• Tue. Mar 15th, 2022

រដ្ឋមន្រ្តីពាណិជ្ជកម្មស្នើឲ្យក្រុមហ៊ុនផលិតរថយន្ត Volvo មកវិនិយោគ ខណៈទំហំពាណិជ្ជកម្មកម្ពុជា-ស៊ុយអែតនៅឆ្នាំ២០២១ មានចំនួន ២៣លានដុល្លារ

3 Shares

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ស្នើឱ្យប្រទេសស៊ុយអែត និងសហភាពអឺរ៉ុបបន្តជួយសម្របសម្រួលជំរុញធុរជន និងវិនិយោគិនស៊ុយអែតសំខាន់ៗមកវិនិយោគ ជាពិសេស ក្រុមហ៊ុនគ្រឿងសង្ហារឹម IKEA និងក្រុមហ៊ុនផលិតរថយន្ត Volvo។

នេះបើយោងតាមជំនួបលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ជាមួយលោក BJÖRN HÄGGMARK ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារ និងជម្រាបលា ខណៈដែលលោកបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោករដ្ឋមន្រ្តី បានសំណូមពរ ឱ្យរាជរដ្ឋាភិបាលស៊ុយអែត និងសហភាពអឺរ៉ុបបន្តជួយសម្របសម្រួលជំរុញធុរជន និងវិនិយោគិនស៊ុយអែតសំខាន់ៗ ដូចជា៖ ក្រុមហ៊ុនគ្រឿងសង្ហារឹម IKEA និងក្រុមហ៊ុនផលិតរថយន្ត Volvo មកស្វែងរកឱកាសធុរកិច្ច ខណៈដែលការកែច្នៃគ្រឿងសង្ហារឹម និងការផលិតគ្រឿងបង្គំនិងបន្លាស់យានយន្តកំពុងមានកំណើនខ្លាំងនៅកម្ពុជា និងការវិនិយោគលើវិស័យដទៃរួមមាន៖ ការកែច្នៃចំណីអាហារ និងផ្លែឈើតំបន់ត្រូពិច។

ទន្ទឹមនឹងនោះ លោក BJÖRN HÄGGMARK បានកត់សម្គាល់ពីកំណើនសេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក និងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ដោយប្រកាន់ខ្ជាប់នូវប្រព័ន្ធពហុភាគីនិយម ព្រមទាំងវឌ្ឍនភាពនៃការបង្កើតបទបញ្ញត្តិ ដែលបម្រើដល់វិស័យឯកជន និងវិនិយោគិនបរទេសនៅកម្ពុជា។

លោកបានបង្ហាញនូវសារៈសំខាន់នៃការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន តម្លាភាព និងការគិតគូអំពីបញ្ហាបរិស្ថាន តាមរយៈការប្រើបា្រស់ថាមពលដែលអាចកកើតឡើងវិញ។ លោកជឿជាក់ថា ស្ថានទូតស៊ុយអែតប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងលើកកម្ពស់កិច្ចសន្ទនា និងទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ស៊ុយអែត។

គួរបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មកម្ពុជា-ស៊ុយអែត នៅឆ្នាំ២០២០ មានចំនួន ៦៤ លានដុល្លារអាមេរិក ខណៈដែលរយៈពេល៥ខែ នៅឆ្នាំ២០២១ មានចំនួន ២៣ លានដុល្លារអាមេរិក៕

3 Shares
Copy link
Powered by Social Snap