• Tue. Mar 15th, 2022

ឧកញ៉ាម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្រុងព្រះសីហនុ ពីរឿងឆបោកប្រាក់ចំនួន១០ម៉ឺនដុល្លារ

499 Shares

សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនលោកឧកញ៉ា ប្រាក់ ប្រាកដ ដែលគេស្គាល់ថា ជាអ្នកមានមុខមាត់ម្នាក់នៅក្រុងព្រះសីហនុ តាមដីកាបញ្ជូនទៅតុលាការ ដើម្បីសួរនាំពីដំណើរឿងឆបោកប្រាក់ចំនួន១០ម៉ឺនដុល្លារ។

ការឃាត់ខ្លួនឧកញ៉ា ប្រាក់ ប្រាកដ ត្រូវបានធ្វើឡើងនៅក្នុងហាងកាហ្វេមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង៩ ព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ។

ពាក្យបណ្តឹងរបស់អ្នកស្រី ចាន់ ធូ មានទីលំនៅភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្តឹងចូលទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២១ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ឈ្មោះប្រាក់ ប្រាកដ បាននិយាយ ធានារត់ការផ្ទេរឈ្មោះតួនាទីប្តីរបស់នាង ឈ្មោះ អេង អូន ចេញពីក្របខណ្ឌកងទ័ព ទៅជាក្របខណ្ឌនគរបាលជាតិ និងឡើងធ្វើជាស្នងការរងនគរបាលខេត្តព្រះសីហនុ ដោយទារប្រាក់រត់ការចំនួន៣០ម៉ឺនដុល្លារ។

ក្រោយនិយាយត្រូវគ្នា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២១ អ្នកស្រី ចាន់ ធូ និងស្វាមី បានប្រគល់លុយចំនួន១០ម៉ឺនដុល្លារ អោយទៅឈ្មោះ ប្រាក់ ប្រាកដ ហើយរងចាំលទ្ធផលផ្ទេរឈ្មោះ និងតួនាទីដោយមានតួនាទីជាស្នងការរងជាផ្លូវការ ទើបប្រគល់ប្រាក់ថែម២០ម៉ឺនដុល្លារទៀត។

ពាក្យបណ្តឹងខាងលើបន្ថែមថា ក្រោយទទួលបានលុយដោយសន្យាធានារត់ការផ្ទេរឈ្មោះ និងក្របខណ្ឌរួចមក ឈ្មោះ ប្រាក់ ប្រាកដ ពុំបានធ្វើតាមការសន្យាឡើយ ហើយបានប្រើឡេះមិនចេះចប់មិនចេះហើយ ពេលទូរស័ព្ទសួរនាំ និងទាមទារយកលុយមកវិញ បើខ្លួនរត់ការមិនបាន គឺឈ្មោះនេះមិនលើកទូរស័ព្ទ មិនតបតាមតេឡេក្រាម ហើយគេចចេញមិនចូលផ្ទះរហូតដល់បច្ចុប្បន្ន ទើបជនរងគ្រោះសំរេចដាក់ពាក្យបណ្ដឹងទៅតុលាការ។

នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ព្រះរាជអាជ្ញារង ស៊ិត វណ្ណៈ បានចេញដីកាកោះហៅឈ្មោះ ប្រាក់ ប្រាកដ អោយចូលខ្លួនមកឆ្លើយបំភ្លឺ នៅថ្ងៃទី១៧ ខែមិថុនា តែឈ្មោះនេះមិនព្រមចូលខ្លួន ទើបបង្គាប់អោយនាំខ្លួនតែម្ដង៕

499 Shares
Copy link
Powered by Social Snap