• Sat. Mar 19th, 2022

លោក ឧកញ៉ា ហ៊ុយ សុងឃីម បញ្ជូនកូនប្រុសច្បងទៅបន្តការសិក្សានៅមហាវិទ្យាល័យល្បីឈ្មោះមួយនៅអាមេរិក

120 Shares

ទោះស្ថានភាពកូវីដនៅជុំវិញពិភពលោក មិនទាន់ធូរស្បើយ លោក ឧកញ៉ា ហ៊ុយ សុងឃីម និងភរិយា បានសម្រេចចិត្តបញ្ជូនកូនប្រុសច្បងក្នុងគ្រួសារ ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល ៤ឆ្នាំ នៅសាកលវិទ្យាល័យក៏ល្បីឈ្មោះមួយឈ្មោះ CALIFORNIA STATE UNIVERSITY សហរដ្ឋអាមេរិក។

យុវជន ហ៊ុយ ឆៃរតនៈ មានវ័យ ១៩ឆ្នាំ ជាកូនប្រុសច្បង ក្នុងចំណោមបងប្អូន ៣នាក់ ទើបបញ្ចប់ការសិក្សាថ្នាក់ទី១២ ពីសាលាអន្តរជាតិភ្នំពេញ (ISPP) នៅកម្ពុជា។ កាលពីពេលថ្មីៗនេះ យុវជន កើតក្នុងឆ្នាំ ២០០២ រូបនេះ ទើបតែទទួលដំណឹងល្អ បានទិដ្ឋការពីស្ថាន ទៅបន្តការសិក្សាលើមុខជំនាញទីផ្សារ (Marketing) នៅស្រុករបស់ប្រធានាធិបតីអាមេរិក លោកចន បៃដិន ក្នុងរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។

ក្នុងនាមជាអាណាព្យាបាល លោក ឧកញ៉ា ហ៊ុយ សុងឃីម និងជំទាវ ម៉េង សុខណាង បានបញ្ជាក់ថា ពួកគាត់ និងគ្រួសារ ពិតជាត្រេកអរ និងរំភើបខ្លាំងណាស់ ត្បិតកូនប្រុសតែមួយក្នុងចំណោម កូនទាំង ៣នាក់ របស់ពួកគាត់ បានទទួលវីសាទៅបន្តការសិក្សាលើមុខជំនាញដែលគាត់ (រតនៈ) ស្រលាញ់ចូលចិត្ត និងជាក្ដីស្រមៃរបស់គាត់តាំងពីដើមមក។

លោកឧកញ៉ា បន្តថា ក្នុងនាមជាឳពុកម្ដាយ ពួកគាត់តែងតែនៅពីក្រោយ និងជំរុញលើកទឹកចិត្ត ដល់ការសិក្សារបស់កូនៗជានិច្ច។ ហើយការចេញដំណើរទៅបន្តការសិក្សារបស់កូនលោកពេលនេះ លោកសង្ឃឹមថា នឹងបានផ្លែផ្កា ដូចការំពឹងទុក ក្រោយបញ្ចប់ការសិក្សារយៈពេល ៤ឆ្នាំ ក្នុងឆ្នាំ ២០២៥ ខាងមុខ។

ដោយឡែក យុវជន ឆៃរតនៈ បានបង្ហាញឆន្ទៈ និងការប្ដេជ្ញាចិត្តខ្ពស់ថា នេះជាការចាប់ផ្ដើមជំហានថ្មី និងជារបត់ជីវិតដ៏ថ្មីសន្លាងសម្រាប់ខ្លួន ក្នុងការរៀនរស់នៅដោយឯករាជ ឆ្ងាយពីក្រុមគ្រួសារ និងត្រូវប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីឈានទៅបញ្ចប់ថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យដ៏ល្បីឈ្មោះ CALIFORNIA STATE UNIVERSITY

ប្អូនប្រុស ឆៃរតនៈ បន្ថែមថា ជំនាញទីផ្សារនេះ ជាអ្វីដែលខ្លួនស្រលាញ់ចូលចិត្តតាំងពីដើម ហើយខ្លួនមានការតាំងចិត្តខ្ពស់ និងសង្ឃឹមយ៉ាងមុតមាំថា នឹងមិនធ្វើឱ្យប៉ាម៉ាក់ រួមទាំងក្រុមគ្រួសារខកបំណងឡើយ។ ក្រោយបញ្ចប់ការសិក្សា ខ្លួននឹងនាំយកចំណេះជំនាញដែលទទួលបាន មកជួយអភិវឌ្ឍន៍វិស័យពាក់ព័ន្ធក្នុងប្រទេសកម្ពុជាវិញជាក់ជាមិនខាន។

CALIFORNIA STATE UNIVERSITY គឺជាសាកលវិទ្យាល័យសាធារណៈដ៏ល្បីល្បាញ និងធំជាងគេមួយ ស្ថិតនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ សាលានេះបើកដំណើរការតាំងពីឆ្នាំ ១៩៤៩ មកម្ល៉េះ។ ជារៀងរាល់ឆ្នាំ CALIFORNIA STATE UNIVERSITY (CSU) មាននិស្សិតមកពីជុំវិញពិភពលោកដាក់ពាក្យចូលរៀន។ កាលពីឆ្នាំ២០២០ កន្លងទៅ CSU មាននិស្សិតថ្នាក់បរិញ្ញាបត្រចុះឈ្មោះចូលរៀនប្រមាណ ជាង ៥ម៉ឺននាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជិត ២ម៉ឺននាក់។

ដោយសារតែជាសាលាល្បីឈ្មោះលំដាប់អន្តរជាតិ និងមានប្រព័ន្ធសិក្សាអប់រំយ៉ាងតឹងរ៉ឹង ជារៀងរាល់ឆ្នាំ គិតជាមធ្យម មាននិស្សិតត្រឹមតែ ៦៧.៥ភាគរយ ប៉ុណ្ណោះដែល មានសមត្ថភាពអាចប្រឡងបញ្ចប់ការសិក្សាជាប់ពីសាលាល្បីឈ្មោះមួយនេះ៕

120 Shares
Copy link
Powered by Social Snap