• Sun. Mar 13th, 2022

មូលហេតុ ៤ ព្រលាន​យន្តហោះ​នៅ​ឌូហា ទម្លាក់​ព្រលាន​យន្តហោះ​សិង្ហបុរី​ ឈរ​​លើ​គេនៅ​ឆ្នាំ​២០២១

294 Shares

ជាទូទៅ​អ្នកជំនាញ​ធ្លាប់​បាន​ផ្ដល់​ដំបូន្មាន​ថា អ្នក​គួរ​ទៅ​ដល់​ប្រលានយន្តហោះ​មុន​ម៉ោង​ចេញ​ដំណើរ​យ៉ាងហោចណាស់​ ២​ ម៉ោង​ ព្រោះ​ត្រូវ​មាន​ឯកសារ​ច្រើន​ត្រូវ​បំពេញ ឬ​ជើងហោះហើរ​អាច​ប្ដូរ​ពេល​វេលា។

យ៉ាងណា ប្រសិនបើ​អ្នក​ត្រូវ​ធ្វើ​ដំណើរ​តាម​ប្រលានយន្តហោះ Hamad International Airport នោះ អ្នក​ប្រហែល​ជា​គួរតែ​ទៅ​មុន​តិច​បំផុត ៤-៥ ម៉ោង តែ​មិនមែន​ដោយសារ​ទីនោះ​មាន​បញ្ហា​ស្ទះ​កក​ផ្លូវ ឬ​បញ្ហា​ផ្សេងៗ​ឡើយ តែ​ដោយសារ​ប្រលាន​នេះ​គឺ​ជាប់​ឈ្មោះ​ជា​ប្រលានយន្តហោះ​ប្រណីត​បំផុត​ក្នុង​លោក ដូច្នេះ​អ្នក​ប្រហែល​ជា​ចង់​ចំណាយពេល​ច្រើន​បន្តិច​នៅក្នុង​ប្រលាន​ក៏​ថា​បាន ព្រោះ​នៅក្នុង​នោះ មាន​គ្រប់សព្វ​បែបយ៉ាង​ តាំងពី​កន្លែង​ទិញ​ទំនិញ​ប្រណីតៗ​ជាដើម។

តទៅ​នេះ​គឺ​ជា​ហេតុផល ៤​ យ៉ាង​នាំ​ឲ្យ​ប្រលានយន្តហោះ​នៅ​ប្រទេស​កាតា​ជាប់​ឈ្មោះ​ជា​ប្រលាន​ប្រណីត​បំផុត​ក្នុង​លោក​ដូច​តទៅ៖​

1/ មាន​ភាព​ស្ងប់ស្ងាត់​ និង​ទីតាំង​អំណោយ​ផល

ជាទូទៅ​ នៅ​ប្រលានយន្តហោះ​គឺ​មិន​សូវ​ខុសគ្នា​ពី​ផ្សារត្រី​ប៉ុន្មាន​ឡើយ ពោល​គឺ​មាន​មនុស្ស​ច្រើន​ និង​រញ៉េរញ៉ៃ​ខ្លាំង តែ​សម្រាប់​ប្រលាន Doha Hamad គឺ​ខុស​ពី​គេ​ ដោយសារ​ទីនោះ​គឺ​គ្មាន​ភាព​រញ៉េរញ៉ៃ​ និង​ស្ងប់ស្ងាត់​ល្អ អាច​ឲ្យ​អ្នក​សម្រាក​ និង​សម្រួល​អារម្មណ៍​មុន​ ឬ​ក្រោយ​ធ្វើដំណើរ​បាន​យ៉ាង​ងាយស្រួល។

ដោយឡែក​ទីតាំង​នៃ​ប្រលាន​វិញ គឺ​សង់​ឡើង​នៅ​កៀក​សមុទ្រ សំណង់​មួយ​នេះ​គឺ​មាន​រចនា​បទ​ស្អាត​ប្លែក ហើយ​កាន់តែ​ធ្វើ​ឲ្យ​អ្នកដំណើរ​មាន​អារម្មណ៍​ល្អ​មួយ​កម្រិត​ទៀត។

2/ ការ​តុបតែង និង​រចនា​បទ​ផ្នែក​ខាងក្នុង​

រូប​តុក្កតា​ខ្លាឃ្មុំ​ធំ​មួយ​នៅ​កណ្ដាល​ប្រលាន​គឺ​សង់​ឡើង​ដោយ​វិចិត្រករ​ជនជាតិ​ស្វីស Urs Fischer ដែល​វា​មាន​រូបរាង​ដ៏​ធំ និង​មាន​ពណ៌លឿង អង្គុយ​ចំ​ពីក្រោម​អំពូល​ភ្លើង​ខ្មៅ​ធំ​មួយ។ អាច​និយាយ​ថា វា​ជា​និមិត្តរូប​នៃ​ប្រលាន​មួយ​នេះ ដ្បិត​មុន​មាន​បញ្ហា​រាតត្បាត​ COVID-19 គ្រប់​អ្នកដំណើរ​ទាំងអស់​សុទ្ធតែ​ទៅ​ថត​ Selfie ជាមួយ​រូបសំណាក​នេះ ពេល​បាន​ទៅ​ប្រលានយន្តហោះ Doha Hamad ម្ដងៗ។

