• Wed. Mar 16th, 2022

អ្នកជំនាញអចលនទ្រព្យ ២រូប បង្ហើបក្បួនវិនិយោគខុនដូដោយចំណាយទុនតិច តែឱកាសចំណេញច្រើន

941 Shares

ការវិនិយោគមិនមែន គ្រាន់តែមានលុយហើយបោះទុនវិនិយោគចំណេញនោះទេ ទាមទារឱ្យមានការសិក្សាស្វែងច្រើនអំពីមូលដ្ឋានគ្រឹះនៃការវិនិយោគ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ខាងក្រោមនេះ គឺជាការលើកឡើងរបស់អ្នកជំនាញ ដែលមានបទពិសោធន៍លើវិស័យអចលនទ្រព្យផ្នែកខុនដូ អំពីការវិនិយោគខុនដូលើកដំបូង ដោយចំណាយទុនវិនិយោគតិច តែអាចលក់ចេញ ឬជួលចំណេញបានច្រើនត្រឡប់មកវិញ។

មានប្រសាសន៍ប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុក លោក ង៉ែត តារា ប្រធានក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ IPIN បានពន្យល់ថា៖ ដើម្បីវិនិយោគ ឬទិញខុនដូលើកដំបូងដោយប្រើប្រាស់ដើមទុនតិចបាន លោកអ្នកអាចគិតដល់ ២ជម្រើស៖

ជម្រើសទី១ អាចយកវិធីបង់រំលស់ជាមួយធនាគារមានការប្រាក់ទាប ដែលគម្រោងអភិវឌ្ឍន៍ខុនដូខ្លះ តម្រូវឱ្យយើងបង់ប្រាក់កក់តិច រំលស់ច្រើន ឬខ្លះទៀតបង់រំលស់១០០%តែម្តង ធ្វើឱ្យយើងប្រើប្រាស់លុយតិចជាងធម្មតា។ ប្រសិនបើយើងសម្រេចចិត្តបង់រំសល់១០០% គឺយើងប្រើដើមទុនតែ១០០០ ឬ២០០០ដុល្លារ រួចបង់រំលស់យកតែម្តង។

ជម្រើសទី២ យើងអាច​សហការជាមួយមិត្តភ័ក្ត ឬមនុស្សជាទីស្រលាញ់ ចូលហ៊ុនគ្នា ដើម្បីធ្វើការបង់រំលស់ វាក៏ជាជម្រើសល្អ សម្រាប់អ្នកវិនិយោគលើដំបូង។ ធ្វើដូច្នេះ យើងនឹងមិនសូវប្រើប្រាស់ដើមទុនច្រើន ដូចការវិនិយោគតែម្នាក់ឯងឡើយ។

អ្នកជំនាញអចលនទ្រព្យជាន់ខ្ពស់ ប្រចាំក្រុមហ៊ុន IPIN ដដែលរូបនេះ បញ្ជាក់បន្ថែមថា៖ មុនសម្រេចចិត្តវិនិយោគលើគម្រោងខុនដូណាមួយនោះត្រូវតែពិនិត្យ និងស្រាវជ្រាវឱ្យបានច្បាស់ ជាពិសេសជ្រើសរើសទីតាំងមានសក្តានុពលខ្លាំង ប្រវត្តិអ្នកអភិវឌ្ឍន៍មានកេរ្តិ៍ឈ្មោះល្អ គុណភាពសំណង់ និងគម្រោងអភិវឌ្ឍន៍ស្របច្បាប់ដែរ ឬទេ?

សម្រាប់តម្លៃខុនដូ គម្រោងនីមួយៗប្រែប្រួលតាមការសាងសង់ ទិញមុនពេលសង់ ក្រោយបុកគ្រឹះ និងសង់ឡើងជាន់ទី១ ទី២ទៅ តម្លៃក៏ខុសៗគ្នាទៅតាមនោះដែរ។ដូច្នេះបើយើងជឿជាក់គម្រោងអភិវឌ្ឍន៍ច្បាស់ហើយគួរទិញមុនបុកគ្រឹះ ដែលគេទើបប្រកាសលក់លើកដំបូង តម្លៃធូរថ្លៃជាងកំពុងសាងសង់ ឬសង់ចប់។

ចំណែកលោក ខន គង្គារ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យលំដាប់ពិភពលោក ERA ធ្លាប់មានប្រសាសន៍ថា ដើម្បីវិនិយោគខុនដូរទទួលផលចំណេញ ដំបូងត្រូវគិតលើទីតាំង ព្រោះជាទូទៅខុនដូរដែល្អ ត្រូវតែអភិវឌ្ឍន៍នៅទីតាំងល្អដែរ។

ទីតាំងពិតជាមានសារៈសំខាន់ ដែលយើងត្រូវគិត និងវិភាគឱ្យបានល្អ បើមិនចឹងទេ អាចមានបញ្ហាក្រោយពេលទិញ ហើយរឿងតម្លៃចាំគិតតាមក្រោយ។ លោក ខន គង្គារ បន្ថែម៕

941 Shares
Copy link
Powered by Social Snap