• Fri. Mar 18th, 2022

Mike Tyson អតីតស្ដេច​ប្រដាល់​ធ្លាប់​មាន​លុយ​រយ​លាន ធ្លាក់​ខ្លួន​ក្រជំពាក់​គេ

884 Shares

​បច្ចុប្បន្ន បើ​និយាយ​ដល់​វិស័យ​ប្រដាល់​ប្រហែលជា​នឹកឃើញ Floyed Maywether ដែល​ជា​អ្នកប្រដាល់​មាន​បំផុត តែ​បើ​កាលពី​ជាង ១០ ឆ្នាំ​មុន​វិញ Mike Tyson គឺ​អាច​ហៅ​បាន​ជា​ស្ដេច​ប្រដាល់ ដ្បិត​ទេពកោសល្យ​ និង​ភាព​ជោគជ័យ​របស់​លោក​កម្រ​មាន​អ្នកធ្វើ​បាន​ណាស់។

ចំណូល​សរុប​ពី​អាជីព​ជា​អ្នកប្រដាល់ Mike Tyson រក​បាន​មិន​តិច​ជាង​ ១ ពាន់​ដុល្លារ​ឡើយ តែ​ដោយសារ​ការ​ចាយវាយ​ខ្ជះខ្ជាយ​ពេក ទើប​ទំហំ​ទ្រព្យសម្បត្តិ​នៅសល់​​ត្រឹមជាង ៤០០ លាន​ដុល្លារ​ប៉ុណ្ណោះ។

ខ្សែ​ជីវិត​របស់​ស្ដេច​ប្រដាល់​ Mike Tyson បាន​ដាំ​ក្បាល​ចុះ​បន្ទាប់ពី​បរាជ័យ​ក្នុង​ការ​ការពារ​ជើងឯក ក្រោម​ថ្វីដៃ​អ្នកប្រដាល់ Buster Douglas កាលពី​ឆ្នាំ​១៩៩០។ មួយឆ្នាំ​ក្រោយ​បាត់បង់​ខ្សែក្រវាត់​លំដាប់​ពិភពលោក Mike ត្រូវ​ទទួលរង​ការចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​ពី​បវរកញ្ញា​អាមេរិក Desiree Washington ហើយ​បើ​ទោះជា​ប្រកែក​ដាច់​អហង្ការ​បែប​ណា​ក្ដី​ក៏ Mike ត្រូវ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​រយៈពេល ៦ ឆ្នាំ​ដែរ។

នៅ​ឆ្នាំ ១៩៩៥ ក្រោយ​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​អតីត​អ្នកប្រដាល់​រូប​នេះ សល់​លុយ​ក្នុង​កុង ៣០០ លាន​ដុល្លារ ដែល​អាច​ឲ្យ​មនុស្ស​ធម្មតា​រស់នៅ​បាន​ដោយ​ស្រួល តែ​សម្រាប់ Mike Tyson គឺ​គ្រាន់​ជា​កំទេច​លុយ​ប៉ុណ្ណោះ ពោល ៣៣ ខែ​ដំបូង​ជាមួយ​ជីវិត​ក្រៅ​ពន្ធនាគារ Mike ជះ​លុយ​អស់​មិន​តិច​លាន​ដូចជា​៖

  • ៤,៥ លាន​ដុល្លារ​សម្រាប់​យានយន្ត​ ដែល​ ១៩ គ្រឿង​ទិញ​ជូន​មិត្តភក្ដិ
  • ១០ ម៉ឺន​ដុល្លារ​ជា​រៀងរាល់​ខែ​សម្រាប់​គ្រឿងអលង្ការ និង​សម្លៀកបំពាក់
  • ៤០ ម៉ឺន​ដុល្លារ​សម្រាប់​សត្វ​ចិញ្ចឹម​ដូចជា​ ព្រាប​ និង​ខ្លា
  • ១២,៥ ម៉ឺន​ដុល្លារ​ប្រចាំ​ឆ្នាំ​សម្រាប់​ការ​ថែទាំ​សត្វ​ចិញ្ចឹម
  • ២៤ ម៉ឺន​ដុល្លារ​ជា​រៀងរាល់​ខែ​សម្រាប់​ការ​ដើរលេង​ហ៊ឺហា​ សំញែង​ទ្រព្យ
  • ៣០​ ម៉ឺន​ដុល្លារ​ក្នុង​ការ​ថែទាំ​សួនច្បារ
  • ២៣ ម៉ឺន​ដុល្លារ​ ​សម្រាប់​​ការ​ទិញ​ទូរស័ព្ទ និង​​ថ្លៃ​កាត

នៅ​អំឡុង​ពេលនោះ Mike Tyson ក៏​មាន​ផ្ទះ​ជាច្រើន​កន្លែង​ផង​ដែរ ដូចជា​ភូមិគ្រឹះ​នៅ Connecticut ដែល​មាន​បន្ទប់​គេង ២១ បន្ទប់ទឹក ២៤ កាស៊ីណូ និង​ក្លឹប​កម្សាន្ត​ក្នុង​នោះ​ស្រាប់​ទៀត។ រីឯ​យានយន្ត​វិញ ឡាន​សរុប​ដែល Mike បាន​ទិញ​គឺ ១១១ ​គ្រឿង ដែល​មាន​ស្ទើរ​គ្រប់​ម៉ូដែល មិនថា Ferrari, Lamborghini, Range Rover, Mercedes-Benz, Bentley និង Roll Royce ជា​ដើម។

រហូតដល់​ពេលខ្លះ Mike ភ្លេច​ទាំង​ឲ្យ​ឡាន​មិត្តភក្ដិ​ខ្ចី និង​មិន​ចាំ​កន្លែង​ដាក់​ឡាន​ថែមទៀត ដោយសារ​មាន​ឡាន​ច្រើនពេក។

ដោយសារ​ការ​ចាយវាយ​របៀប​នេះ​ហើយ នៅ​ឆ្នាំ ២០០៧ Mike Tyson បាន​ប្រកាស​ក្ស័យធន​ទ្រព្យ​សម្បត្តិ​ និង​ជំពាក់​លុយ​រដ្ឋាភិបាល​រហូត​ដល់ ៦០ លាន​ដុល្លារ។ តែ​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ប្រពន្ធ ដោយ​បង្កើត​កម្មវិធី Broadway ទើប​បុរស​ធ្លាប់​មាន​រហស្សនាម​កណ្ដាប់​ដៃ​ដែក អាច​ដោះ​បំណុល​ និង​សាង​ទ្រព្យ​មកវិញ​បាន​ខ្លះ​ ខណៈ​បច្ចុប្បន្ន​លោក​មាន​ទ្រព្យ​ប្រមាណ ១០ លាន​ដុល្លារ៕

ប្រភព: moneymakers

884 Shares
Copy link
Powered by Social Snap