• Tue. Mar 15th, 2022

កូវីដមិនទាន់ទៅណាគួរកាត់ចំណាយមិនទាំងអស់នេះចេញភ្លាមបើមិនចង់ឱ្យសុខភាពហិរញ្ញវត្ថុដុនដាបកាន់តែខ្លាំង

4 Shares

ស្របពេលដែលវិបត្តិកូវីដ១៩ នៅតែបន្តរាលដាលមិនស្រុតស្រក កត្តាសុខភាពសេដ្ឋកិច្ចគ្រួសារ រឹតតែជារឿងសំខាន់ មិនគួរមើលរំលង។ ចំណូល បានមកពីអាជីវកម្ម ឬប្រាក់ខែរបស់សមាជិកម្នាក់ៗ អាចនឹងរងផលប៉ះពាល់ គ្រាន់តែតិច ឬច្រើន។ ហេតុដូច្នេះហើយ ថ្ងៃនេះ Oknha News យើងខ្ញុំ សូមនាំអារម្មណ៍ប្រិយមិត្តអ្នកអាន មកយកចិត្តទុកដាក់ទៅលើការចំណាយមិនចាំបាច់មួយចំនួន ដែលគួរតែកាត់បន្ថយ បើមិនចង់ឱ្យសុខភាពហិរញ្ញវត្ថុធ្លាក់ចុះ ក្នុងកាលៈទេសៈដ៏លំបាកនេះ៖

១. កាត់បន្ថយការបរិភោគអាហារខាងក្រៅ

សម័យនេះ មនុស្សជាច្រើននាក់សុទ្ធតែមមាញឹកខ្លាំង រហូតដល់អ្នកខ្លះដកខ្លួនមិនរួចពីការងារ។យ៉ាងនេះក្ដី អ្នកមិនគួរទទួលទាន ឬទិញអាហារនៅក្រៅផ្ទះ ច្រើនពេកទេ ព្រោះយើងឃើញស្រាប់ហើយថា អាហារនៅខាងក្រៅជាទូទៅ មានតម្លៃថ្លៃជាងខ្លួនយើងធ្វើផ្ទាល់។ ដូច្នេះក្នុងបរិបទកូវីដនេះ ​បើអាចញ៉ាំម្ហូបអាហារនៅផ្ទះ នោះយើងអាចសន្សំលុយកាក់បានខ្លះ ហើយមិនតែប៉ុណ្ណោះ យើងអាចមានទំនុកចិត្តលើអនាម័យម្ហូបអាហារ នៅពេលយើងជាអ្នកធ្វើវាដោយផ្ទាល់ដៃថែមទៀតផង។

២. កាត់បន្ថយចំនាយលើសម្ភារមិនចាំបាច់

សម្ភារៈមិនចាំបាច់នៅទីនេះ សំដៅដល់តម្រូវការ ដែលអាចអត់ក៏បាន ពន្យារពេលទិញសិនក៏បាន។ ការចំណាយទាំងអស់នោះ រួមមានដូចជា៖ ផ្នែកសេវាកម្មកម្សាន្ត សំលៀកបំពាក់ ស្បែកជើង កាបូប ទូរស័ព្ទ ជាដើម។

៣. គេចឱ្យផុតពីគម្រោងជំពាក់បំណុលទាំងឡាយ

ក្នុងស្ថានភាពកូវីដនេះ សូមជៀសវាងឱ្យបាននូវបំណុលថ្មីៗទាំងឡាយណា ដែលលោកអ្នកមានគម្រោងថានឹងខ្ចីគេ។ ចំពោះបំណុលចាស់ស្រាប់ មិនបាច់លើកយកមកនិយាយទេ តែបំណុលថ្មី ជាពិសេសធំៗ ដូចជាផែនការទិញរថយន្តថ្មី សម្ភារៈទំនើបៗ ទិញផ្ទះ បង់រំលស់ គួរកុំប្រថុយឱ្យសោះ។

៤. កាត់បន្ថយចំណាយក្នុងផ្ទះ

ក្រៅពីកាត់បន្ថយការចំណាយខាងលើហើយនោះ ចំណាយបំប៉ិកបំប៉ុកក្នុងផ្ទះ ក៏មិនត្រូវមើលរំលងដែរ ព្រោះអាចជាមូលហេតុធ្វើឱ្យកាបូបលុយលោកអ្នកស្គមដោយមិនដឹងខ្លួន។ ចំណាយទាំងនោះ រួមមានដូចជា ថ្លៃប្រេងឥន្ធនៈ ថ្លៃភ្លើង ថ្លៃទឹក គ្រឿងទេស គួរត្រូវបានកាត់បន្ថយ និងប្រើប្រាស់ដោយភាពសន្សំសំចៃក្នុងស្ថានភាពដ៏ផុយស្រួយនេះ៕

Salesman giving key to female car buyer
4 Shares
Copy link
Powered by Social Snap