នៅ​ផ្នែក​ខាងក្នុង​ទៀត ក៏​មាន​នៅ​ផ្ទាំង​សិល្បៈ​ដូចជា SMALL LIE ដែល​សង់​ដោយ​វិចិត្រ​ករ KAWS និង​មាន​គំនូរ​ជាច្រើន​ទៀត​នៅ​ប្រលានយន្តហោះ​នេះ ដែល​ល្មម​ឲ្យ​អ្នក​ដើរ​មើល​កម្សាន្ត​ដូច​នៅ​សារមន្ទីរ​អំឡុង​ពេល​រង់ចាំ​ជើង​ហោះហើរ​ផង​ដែរ។

3/ បរិយាកាស​បែប​ស៊ីវិល័យ​

ស្របពេល​ហាង​ល្បីៗ​ដូចជា​ Gucci, Burberry, Coach, Rolex ជាដើម​បាន​ផ្អាក​ដំណើរការ​តាម​បណ្ដា​ប្រលានយន្តហោះ​មួយ​ចំនួន​ដោយសារ​វិបត្តិ​ COVID-19 តែ​នៅ Hamad Airport ក្រុមហ៊ុន​ល្បីៗ​ទាំង​នេះ​នៅ​បន្ត​ដំណើរការ​ដដែល​។

សម្រាប់​ការ​ផ្ដល់​សេវាកម្ម​វិញ គឺ​រឹតតែ​ពិសេស​ សម្រាប់​អ្នក​ដែល​មាន​ជើងហោះហើរ​យូរ ឬ​ក៏​ត្រូវ​ប្ដូរ​ជើងហោះហើរ​នៅ​ទីនោះ នឹង​ទទួល​បាន​សេវាកម្ម​ផ្សេងៗ​ដើម្បី​បន្ថយ​ភាព​នឿយហត់ ហើយ​នៅក្នុង​ប្រលាន​ទៀតសោត មាន​បំពាក់​នូវ​អាងហែលទឹក​ប្រវែង ២៥​ ម៉ែត្រ ជាមួយ​កន្លែង​ហាត់ប្រាណ​ដ៏​ធំ​សម្បើម​ថែម​ទៀត។

4/ ឋានសួគ៌​សម្រាប់​ VIP

ចំណុច​ចុងក្រោយ​រាង​ហ៊ឺហា​ជាងគេ​បន្តិច ព្រោះ​ប្រសិន​បើ​ ៣ ចំណុច​ខាងលើ​មិន​ទាន់​បំពេញ​តម្រូវ​ការ​អ្នកដំណើរ​ទូទៅ​បាន ចំណុច​ទី ៤ នេះ គឺ​សម្រាប់​អ្នក។ បើ​អ្នក​ជា​អ្នកដំណើរ​អង្គុយ​កៅអី First Class របស់​ក្រុមហ៊ុន​អាកាសចរណ៍ Qatar Airways នោះ​អ្នក​អាច​ជិះ​ជណ្ដើរយន្ត​ទៅ​កាន់​ជាន់​ VIP the Al Safwa Lounge។

សម្រាប់​បរិយាកាស​នៅ​ទីនោះ អ្នកដំណើរ​អាច​ចាំ​ជើងហោះហើរ​របស់​ពួកគេ​យ៉ាង​មាន​ផាសុកភាព ដោយ​បន្ទប់​នោះ​ដាក់​មនុស្ស​បាន​ត្រឹម ៥៣០ នាក់​ប៉ុណ្ណោះ។ ពួកគេ​ក៏​អាច​ទទួល​ទាន​អាហារ​ថ្លៃៗ ក៏​ដូចជា​ស្រា​ពិសេសៗ​បាន​ទៀតផង។

បើ​ចង់​មើលកុន មាន​រោងកុន​ឯកជន ហើយ​បើ​ចង់​សម្រាក​វិញ គឺ​មាន​ទាំង​បន្ទប់គេង​ឯកជន​ដែល​អាច​កក់​រយៈពេល ៤ ម៉ោង​ទៀត​ផង។ អ្វី​ដែល​កាន់តែ​អស្ចារ្យ​នោះ គឺ​ជាន់ VIP នេះ មាន​ទាំង​បន្ទប់​ស៉្បា​ដ៏ស្រស់ស្អាត​ ដែល​ចេញពី​រមណីយដ្ឋាន​ផ្កាយ ៧ ជាពិសេស​ថែម​ទៀត ដែល​ចំណុច​អស់​ទាំងនេះ គឺ​ពិបាក​នឹង​រក​មាន​ដូច​ណាស់​សម្រាប់​ប្រលានយន្តហោះ​ដទៃ​ទៀត​៕

ប្រភព: CNN

294 Shares
Copy link
Powered by Social Snap