• Wed. Mar 16th, 2022

របៀបជ្រើសរើសបុគ្គលិក ឱ្យបានល្អមកបម្រើការងារ ពី​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

737 Shares

បុគ្គលិកត្រូវគេចាត់ទុកថា ជាធនធានកម្រក្នុងចំណោមធនធានដទៃទៀត នៃការធ្វើអាជីវកម្ម ឬជំនួញ។ បុគ្គលិកក៏ជាអ្នកធ្វើឱ្យអាជីវកម្មធ្លាក់ទឹក និងជោគជ័យដែរ ដូច្នេះការជ្រើសរើសបុគ្គលិក គឺជារឿងសំខាន់បំផុត ហើយដើម្បីជ្រើសរើសបុគ្គលិកបានល្អ យើងគប្បីជ្រើសរើសរកបុគ្គល ឬបេក្ខជនណាដែលចេះត្រឹម៥ តែអាចធ្វើការឱ្យយើងបាន១០ និងកុំយកបេក្ខជន ឬបុគ្គលិក ដែលចេះ១០ តែធ្វើការបានតែ៥។

បុគ្គលិកមានចំណេះដឹងប្រាំធ្វើបានដប់ គឺយើងនឹងងាយគ្រប់គ្រង ងាយដឹកនាំ ព្រោះ​យើងអាច​ដុះខាត់ ផ្តល់ចំណេះបន្ថែមដល់គាត់ ឱ្យដល់ដប់បាន។ មានន័យថា មនុស្សយើងបណ្ដុះបាន បង្រៀនបាន។ យកអ្នកចេះប្រាំមកធ្វើបានដប់ គឺប្រសើរជាងអ្នកចេះដប់ធ្វើការបានតែប្រាំ និងភាពចាំបាច់មួយទៀត ត្រូវសង្កេតមើលផងដែរថា តើបុគ្គលនោះ ពិតជាមានចេតនា មានឆន្ទៈខ្ពស់ និងស្មោះត្រង់ ហ៊ានលះបង់ខ្ពស់ ក្នុងការមកបំពេញការងារនៅក្រុមហ៊ុនយើងឬទេ?

ហេតុនេះខ្ញុំផ្តល់យោបល់ថា ការជ្រើសរើសបុគ្គលិក មិនគួរផ្តោតតែលើសញ្ញាបត្រខ្លាំងពេកនោះទេ តែត្រូវមើលទៅលើឥរិយាបថ អាកប្បកិរិយា មារយាទ និងជំនាញ បទពិសោធជាសំខាន់ផងដែរ។

ចំណុចសំខាន់មួយទៀត គឺការសម្ភាសបុគ្គលិក មិនអាចសម្ភាសតាមខ្សែរយៈបក្សពួកទេ គឺ​ត្រូវ​សម្ភាស​តាមលក្ខខណ្ឌបច្ចេកទេស និងក្រឹត្យក្រមការងារ អាកប្បកិរិយា មារយាទ និង​ចំណេះ​ដឹង​ប្រកបដោយតម្លាភាពទៅតាមសមត្ថភាព។ ការសម្ភាសបែបនេះ គឺដើម្បីចម្រាញ់​រកអ្នកដែល​មាន​សមត្ថភាពពិតប្រាកដ មិនមែនសម្ភាសយកអ្នកចេះក្លែងក្លាយមកធ្វើការទេ។

ខ្ញុំនៅតែជឿថា ការជ្រើសរើសបុគ្គលិក ការជ្រើសរើសធនធានមនុស្សជារឿងសំខាន់ ដូច្នេះ យើងត្រូវរកអ្នកមានជំនាញច្បាស់លាស់ មានចំណេះដឹងពិតប្រាកដ និងមានចរិតលក្ខណៈ ទន់ភ្លន់ទៅតាមតម្រូវការទីផ្សារ។

តាមបទពិសោធរបស់ខ្ញុំ ក្រុមហ៊ុនមួយចំនួន បានចាត់ទុកបុគ្គលិកថា ជាបុគ្គលមួយក្រុម ឬមួយរូប ដែលអាចផ្លាស់ប្ដូរបាន និងងាយស្រួលរក។ ខ្ញុំយល់ស្របចំពោះចំណុចនេះ ព្រោះថា​បើយើងមាន​លុយ​បុគ្គលិកពិតជាស្រួលរកមែនហើយ ប៉ុន្តែបុគ្គលិកពូកែ និងបុគ្គលិកល្អ គឺពិបាករក។

ដូច្នេះ ដំបូងបំផុត យើងត្រូវយកបុគ្គល ណា ដែលមានជំនាញពិតប្រាកដ និងមានឥរិយាបថល្អ ទាំងការដេក ដើរ ឈរ អង្គុយ និងការនិយាយស្តីជាដើម។



ខ្លឹមសារ​ទាំង​ស្រុង ដោយ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

737 Shares
Copy link
Powered by Social Snap