងកងទ័ព ស្នងការចាត់តាំង អគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនបដិវត្តន៍កម្ពុជា ពីឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៨៩។ ហើយពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣ គាត់ត្រូវបានប្រគល់មុខដំណែងដ៏សំខាន់មួយ ធ្វើកិច្ចការងារជាមួយបរទេស ចូលរួមអនុវត្តកិច្ចព្រមព្រៀងប៉ារីសស្តីពីកម្ពុជា គឺមានមុខតំណែងជាប្រធានក្រុមយោធាចម្រុះ ភាគីរដ្ឋកម្ពុជា ប្រចាំទិសខេត្តកំពង់ធំ។

លោក សៅ សុខា ត្រូវ​បាន​ផ្ដល់​តំណែង​ឲ្យ​គ្រប់គ្រង កងរាជអាវុធហត្ថ​ដែល​ទើបបាន​បង្កើត​ឡើង កាលពី​ខែ​វិច្ឆិកា ឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៩ ជាមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងត្រូវបានតែងតាំងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់បច្ចុប្បន្ន និងជាសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា។

នាយឧត្តមសេនីយ៍ សៅ សុខា បានឲ្យអនុសាសន៍ថា៖ តាមទស្សនៈរបស់ខ្ញុំផ្ទាល់ ចាត់ទុកឧបសគ្គគឺជាសាលារៀន ចាត់ទុកការលំបាកគឺជាឪកាស។ ខ្ញុំខ្លាចតែ ៣ចំណុចគឺ ១ ខ្លាចគ្មានឆន្ទៈ ២ ខ្លាចភាពខ្ជិលច្រអូស មិនតស៊ូ ខ្វះភាពព្យាយាម និងអំណត់អត់ធ្មត់ និង៣ ខ្លាចគ្មានសេចក្តីក្លាហាន៕

2 Shares
Copy link
Powered by Social Snap